រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែន ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀ.ន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងជំនាញការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន សហការជាមួយស្នងការដ្នាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនជួញដូរ និងកែច្នៃគ្រឿងញៀ.នដោយខុសច្បាប់ចំនួន៣គោលដៅផ្សេងៗគ្នានៅក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងញៀ.នម្នាក់មានឈ្មោះ សារី ហ្វីត្រាទូលូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរដឹកម្ហូបអាហារតាមអនឡាញ (ពាក់ព័ន្ធនឹងការដឹកជញ្ជូនថ្នាំញៀ.ន)។ និងរឹបអូសសារធាតុញៀ.នចំនួន៥៤គីឡូក្រាម ជាប្រភេទថ្នាំញៀ.ន អិចស្តាស៊ី កេតាមីន មេតំហ្វេតាមីន ICE/Wy)។ ហើយក្នុងនោះមានសារធាតុមិនច្បាស់ចំនួន១៦០គីឡូក្រាម, ឧបករណ៍កែច្នៃ ផលិត និងសម្ភារៈវេចខ្ចប់គ្រឿងញៀ.នមួយចំនួនធំទៀត។ ទាំងអស់នេះ ដែលបង្ក្រាបនៅចំនួន៣គោលដៅ ៖

ដោយគោលដៅទី១- តាមផ្លូវលេខ៦៩BT មុខខុនដូរអិល សង្កាត់បឹងទំពន់ទី១២ ខណ្ឌមានជ័យ រាជធានីភ្មំពេញ ។ គោលដៅទី២* ផ្ទះជួលលេខE0-1Ez ផ្លូវលេខ១៦៣ ស្ថិតក្នុងភូមិ៣ សង្កាត់ឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និងគោលដៅទី៣- ផ្ទះលេខ៣៧ ផ្លូវL02 បុរីជីបម៉ុងលែន ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនៅបន្តសហការស្រាវជ្រាវ ស្វែងរកមេខ្លោង និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។ លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ទើបសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ