រាជធានីភ្នំពេញ ៖ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្រេចមិនឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន ១០ ០០០ ដុល្លារអាមេរិក តែបានចេញដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
ជនត្រូវចោទខាងលើនេះមានឈ្មោះ ប៊ិន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាគ្រូបាល់ទាត់ក្លិប «ពិសិដ្ឋ១៦FC» មានទីលំនៅផ្ទះលេខ២៧ មហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធលើពាក្យបណ្តឹងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ។

តាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ប៊ិន ពិសិដ្ឋ បានទំនាក់ទំនងជាមួយមនុស្សដែលរាប់អានគ្នា ពឹងពាក់ឲ្យជួយរកប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ដើម្បីយកទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយធានាអះអាងថា នឹងប្រគល់ប្រាក់គ្រប់ចំនួនមកវិញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកឈ្មោះ ប៊ិន ពិសិដ្ឋ បានចេញមូលប្បទានប័ត្រមួយសន្លឹករបស់ធនាការវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឲ្យទៅដើមបណ្តឹងដែលមានទឹកប្រាក់ ១០ ០០០ ដុល្លារអាមេរិក។
ពាក្យបណ្ដឹងដដែលបន្តថា លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ «សែកស្អុយ»។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានព្យាយាមគេចវេសមិនព្រមចូលខ្លួនដោះស្រាយជាមួយដើមបណ្តឹងឡើយ ថែមទាំងបិទទូរស័ព្ទផ្តាច់ការទំនាក់ទំនងទៀតផង។ ហេតុដូច្នោះ ទើបម្ចាស់បំណុលដាក់ពាក់បណ្តឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង។

ពាក្យបណ្ដឹងដដែលបន្តទៀតថា នៅទីបំផុត អ្វីដែលធ្វើឲ្យដើមបណ្តឹងមានការខកចិត្ត គឺបានមកវិញត្រឹមតែចៅក្រមស៊ើបសួរ សម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចំណែកបំណុល ១០ ០០០ ដុល្លារ ក៏មិនដឹងទៅយកពីណាដែរ៕
ចែករំលែកព័តមាននេះ