ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ថា ច្បាប់បោះឆ្នោត​ធ្វើ​ឡើង​ពង្រឹង​គ្រប់​បក្សនយោបាយ កុំ​រារាំង​ពលរដ្ឋ បោះ​ឆ្នោត

10 ខែ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា សេចក្តីព្រាងច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ធ្វើ​ឡើង​សំដៅ​ពង្រឹង​គណបក្ស​នយោបាយ ឱ្យ​មានការ​ទទួលខុសត្រូវ​ទៅ​លើ​សេរីភាព​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា សេចក្តីព្រាងច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ធ្វើ​ឡើង​សំដៅ​ពង្រឹង​គណបក្ស​នយោបាយ ឱ្យ​មានការ​ទទួលខុសត្រូវ​ទៅ​លើ​សេរីភាព​ប្រជាពលរដ្ឋ ហើយ​កុំ​រារាំង​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។ សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត បាន​ផ្តោត​សំខាន់​លើ​ការ​កំណត់​លក្ខខណ្ឌ​របស់​បុគ្គល ដែល​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣​។

សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​នេះ​ដែរ នឹង​ផាកពិន័យ​ចំពោះ​បុគ្គល​ណា​ដែល​រារាំង​ដល់​ដំណើរការ​បោះ​ឆ្នោត រាប់​តាំងពី​ការ​ចុះ​ឈ្មោះ​ឆ្នោត ដោយ​ក្នុង​នឹង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​មិន​ទាន់​គិត​ទោស​ផ្សេង​ៗ​ទៀត និង​ចំពោះ​គណបក្ស​នយោបាយ​វិញ ហើយ​ក៏​នឹង​ត្រូវ​ផាកពិន័យ​ផង​ដែរ​ពី​១០​លាន​រៀល​ទៅ​៣០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​មិន​ទាន់​គិត​ពី​ទោស​ផ្សេង​ទៀត​។

នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (MANHATTAN) ស្ថិត​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា សម្ដេច​ធ្វើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត សំដៅ​ពង្រឹង​ទៅ​លើ​ការ​ទទួលខុសត្រូវ​របស់​អ្នកនយោបាយ ដែល​ត្រូវ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​។

សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា «​យើង​ត្រូវធ្វើ (​ធ្វើ​ច្បាប់បោះឆ្នោត​) មិន​សំដៅ​ទៅ​លើ​ពួក​គេ​តែ​ម៉ា​ចំណុច​ទេ (​ក្រុមប្រឆាំង​) សំដៅ​ពង្រឹង​ទាំងអស់​គ្នា​គ្រប់​បក្សនយោបាយ ឱ្យ​មានការ​ទទួលខុសត្រូវ​ទៅ​លើ​សេរីភាព​ពលរដ្ឋ កុំ​រារាំង​គេ​ទៅ​លើ​បញ្ហា​បោះ​ឆ្នោត​»​។ សម្ដេច​នាយក​រដ្ឋមន្ដ្រី បន្ថែម​ថា បើ​អ្នក​ឯង​មិន​ទៅ​បោះ​ឆ្នោត មាន​ន័យ​ថា បោះបង់​ចោល​នូវ​សិទ្ធិ និង​មិន​អាច​គ្រប់​លក្ខខណ្ឌ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ​។

សូម​រំលឹក​ថា សេចក្តីព្រាងច្បាប់ ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋ​សភា​អនុម័ត​ទាំងស្រុង ដោយ​សម្លេង​ចំនួន​១១១​សម្លេង​ក្រោម​អធិបតីភាព សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ