ខេត្តព្រះសីហនុ ៖ នៅវេទិកាបុណ្យជាតិ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី៥ ឧសភា មានប្រារព្ធពិធីអបអរសាទរខួបទី១៤៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ក្រោមប្រធានបទ «កម្លាំងអ្នកស្ម័គ្រចិត្ត ប្រសិទ្ធភាពមនុស្សធម៌» ។ ពិធីនេះបានប្រព្រឹត្តធ្វើក្រោមអធិបតីភាពលោកស្បោង សារ៉ាត អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ចូលរួមក្នុងពិធីនេះមានលោកលូ គឹមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរនានាជុំវិញខេត្ត ក្រុង និងស្រុកទាំងបី គឺក្រុងព្រះសីហនុ ស្រុកកំពង់សិលា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមសរុបប្រមាណ១.២០០នាក់ ។
លោកលូ គឹមឈន់ បានថ្លែងថា ក្នុងនាមរូបលោកជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមប្រចាំខេត្ត សូមគោរព និងថ្លែងអំណរគុណដ៏ស្មោះ និងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា ដោយលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ទ្រព្យសម្បត្តិ សំភារ ថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រាលទុក្ខលំបាកខ្វះខាតរបស់ប្រជាជនក្នុងគ្រាទទួលរងនូវផលប៉ះពាល់ដោយគ្រោះមហន្តរាយនានាប្រកបដោយមនោសញ្ចេតនាមនុស្សធម៌ជ្រះថ្លាមិនអាចកាត់ថ្លៃបាន ។ លោកលូ គឹមឈន់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១ ចលនាកាកបាទក្រហមមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការខិតខំអនុវត្តនូវប្រធានបទ «កម្លាំងអ្នកស្ម័គ្រិត្ត ប្រសិទ្ធភាពមនុស្សធម៌»ជួយសង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិតតាំងពីបុគ្គលម្នាក់ៗរហូតដល់ប្រជាពលរដ្ឋទូទៅ ក្រោមការដឹកនាំរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
លោកស្បោង សារ៉ាត អភិបាលខេត្ត បានអានសេចក្តីថ្លែងការណ៍របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងពិធីអបអរសាទរខួបទី១៤៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ដែលមានខ្លឹមសារជាអាទិ៍ថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា គឺជាទិវាដែលធ្វើឱ្យយើងចងចាំជានិច្ចនូវប្រវត្តិនៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះប្រមាណ៤ម៉ឺននាក់ លើសមរភូមិសុលហ្វេរីណូកាលពីខែមិថុនា ឆ្នាំ១៨៥៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌របស់លោក ហង់រីឌុយណង់ និងការចូលរួមកម្លាំងពីអ្នកស្ម័គ្រចិត្តរហូតសម្រេចបានជោគជ័យ ។
លោកអភិបាលខេត្តព្រះសីហនុបានថ្លែងទៀតថា យោងតាមសេចក្តីថ្លែងការណ៍របស់លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា កាកបាទក្រហមកម្ពុជាជាសមាជិកទី៨៥របស់សហព័ន្ធអន្តរជាតិ បានចូលរួមយ៉ាងសកម្មជាមួយចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ហើយបានយកឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនេះ ជាយុទ្ធនាការទាញការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានយល់ជ្រួតជ្រាបពីបញ្ហាប្រឈមទាំងនោះក្នុងស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែក និងដោយការស្ម័គ្រចិត្ត ។
លោកអភិបាលខេត្តបន្តទៀតថា ក្នុងនាមជំនួយការឱ្យរាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាកាកបាទក្រហមកម្ពុជា បានខិតខំបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនក្នុងការផ្តល់សេវា និងការសម្របសម្រួលការងារ ដោយសហការជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់ជាតិ រហូតដល់សហគមន៍ ដើម្បីឆ្លើយតបចំពោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ពិសេសលើការផ្តល់សេវាគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាព ការអភិវឌ្ឍសុខភាពសហគមន៍មូលដ្ឋាន ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ។
នៅក្នុងឱកាសនោះ ក៏មានការទទួលថវិកាពីលោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន តំណាងមន្ទីរអង្គភាព និងស្រុកទាំង៤ក្នុងខេត្តព្រះសីហនុបានចំនួន៥០.១០១ដុល្លារ (ប្រាំម៉ឺនមួយរយមួយដុល្លារ) កើនឡើងច្រើនជាងឆ្នាំ២០១០ ដែលបានត្រឹមតែ៤៣.៧១៧ដុល្លារប៉ុណ្ណោះ ។ នៅចុងបញ្ចប់ នៃកម្មវិធី ក៏មានពិធីចាប់ឆ្នោតយករង្វាន់ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមប្រចាំខេត្តព្រះសីហនុ ដែលរង្វាន់ទាំងនោះរួមមានម៉ូតូម៉ាកវ៉េវ ស៊េរី២០១១ ចំនួន១គ្រឿង ទូរស័ព្ទដៃ ទូរស័ព្ទលើតុម៉ាកមិត្តហ្វូន បំពង់ទឹកក្តៅ កង្ហារ ម្សៅសាប៊ូ ទូរទស្សន៍ ក្បាលវីស៊ីឌី ជាដើម៕
ចែករំលែកព័តមាននេះ