ព្រលឹងចុងសក់តាំងពីជំហានទីមួយ
ស្តេហ្វាន ស្វានស្ត្រម (Stefan Svanstrom) និងអេរីកា (Erika) យកកូនស្រីតូចតាមខ្លួនពេលចេញធ្វើដំណើរទេសចរណ៍ក្របចន្ទទឹកឃ្មុំរយៈពេល៤ខែ ដែលពួកគេសង្ឃឹមថា មិនដឹងជាសប្បាយរីករាយយ៉ាងណាទេ ។ ប៉ុន្តែមិននឹកស្មានសោះ រីករាយឯណាមិនឃើញ បែរជាពួកគេឃើញសុទ្ធតែរឿងព្រលឹងចុងសក់ទៅវិញចេញដំណើរភ្លាម គ្រោះធម្មជាតិមកដល់ភ្លាមដែរ ហើយចេះតែបន្តកើតឡើងពេញរយៈពេល៤ខែ តាំងពីព្យុះព្រិល រញ្ជួយដី រលកយក្សស៊ូណាមិទឹកជំនន់ជាប្រវត្តិសាស្ត្រ និងព្យុះកំបុតត្បូងដ៏សែនសាហាវ ពេលពួកគេឆ្លងកាត់ប្រទេសអាល្លឺម៉ង់ កោះបាលី ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ និងជប៉ុន ។ ពិតណាស់ មុនចេញដំណើរ ទោះដេកយល់សប្តិក៏អ្នកទាំងពីរមិននឹកស្មានថា ប្រទះសភាពបែបនេះដែរ ប៉ុន្តែស្តេហ្វាន អាយុ៣៨ឆ្នាំ និងអេរីកា អាយុ២២ឆ្នាំនិយាយថា បានទទួលមេរៀនមួយជីវិតគឺ «ពេលណាក៏ដោយត្រូវត្រៀមលក្ខណៈ ជានិច្ចសម្រាប់ទប់ទល់ប្រការអាក្រក់បំផុត ។ ត្រៀមលក្ខណៈសម្រាប់គ្រប់យ៉ាង» ។
អ្នកផងនិយាយថា ស្តេហ្វាន និងអេរីកា ទើបត្រឡប់ពីដំណើរទេសចរណ៍ក្រេបចន្ទទឹកឃ្មុំឋាននរក ។ ប្តីប្រពន្ធរៀបការជាមួយគ្នាមិនទាន់យូរប៉ុន្មាននេះ លើកផែនការរួមគ្នាយ៉ាងល្អិតល្អន់សម្រាប់ដំណើររយៈពេលវែងមួយដែលចាប់ផ្តើម ពីសិង្ហបុរីក្នុងដើមខែធ្នូ ២០១០ ហើយ៤ខែក្រោយបញ្ចប់នៅចិន ។ អ្នកទាំងពីររៀបចំអីវ៉ាន់ រួចរាល់ទាំងអស់ ជាមួយការស្រមើស្រមៃដល់ឆ្នេរសមុទ្រស្អាតត្រកាលនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែគ្រប់យ៉ាងមិនបានបង្ហាញខ្លួនតាមផែនការឯណា, ថ្ងៃទី៦ ធ្នូ ២០១០ ពេលពួកគេចេញពីស៊ុយអែតមកដល់ប្រទេសអាល្លឺម៉ង់ ព្យុះព្រិលដ៏សម្បើមវាយប្រហារព្រលានយន្តហោះជាច្រើននៅអឺរ៉ុប ធ្វើឱ្យគេត្រូវបង្ខំចិត្តក្រេបចន្ទទឹកឃ្មុំ ក្នុងសណ្ឋាគារសម្រាប់អ្នកជាប់កុននៅព្រលានយន្តហោះមុយនិច ។ បន្ទាប់ពីការខុសបំណងដំបូងនេះកន្លងផុត អ្នកទាំងពីររូតរះឡើងយន្តហោះទៅសិង្ហបុរី បន្ទាប់មកទៅកោះបាលី
ភ្លាម ។ ដឹងអីជាន់ទឹកដីកោះបាលីមិនទាន់បានប៉ុន្មានផង ពួកគេជួបរឿងព្រលឹងចុងសក់វិះរត់មិនរួច ។ ពេលនោះអ្នកទាំងពីរកំពុងដើរកម្សាន្តទស្សនាទេសភាពស្រស់ត្រកាលតាមជ្រលងភ្នំនៅភាគខាងជើង ស្រាប់តែមេឃសម្តែងប្ញទ្ធិបញ្ចេញព្យុះកំណាចខ្លាំងហួសការស្មាន រហូតដល់គុម្ពប្ញស្សីខ្លះរលើងទាំងគុម្ព ឈើតូចធំខ្លះបាក់ខ្លះរលើងប្ញស រលំច្រងេងច្រងាង ពេញដី បែរទៅផ្ទះអ្នកស្រុកវិញមួយចំនួនរលំបាក់រាបដល់ដី មួយចំនួនរបើកដំបូលបាត់ពុំដឹងបុើងដល់ណា ។ អ្នកទាំងពីររួចពីស្លាប់ដោយឈើសង្កត់យ៉ាងប្រផិតប្រផើយ ពេលប្រឹងរត់តាមផ្លូវពោរពេញដោយឧបសគ្គ ដើម្បីរកកន្លែងជ្រក ។
ក្រោយស្ងប់ព្យុះ ស្តេហ្វាន និងអេរីកាធូរទ្រូងខ្សាក ។ ព្យុះថ្វីបើកាចសម្បើម តែវាមិនដល់ថ្នាក់ឃោរឃៅអត់ឱ្យអ្នកណានៅរស់ដែរ ។ ណ្ហើយ, ឱ្យវាផុតទៅចុះ ។ អ្វីដែលសំខាន់ គឺបន្តដំណើរក្នុងក្តីសង្ឃឹមថ្មី ។ ស្រាប់តែរឿងស្មានមិនដល់មួយទៀតបានកើតឡើង ។ ស្តេហ្វាន និងអេរីកា ចេញពីកោះបាលីទៅដល់ Perth ប្រទេសអូស្ត្រាលីភ្លាមវិះជាប់ឃុំក្នុងព្យុះថ្មី និងភ្លើងឆេះព្រៃ ។ ដើម្បីគេចពីគ្រោះថ្នាក់នេះឱ្យបានទាន់ពេលវេលា អ្នកទាំងពីរចេញដំណើរពី Perth ទៅ Caims តែម្តង ដែលនៅក្នុងប្រទេសអូស្ត្រាលីដែរ ដឹងអីទើបតែជាន់ជើងដល់ទឹកដី Caims ល្មមពេលព្យុះកំបុត ត្បូងមួយទៀតមកដល់ដូចយក្សសន្ធាប់ធ្វើឱ្យមនុស្សម្នារត់ប្រសេចប្រសាច ឯអ្នកទាំងពីរ ប្រញាប់ភៀសខ្លួនចូលជ្រកក្នុងមណ្ឌលការពារមួយកន្លែងជាមួយមនុស្សឯទៀតរាប់ពាន់នាក់ និងដេកនៅទីនោះមួយយប់ជំនួសឱ្យបន្ទប់សណ្ឋាគារផ្កាយ៤ ដែលខ្លួនបានកក់ប្រាក់រួចហើយ ។
លុះប្តីប្រពន្ធស្តេហ្វានបីកូនតូចធ្វើដំណើរទៅ Brisbane ជាមួយសេចក្តីសង្ឃឹមលែងជួបរឿងមហាស៊យ ស្រាប់តែខុសបំណងទៀត ទៅដល់បានបន្តិចទឹកជំនន់ដ៏សាហាវកើតឡើងនៅទីនោះ។ មនុស្សម្នាផ្អើលឆោឡោគ្រប់កន្លែងព្រោះក្រុងទាំងមូលស្ទើរលិចលង់ក្នុងទឹក ។ មិនបាច់និយាយទេថា អ្នកទាំងពីរខ្វាយខ្វល់យ៉ាងណា ។ ការសប្បាយដែលស្រមៃគិតពីដំបូងបានទុកកន្លែងឱ្យសំណួររកវិធីរំដោះខ្លួន,ពិសេសកូនស្រីនៅតូច ពេកមិនអាចជួយខ្លួនឯងបានអ្វីទាំងអស់ ។
ប្តីប្រពន្ធស្តេហ្វានសឹងអត់ដង្ហើម ខណៈប្រញាប់ប្រញាល់ចេញពីអូស្ត្រាលីទៅនូវែលហ្សេឡង់ដើម្បីរកការសប្បាយ ។ អ្នកទាំងពីរគិតថា ពេលបានចេញផុតប្រទេសអូស្ត្រាលីរឿងអាក្រក់ បំផុតនឹងត្រូវចប់។ ដឹងអីគ្រប់យ៉ាងនៅដូចមុនដដែល ពួកគេវិះខកខានមិនបានចេញដំណើរទៀតផង ព្រោះខណៈយន្តហោះត្រៀមហោះឡើង ស្រាប់តែក្រុង Christchurch ទីដែលជាគោលដៅត្រូវទៅនោះកើតការរញ្ជួយដី , ហេតុនេះអ្នកទាំងពីរត្រូវជិះយន្តហោះតាមផ្លូវវាងទៅ Auck-land សិន ទើបបន្តដំណើរតាមរថយន្តទៀត ។
គួរឱ្យស្រងេះស្រងោចមែនទែន ពេលប្តីប្រពន្ធមួយគូនេះទៅដល់ Christchurch េទសភាព Christchurch ដែលអ្នកទាំងពីរអាចសម្លឹងមើលបាននាពេលនោះស្ថិតនៅតែត្រឹមព្រលានយន្តប៉ុណ្ណោះ ដ្បិតអីផ្លូវទាំងឡាយនពីព្រលានយន្តហោះចូលកណ្តាលក្រុង និងទៅកន្លែងផ្សេងៗត្រូវបិទអស់រលីង ។ សម្លឹងក្រោយមើលរឿងមហាស៊យទាំងប៉ុន្មានដែលទើបកន្លងផុត ស្តេហ្វាន និងអេរីកា មានអារម្មណ៍ខ្លោចផ្សាលាយឡំភាពស្រងេះស្រងោចយ៉ាងខ្លាំង ។ ប៉ុន្តែទោះដូច្នេះក្តី អ្នកទាំងពីរគិតថា ខ្លួនមានសំណាងល្អច្រើនដែរ ដោយបាននៅរស់ និងមានសុវត្ថិភាព ។ អ្វីគ្រប់យ៉ាងមកដល់ក្រៅការរំពឹងទុកនោះ ធ្វើឱ្យពួកគេរៀន សូត្របានពីរបៀបត្រៀមលក្ខណៈជានិច្ចសម្រាប់ គ្រប់យ៉ាង ។
អារម្មណ៍ញាក់សាច់ចុងក្រោយ
ដំណើរទេសចរក្រេបចន្ទទឹកឃ្មុំដែលស្តេហ្វាន និងអេរីកា រៀបគម្រោងមានកម្មវិធីតាមជំហាននីមួយៗ គឺសំដៅហោះហើរស្វែងយល់សម្រាប់បំភ្លេចការងារផ្ទាល់ខ្លួនមួយគ្រាដោយប្រមូលផ្តុំតែលើអារម្មណ៍រីករាយជាមួយទេសភាពថ្មី និងមនុស្សថ្មីមានប្រពៃណីទំនៀមទម្លាប់ប្លែកៗមិនធ្លាប់ប្រទះពីមុន ។ កាលអេរីកាទើបមានផ្ទៃពោះ៥ខែ ពួកគេប្រុងនាំគ្នាទៅកម្សាន្តនៅអាហ្វ្រិកខាងត្បូងម្តង ហើយ តែចុងក្រោយលុបគម្រោងចោលវិញ ។មូលេហេតុមកពីអាកាសធាតុអាក្រក់ ។ ពីមុនស្តេហ្វាន និងអេរីកា ធ្លាប់ដើរកម្សាន្ត ១៦ប្រទេសដែរ ។ ដំណើររបស់អ្នកទាំងពីរពេលនោះជួបតែរឿងសប្បាយមួយចប់ ។ ការសប្បាយរីករាយពេលនោះ នៅតែដិតជាប់អារម្មណ៍ពួកគេ ហេតុនេះទោះពួកគេជួបគ្រោះថ្នាក់ច្រើនក៏ដោយក៏វាជម្រុញឱ្យត្រូវតែបន្តដំណើរតាមកម្មវិធីក្នុងគម្រោង ជំនួសឱ្យការរត់ឡើងយន្តហោះត្រឡប់ទៅទីក្រុងស្តុកខូលប្រទេសស៊ុយអែដវិញ ដើម្បីបញ្ចប់កង្វល់ពីសុវត្ថិភាព ។ ដឹងអីថា ចេញផុតប្រទេសនូវែលហ្សេឡង់ ជួបសុទ្ធតែរឿងសប្បាយប្លែករហូតដល់លែងចង់ត្រឡប់ទៅផ្ទះក៏ថាបាន ។
ប៉ុន្តែពេលស្តេហ្វាន និងអេរីកាសម្រេចចិត្តបន្តដំណើរទៅគោលដៅថ្មីតាមផែនការ ស្រាប់តែទៀតហើយ គ្រោះធម្មជាតិនៅតែច្បាមជាប់ប្តីប្រពន្ធស៊ុយអែតមួយគូនេះដដែល ។ តាមកម្មវិធីក្នុងគម្រោងរបស់ពួកគេ គឺផុតពីនូវែលហ្សេឡង់ ទៅជប៉ុន ហេតុនេះទៅដល់ជប៉ុនមិនទាន់បានប៉ុន្មានផង គ្រោះរញ្ជួយដី៩រិចស្ទ័រ និងរលកយក្ស ស៊ូណាមិមកដល់ជាមួយការភ័យខ្លាចធ្លាយវិទ្យុ សកម្មនៅរោងចក្រអគ្គិសនីដើរដោយកម្លាំងបរិមាណូ ។ សំណាងដែរ ដែលពេលនោះអ្នកទាំងពីរកំពុងនៅតូក្យូមិនមែននៅចំមណ្ឌលរញ្ជួយខ្លាងបំផុត ។ ប៉ុន្តែទោះដូច្នេះក្តី ក៏ល្មមឱ្យពួកគេយល់បានថាអ្វីទៅជាអារម្មណ៍ញាក់ សាច់ដែរ ។
ថ្ងៃនោះ២នាក់ប្តីប្រពន្ធកំពុងទទួលទានអាហារសុខៗស្រាប់តែទទួលអារម្មណ៍ផ្ទៃដីរញ្ជួយខ្លាំង គ្រប់អគារកន្ត្រាក់ញាក់តតាត់។ ពួកគេប្រញាប់លែងដៃពីការទទួលទានអាហារ ស្រវាបីកូនតូចរត់តាមហ្វូងមនុស្សដែលកំពុងឆោឡោរកកន្លែងជ្រកមានសុវត្ថិភាព។ បន្ទាប់នោះគ្រប់ផ្សារលក់ដូរលែងមានគ្រឿងម្ហូបស្រស់លក់ទៀត កន្លែងណាក៏គេប្រមូលទិញអស់រលីង។ អ្នកទាំង២ចាប់ផ្តើមភិតភ័យពីចំណីសម្រាប់កូនតូចរបស់ខ្លួន។
អារម្មណ៍ខ្វាយខ្វល់នេះពិបាកទ្រាំមែនទែន ព្រោះបើមានតែ២នាក់ប្តីប្រពន្ធមិនខ្វល់ប៉ុន្មានទេ។ គិតខ្លួនឯងមួយ គិតដល់កូនគឺដប់។ ទីបំផុតស្តេហ្វាន និងអេរីកា ស្វះស្វែងដោះស្រាយរកទិញបានអង្ករ និងទឹកដោះគោខ្លះសម្រាប់ទប់ទល់ការស្រេកឃ្លាន។ អ្នកទាំង២ដឹងខ្លួនច្បាស់ គ្មានការជ្រើសរើសច្រើនទេ ព្រោះដឹងថាមិនអាចរត់ចេញពីជប៉ុនតាមយន្តហោះពេលកំពុងអាសន្នដូច្នេះផង។ សំណាងដែរដែលក្រោយពីស្ងប់រញ្ជួយដីបន្តិច យន្តហោះដំណើរការហោះហើរឡើងវិញ ពួកគេប្រញាប់ប្រញាល់រត់ចេញពីជប៉ុនទៅចិន ទីដែលពួកគេធូរទ្រូងប៉ុន្មានសប្តាហ៍មុន ពេលត្រឡប់ទៅទីក្រុងស្តុកខូល ប្រទេសស៊ុយអែត នាថ្ងៃទី២៩ មីនា ឆ្នាំ២០១១។
មកដល់ផ្ទះទើបស្តេហ្វាន និងអេរីកា មានព្រលឹងព្រះលះពេញខ្លួនវិញ។ ដំណើរទេសចរក្រេបចន្ទទឹកឃ្មុំរបស់អ្នកទាំង២ដែលជួបតែគ្រោះថ្នាក់ញាក់សាច់មួយចប់ជិត៤ខែ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយធ្វើឱ្យមានការភ្ញាក់ផ្អើលលាយឡំងឿងឆ្ងល់។ ហេតុនេះមិនយូរប៉ុន្មាន ប្តីប្រពន្ធមួយគូនេះបានទទួលការសុំសម្ភាសពីកាសែតបរទេសជាច្រើន ហើយពួកគេប្រាប់ថា ខ្លួនប្រហែលជាត្រូវទៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបង្ហាញខ្លួនក្នុងកម្មវិធី Good Morning Amesica ឆាប់ៗនេះទៀត។ ក្រៅពីនេះពួកខ្លួនបានក្រុមហ៊ុនទេសចរណ៍ស៊ុយអែតមួយអញ្ជើញទៅធ្វើទេសចរកំសាន្តនៅសមុទ្រការីបេ ទីដែលកម្រមានគ្រោះថ្នាក់ធម្មជាតិផងដែរ ៕ (តាមឯកសារបរទេស)
ចែករំលែកព័តមាននេះ