រាជធានីភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានសហការជាមួយអង្គការអាដ្រាកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សាយោបល់ស្តីពីការអនុវត្តមាត្រា៨ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី៥ ឧសភា ក្រោមអធិបតីភាពលោកអ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ថ្លែងសុន្ទរកថានៅក្នុងឱកាសនោះ លោកអ៊ឹង ភីរុន បានឱ្យដឹងថា ជាការពិតណាស់ ថ្នាំជក់គឺជាផលិតផលមួយដែលប្រជាពលរដ្ឋស្ទើរតែទាំងអស់ មិនថានៅក្នុងប្រទេសកម្ពុជា តំបន់ និងនៅទូទាំងសាកលលោកទទួលស្គាល់ថា វាគឺជាផលិតផលដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថានយ៉ាងខ្លាំង ដោយសារសារធាតុគីមីពុលដែលមាននៅក្នុងដើមថ្នាំជក់ ការខ្ជះខ្ជាយថវិកាក្នុងការទិញថ្នាំជក់ ការចំណាយថវិកាយា៉ងច្រើនក្នុងការថែទាំសុខភាពពេលមានជំងឺ បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ។
ដើម្បីទប់ស្កាត់បញ្ហាដែលបានលើកឡើង ក្រសួងសុខាភិបាលក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ អត្រាឈឺ និងអត្រាមរណៈ បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានខ្នះខ្នែងយ៉ាងខ្លាំងនៅក្នុងការងារត្រួតពិនិត្យថ្នាំជក់កន្លងមក ដូចជាបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីអប់រំ និងកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយមានក្រសួងចំនួន១១ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិក និងបានបង្កើតលេខាធិការដ្ឋានអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ផងដែរ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រដ្ឋសភាជាតិបានផ្តល់សច្ចាប័នលើអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០០៥។ នេះសបញ្ជាក់ឱ្យឃើញថា យើងមានការគាំទ្រ និងមានការយកចិត្តទុកដាក់ខ្ពស់អំពីផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋដោយសារថ្នាំជក់ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានអនុម័តនូវអនុក្រឹត្យស្តីពីសារព្រមានសុខភាពលើកញ្ចប់បារី ដែលអនុក្រឹត្យនេះតម្រូវឱ្យគ្រប់ផលិតផលបារីផលិតក្នុងស្រុក និងនាំចូលទាំងអស់ដាក់សារព្រមានលើគ្រប់កញ្ចប់វេចខ្ចប់បារី ។ ជាពិសេសកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានអនុម័តនូវអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ។ មកដល់បច្ចុប្បន្ននេះក្រសួងស្ថាប័នជាតិចំនួន១៣ បានបង្កើតសារាចរ និងសេចក្តីណែនាំឱ្យកន្លែងធ្វើការគ្មានផ្សែងបារីសម្រាប់ក្រសួង មន្ទីររបស់ខ្លួន ហើយសារាចរ និងសេចក្តីណែនាំទាំងនេះត្រូវបាននិងកំពុងអនុវត្តក្នុងក្រសួងស្ថាប័នទាំង១១រួមមានក្រសួងសុខាភិហបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងធម្មការ និងសាសនា, ក្រសួងកិច្ចការនារី, អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ។
លោកអ៊ឹង ភីរុន បញ្ជាក់ថា សម្រាប់សិក្ខាសាលា «កិច្ចពិគ្រោះយោបល់ស្តីពីការអនុវត្តន៍មាត្រា៨ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់» នាឱកាសនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីឱ្យយើងទាំងអស់បានស្វែងយល់អំពីការអនុវត្តន៍មាត្រា៨ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីមុនពេលចុះហត្ថលេខាជាសមាជិកអនុសញ្ញារហូតដល់បច្ចុប្បន្ននេះ ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អពីបណ្តាប្រទេសនានាអំពីការអនុវត្តមាត្រា៨ នៃអនុសញ្ញានេះ ។
ក្នុងនាមក្រសួងសុខាភិបាល លោកសូមអំពាវនាវដល់លោក លោកជំទាវ លោក លោកស្រី នាង កញ្ញាទាំងអស់មេត្តាចូលរួមពិភាក្សាវែកញែកឱ្យបានផុសផុល ដើម្បីដាក់ចេញជាអនុសាសន៍រួមមួយជាប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការរៀបចំបង្កើតអនុក្រឹត្យបរិស្ថានគ្មានថ្នាំជក់ឱ្យមានភាពទូលំទូលាយ និងច្បាស់លាស់ក្នុងគោលបំណងការពារសុខភាពរបស់មន្ត្រីរាជការ បុគ្គលិក ប្រជាពលរដ្ឋអំពីការស្រូបផ្សែងបារីដោយអចេតនា ៕
ចែករំលែកព័តមាននេះ