ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកការប្រកួតបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ ដណ្តើមពានរង្វាន់ខេត្តបន្ទាយមានជ័យ ។ ពិធីប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកអ៊ុង អឿន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ លោកអភិបាល អភិបាលរងស្រុក-ក្រុងជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយពីបានធ្វើការបណ្តុះបណ្តាលគ្រូបង្ហាត់ និងអាជ្ញាកណ្តាលកីឡាបាល់ទាត់ថ្នាក់មូលដ្ឋានកាលពីពេលថ្មីៗកន្លងមកនេះ ក្រោមកិច្ចសហការរៀបចំជាមួយសហព័ន្ធកីឡាករបាល់ទាត់កម្ពុជាដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងមានការចូលរួមគាំទ្រពីអាជ្ញាធរខេត្តព្រមទាំងបណ្តាអង្គភាពពាក់ព័ន្ធ កងរាជអាវុធហត្ថខេត្តបានបើកពិធីប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ ដណ្តើមពានរង្វាន់របស់ខេត្តបន្ទាយមានជ័យ ដែលមាន៨ក្រុមក្នុងនោះមានក្រុមក្រុងសិរីសោភ័ណ, ក្រុមក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ, ស្រុកមង្គលបុរី, ក្រុងព្រះនេត្រព្រះ, ស្រុកភ្នំស្រុក ក្រុមថ្មពួក និងសង្កាត់ព្រះពន្លា ។
លោកមេបញ្ជាការបានបន្តថា ការប្រកួតនេះចែកជាពីរពូលក្នុងមួយពូលមាន៤ក្រុម ធ្វើការប្រកួតជម្រុះវិលជុំចំនួន៤ថ្ងៃ ទើបប្រកួតផ្តាច់ព្រ័ត្រ ចំពោះចំណាត់ថ្នាក់លេខ១ នឹងត្រូវទទួលបានពានរង្វាន់របស់ខេត្ត ហើយឆ្លងកាត់ការប្រកួតនេះនឹងជ្រើសរើសក្រុមកីឡាករដែលមានសមត្ថភាពពិតប្រាកដ យកមកធ្វើការបំប៉នបន្ថែម ទាំងបច្ចេកទេស និងកាយសម្បទា ដើម្បីត្រៀមទៅប្រកួតដណ្តើមពានរង្វាន់ថ្នាក់ជាតិនៅលើទីលានប្រកួតកីឡាបាល់ទាត់ទូទាំងប្រទេស។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវមោទនភាពយា៉ងក្រៃលែង និងថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានអនុញ្ញាត និងបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅខេត្តបន្ទាយមានជ័យ ហើយនិងកោតសរសើរដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ នេះឡើង ធ្វើឱ្យវិស័យកីឡានៅខេត្តបន្ទាយមានជ័យ កាន់តែរីកចម្រើន។
លោកអភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា តាមរយៈយន្តការនៃការប្រកួតនេះ កីឡាករយើងពិតជាមានឱកាសបញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួននៅលើទីលានប្រកួត ។ជាមួយគ្នានេះ លោកក៏បានណែនាំដល់ក្មួយៗក្រុមកីឡាករទាំងអស់ត្រូវខិតខំប្រកួតឱ្យអស់ពីកម្លាំងកាយចិត្ត និងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ ម្យា៉ងទៀតកីឡានាំមកនូវសុខភាព កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរផងដែរ៕
ចែករំលែកព័តមាននេះ