ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូសាន សុជា ៖ អ្នកដែលជ្រះថ្លានឹងព្រះធម៌ដែលខ្ញុំបង្រៀន ពិតប្រាកដពួកគាត់ច្បាស់ជាយល់ថាខ្ញុំជាមនុស្សបែបណាមិនខាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកគ្រូ សាន សុ​ជា ដែល​កាលពីមុន គឺជា​ព្រះសង្ឃ​មួយ​អង្គ​របស់​កម្ពុជា​បាន​ល្បីល្បាញ​ក្នុង​ការ​អប់រំ​ផ្នែក​ព្រះធម៌​តាម​ផ្លូវលោក និង​វិទ្យាសាស្ត្រ​បាន​គូសបញ្ជាក់ «​អ្នក​ដែល​ជ្រះថ្លា​នឹង​ព្រះធម៌​ដែល​ខ្ញុំ​បង្រៀន ឬ​សម្តែង​ពន្យល់​ពិតប្រាកដ…

រាជធានី​ភ្នំពេញ ៖ លោកគ្រូ សាន សុ​ជា ដែល​កាលពីមុន គឺជា​ព្រះសង្ឃ​មួយ​អង្គ​របស់​កម្ពុជា​បាន​ល្បីល្បាញ​ក្នុង​ការ​អប់រំ​ផ្នែក​ព្រះធម៌​តាម​ផ្លូវលោក និង​វិទ្យាសាស្ត្រ​បាន​គូសបញ្ជាក់ «​អ្នក​ដែល​ជ្រះថ្លា​នឹង​ព្រះធម៌​ដែល​ខ្ញុំ​បង្រៀន ឬ​សម្តែង​ពន្យល់​ពិតប្រាកដ ពួក​គាត់​ប្រាកដជា​យល់​ច្បាស់​ថា​ខ្ញុំ​ជាមនុស្សបែបណាមិនខាន» ។

ក្រោយ​ពី​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា ឆ្នាំ​២០២៣ នៅ​គេហដ្ឋាន​សម្តេច​ផ្ទាល់ លោកគ្រូ សាន សុ​ជា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៤ មិថុនា យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ដែល​ជ្រះថ្លា​នឹង​ព្រះធម៌​ដែល​ខ្ញុំ​បង្រៀន ឬ​សម្តែង​ពន្យល់​ពិត ប្រាកដ ពួក​គាត់​ប្រាកដជា​យល់​ច្បាស់​ថា ខ្ញុំ​ជា​មនុស្ស​បែប​ណា​មិន​ខាន ពួក​គាត់​មិន​អាច​ងាករេ​ចិត្ត​ចេញពី​ព្រះធម៌ ព្រោះតែ​ការងារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ឡើយ ព្រោះ​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​អំពី​ព្រះធម៌​រួច​ទៅ​ហើយ​» ។

លោកគ្រូ​សាន សុ​ជា បាន​គូសបញ្ជាក់​បន្ថែម​ថា ៖« ពួក​គាត់​ពិតជា​មិន​ខឹងសម្បា​នឹង​ជីវិត​ឯកជន​របស់ខ្ញុំ​ឡើយ ទឹកចិត្ត​របស់​ពួក​គាត់ មាន​តែ​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់ខ្ញុំ នឹង​រង់ចាំ​ចូលរួម​ក្នុង​ដំណើរ​ធម្មទាន របស់ខ្ញុំ​តទៅ​មុខ​ទៀត​ប៉ុណ្ណោះ​» ។

លោកគ្រូ​លើក​ឡើង​ថា ចំណែក​អ្នក​ដែល​ដៀមដាម ឬ​រហូត​ដល់​ជេរ​ប្រមា​.​ថ​ខ្ញុំ ច្បាស់​ណាស់​ថា ពួក​គាត់​មិន​ដែល​ជ្រះថ្លា​នឹង​ធម្មទាន​របស់ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ជា​បព្វជិត​ម្ល៉េះ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ចំណាយ​កម្លាំង និង​ពេលវេលា​ទៅ​ឆ្លើយ​តប ខ្ញុំ​យកចិត្តទុកដាក់​ជាមួយ​តែ​អ្នក ដែល​ចង់​រួម​ដំណើរ​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ ។

លោកគ្រូ​បាន​លើក​ឡើង​ថា រស់​ក្នុង​សង្គម​ត្រូវ​មាន​ទំនាក់ទំនង​ល្អ ហើយ​ការ​ជួប គឺជា​ការ​គោរព​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក សូ​ម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​ធ្លាប់​យាង​ទៅ​ជួប​ព្រះរាជា ឬ​សេនាបតី​ដែរ មិនមែន​ការ​ជួ ប​សុទ្ធតែ​កើត​ចេញពី​ចិត្ត​កខ្វក់​ឡើយ ។ ដូច​កាលពីដើម​ឆ្នាំ ខ្ញុំ​បាន​ទៅ​ជួប​សម្តេច​ប៉ាប មិនមែន​ព្រោះ​ខ្ញុំ​ដូរ​សាសនា​ទើប​ទៅ​ជួប​បាន​នោះ​ទេ គ្រាន់តែ​ជា​ការ​បង្កើន​មិត្តភាព​រវាង​អ្នក​គោរព​សាសនា​ប៉ុណ្ណោះ ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ ខ្ញុំ​នៅ​តែ​គោរព​ដើរ​តាម​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ​ដដែល ។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២៣ បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​ជំនួប​របស់​សម្តេច​ជាមួយ​លោកគ្រូ សាន សុ​ជា នា​ថ្ងៃ​ម្សិលមិញ ដើម្បី​ជា​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​សកម្មភាព​លោកគ្រូ សាន សុ​ជា ឱ្យ​បន្ត​ផ្សព្វផ្សាយ​នូវ​ព្រះធម៌​អប់រំ​ចិត្ត​ដល់​ប្រជាជន​កម្ពុជា ពិសេស​ជួយ​អប់រំ​លើ​ការ​កសាង​អំពើ​ល្អ​ក្នុង​សង្គម​ជាតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ម្សិលមិញ​បាន​ជួប​ជាមួយ​លោកក្មួយ សាន សុ​ជា​«…»​ពី​ដើម​ធ្លាប់តែ​ទេសនា តែ​ឥឡូវ គឺ​ស្វែងរក​ការ​គាំទ្រ ហើយ​យើង​ក៏​ត្រូវការ ដើម្បី​ឲ្យ​ព្រះសង្ឃ​ដែល​លាចាក​សិក្ខាបទ (​សឹក​) ដែល​ចេះ​ធម៌​ត្រឹមត្រូវ គឺ​បន្ត​ទៅ​តាម​ព្រះ​ពុ ទ្ធ​សាសនា​ជួយ​ដល់​ការ​អប់រំ​សង្គម អប់រំ​ផ្លូវចិត្ត ធ្វើ​យ៉ាងម៉េច​ប្រើប្រាស់​ធម៌ សម្រាប់​ការ​រក្សា សន្តិភាព រក្សា​ស្ថិរភាព​នយោបាយ និង​ជា​ពិសេស​ការ​កសាង​អំពើ​ល្អ​ក្នុង​សង្គម​សម្រាប់​ប្រជាជន​របស់​យើង​»​។

សូម​បញ្ជាក់​ថា លោកគ្រូ សាន សុ​ជា បាន​បួស​រៀន​ព្រះធម៌​ក្រោម​ម្លប់​ព្រះពុទ្ធ​សាសនា អស់​រយៈពេល​ជាង​៣០​ព្រះ​វស្សា ។ លោកគ្រូ ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ពី​ប្រជា​ពុទ្ធបរិស័ទ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព្រះ​អប់រំ​ចិត្ត និង​ការ​ពន្យល់​បកស្រាយ​អំពី​ព្រះធម៌ ។

លោកគ្រូ សាន សុ​ជា បាន​លាចាក​សិក្ខាបទ កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ប្រទេស​អូស្ត្រាលី ។ បើ​ទោះបី​បាន​លាចាក​សិក្ខា តែ​លោកគ្រូ សាន សុ​ជា នៅ​បន្ត​ការ​សិក្ខាបទ​ជា​ឧបាសក ហើយ​បន្ត​ផ្សព្វផ្សាយ​ព្រះធម៌​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ