រាជធានីភ្នំពេញ ៖ ទិវាអូឡាំពិក និងការរត់ពាក់កណ្តាលម៉ារ៉ាតុននៅរាជធានីភ្នំពេញ ត្រូវបានរៀបចំធ្វើរួមគ្នា នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ខាងមុខនេះហើយ ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ទី៧ ខែឧសភា ដើម្បីជាការបង្ហាញឱ្យឃើញថា នឹងមានព្រឹត្តិការណ៍ដ៏ធំមួយដែលមិនធ្លាប់មាននោះគឺជាទិវារត់ប្រណាំងរបស់អូឡាំពិក ហើយក៏មានការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន ចម្ងាយ២១គីឡូម៉ែត្រ នៅរាជធានីភ្នំពេញផងដែរ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃទី១៨ មិថុនា ខាងមុខ នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រារព្ធទិវារត់ប្រណាំងអបអរខួបកំណើតរបស់អូឡាំពិក ហើយក៏មានការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន នៅក្នុងរាជធានីផងដែរ ។ លោកបានបញ្ជាក់ថា កម្មវិធីរត់ប្រណាំងនេះមានចែកចេញជា៣ប្រភេទគឺមានរត់ចម្ងាយ៥គីឡូម៉ែត្រ និង៨គីឡូម៉ែត្រសម្រាប់កីឡាករ-កីឡាការិនីមិនមែនអាជីព ។ ដោយឡែក សម្រាប់ការរត់ចម្ងាយ២១គីឡូម៉ែត្រគឺសម្រាប់កីឡាករអាជីព ដែលការចេញដំណើរពីមុខសួនច្បារសម្តេចតេជោហ៊ុន សែន មុខណាហ្គាវើល ។
សម្រាប់ការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុន ចម្ងាយ២១គីឡូម៉ែត្រ អ្នកឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់១ពាន់ដុល្លារ សហរដ្ឋអាមេរិក លេខ២ ទទួលបាន៧០០ដុល្លារ និងលេខ៣ ទទួលបាន៥០០ដុល្លារ ។ លោកបានបញ្ជាក់ថា ទិវាអូឡាំពិក និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននេះត្រូវបានបើកយ៉ាងទូលាយឱ្យមហាជនទាំងប្រជាពលរដ្ឋខ្មែរ និងបរទេសអាចមកចុះឈ្មោះចូលរួមប្រកួតដោយសេរី ។ ចំណែកឯការចុះឈ្មោះចូលរួមប្រកួតគឺចាប់ផ្តើមទទួលពីពេលនេះតទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធកីឡាអត្តពលកម្មខ្មែរស្ម័គ្រចិត្តនៅក្នុងស្តាតអូឡាំពិក ។
លោកវ៉ាត់ ចំរើន បានបន្ថែមទៀតថា លោកមានគម្រោងប្រមូលអ្នកចូលរួមឱ្យបានយ៉ាងតិច២.០០០នាក់ ហើយសម្រាប់អ្នកដែលបានមកចុះឈ្មោះ៥០០នាក់ ដំបូងនឹងទទួលបានរង្វាន់លើកទឹកចិត្តទៀតផង ៕
ចែករំលែកព័តមាននេះ