ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី៦ ឧសភា នៅទីលានតារាងបាល់ទាត់សាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវមានរៀបចំបិទការប្រកួតកីឡាមហាជនប្រចាំឆ្នាំ២០១១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតំណាងលោកស្រី បេន អភិបាលខេត្តដែលមានភារកិច្ចនាំអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគទៅជូនកងទ័ពឈរជើងការពារទឹកដីពីសៀមឈ្លានពាន។
លោកនុត ខុន ប្រធានមន្ទីរអប់រំ យុវជន និងកិឡាខេត្តឱ្យដឹងថា ការប្រកួតកីឡាមហាជនប្រចាំឆ្នាំ២០១១ បានដំណើរការតាំងពីថ្ងៃទី៣ ឧសភា ២០១១ ហើយបិទនៅថ្ងៃទី៦ ឧសភា ដោយមានក្លឹបមកពីសាកលវិទ្យាល័យ មន្ទីរជុំវិញខេត្ត ស្រុក ក្រុងនានាសរុប១៩ក្រុម មានកីឡាករ កីឡាការិនីចូលប្រកួតសរុប៥៣០នាក់ ស្រី១២៩នាក់ ក្នុងនោះក្លឹបបាល់ទាត់បុរស១០ក្រុម នារី២ក្រុម បាល់ទះបុរស៦ក្រុម នារី៤ក្រុម បាល់បោះបុរស៦ក្រុម នារី២ក្រុម ព្រមទាំងមានវិញ្ញាសាអត្តពលកម្មផងដែរ។
លោកនុត ខុន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្តទៀតថា ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៤ថ្ងៃមកនេះ ឃើញថា ក្រុមកីឡាករ កីឡាការិនីទាំងអស់សុទ្ធតែយកអស់កំលាំងកាយចិត្តខិតខំប្រកួតយកជ័យជំនះជូនក្រុមរបស់ខ្លួន។ ផ្នែកបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីក្លឹបសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ និងបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីក្លឹបការិយាល័យអប់រំ យុវជន និងកីឡាក្រុងដូនកែវ ។
ចំពោះវិញ្ញាសាបាល់ទះបុរស ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាករមកពីក្លឹបមន្ទីរកសិកម្មខេត្ត។ បាល់ទះនារី ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាការិនីមកពីក្លឹបការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោង។ បាល់បោះបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពី ក្លឹបមន្ទីរពាណិជ្ជកម្មខេត្ត។ បាល់បោះនារី ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាការិនីមកពីក្លឹបមន្ទីរផែនការខេត្ត និងលេខ២ បានទៅក្រុមកីឡាការិនីមកពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្រាំកក់។
ក្រៅពីនេះមានវិញ្ញាសាអត្តពលកម្មរត់ល្បឿន១០០ម៉ែត្រ រត់ចម្ងាយ១០ម៉ែត្រ ដើរចម្ងាយ១០ម៉ែត្រ និង៥ម៉ែត្រ លោតកំពស់ លោតចម្ងាយ និងចោលដុំដែក។
លោកឧត្តមសនីយ៍ត្រីឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្តាំផ្ញើដល់គ្រូបង្វឹកទាំងអស់ត្រូវតែហ្វឹកហាត់ដល់ក្រុមកីឡាកររបស់ខ្លួនបន្តទៀតដើម្បីទៅចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលខាងមុខ ហើយត្រូវនាំជ័យជម្នះជូនខេត្តឱ្យបាន ៕
ចែករំលែកព័តមាននេះ