ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​មិថុនា​បន្ត​ហែក្បួន​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​មិថុនា ជាង​១.០០០​នាក់​ក្នុង​ចំណោម​ជាង​៤.០០០​នាក់​ ដែល​ខ្លះ​​ជិះ​រ៉ឺម៉ក​កង់​បី​​ និង​ខ្លះ​ជិះ​ម៉ូតូ​ឌុប បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​ទៅ​កាន់​រោង​ចក្រ​កាត់​ដេរ​ប៊ឺរី​អឹភែរឹល​ ដើម្បី​​ទាម​ទារ​ឱ្យ​ថៅ​កែ​ដោះ​ស្រាយ​ប្រាក់​អតីត​ភាព​ការ​ងារ​​ដល់​ពួក​គេ​។ រោង​ចក្រ​នេះ​គឺ​​ជា​សាខា​របស់​រោង​ចក្រ​មិថុនា​ដែល​ត្រូវ​អន្តរាយ​ខ្ទេច​ខ្ទី​​

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​មិថុនា ជាង​១.០០០​នាក់​ក្នុង​ចំណោម​ជាង​៤.០០០​នាក់​ ដែល​ខ្លះ​​ជិះ​រ៉ឺម៉ក​កង់​បី​​ និង​ខ្លះ​ជិះ​ម៉ូតូ​ឌុប បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​ទៅ​កាន់​រោង​ចក្រ​កាត់​ដេរ​ប៊ឺរី​អឹភែរឹល​ ដើម្បី​​ទាម​ទារ​ឱ្យ​ថៅ​កែ​ដោះ​ស្រាយ​ប្រាក់​អតីត​ភាព​ការ​ងារ​​ដល់​ពួក​គេ​។ រោង​ចក្រ​នេះ​គឺ​​ជា​សាខា​របស់​រោង​ចក្រ​មិថុនា​ដែល​ត្រូវ​អន្តរាយ​ខ្ទេច​ខ្ទី​​ដោយ​អគ្គី​ភ័យកន្លង​មក​នេះ​។ ការ​ហែ​ក្បួន​នេះបានធ្វើ​​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា​ដែល​រោង​ចក្រ​​ខាង​លើ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូ​ដឹម-​កប់​ស្រូវ​​ ភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​។

ក្រុម​កម្មករ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ធ្វើ​​ការ​ទាម​ទារ​នេះ​មាន​រយៈ​ពេល​ជិត​១​ខែ​ហើយ​ដើម្បី​ឱ្យ​ថៅកែ​ដោះ​ស្រាយ​​ប្រាក់​អតីត​ភាព​ការ​ងារ​ (ប្រាក់​បំណាច់​ឆ្នាំ​) ឱ្យ​ពួក​គេ​ទៅ​តាម​ច្បាប់​ការ​ងារ​ក្រោយ​ពេល​រោង​ចក្រ​នោះ​ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ​​កាល​ពី​ជាង​១​ខែ​មុន​នោះ។ ដោយ​សារ​ពុំ​មាន​​ដំណោះ​ស្រាយ​ពី​ថៅ​កែ​រោង​ចក្រ​​​ទើប​ពួក​គេ​ធ្វើ​ការ​តវ៉ា​ចាប់​តាំង​​ពី​ថ្ងៃ​ទី​៦​ ខែ​មេសា រហូត​មក តែពេល​នេះព្រោះ​​ឈប់​តវ៉ា​នៅ​មុខ​រោង​ចក្រ​មិថុនា នោះ​ទៀត​ហើយ​ព្រោះ​បានរងការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​សមត្ថ​កិច្ច​នៅ​ទី​នោះ​ ទើប​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅមុខ​រោង​ចក្រ​​កាត់​ដេរ​ប៊ឺរី​ អឹ​ភែរឹល វិញ​ម្តង​ ព្រោះ​ទី​នោះ​ក៏​ជា​សាខា​របស់​​រោង​ចក្រ​មិថុនា​​ដែរ ហើយទើប​​នឹង​សាង​សង់​ថ្មី។

ក្រុម​កម្មករ​បាន​បន្ត​ថា រោង​ចក្រ​មិថុនា​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ បាន​ត្រូវ​ភ្លើង​ឆាប​ឆេះ​កាល​​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មិថុនា កន្លង​​មក​​ដែល​គិត​មក​ដល់​​ពេល​នេះ​មាន​រយៈ​ពេល​ជាង​១​ខែ​ហើយ​។ ក្រោយ​ពេល​រោង​ចក្រ​នោះ​ឆេះ ​ថៅ​កែ​បានបើក​ប្រាក់​ឈ្នួល​ឱ្យ​រួច​រាល់​ហើយ​ ប៉ុន្តែ​ចំពោះ​ប្រាក់​​អតីត​ភាព​ការ​ងារ​ និង​ប្រាក់​​បំណាច់​ឆ្នាំ​អត់​បើក​ឱ្យ​ឡើយ​។ ពេល​នោះ​ពួក​គេ​បាន​ធ្វើ​ការ​ទាម​ទារ​ ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​ ហើយ​ក្រោយ​​​មក​ថៅ​កែ​បាន​ហៅ​ដោះ​ស្រាយ​ដោយ​ឱ្យ​ប្រាក់​បំណាច់​ឆ្នាំ​​ត្រឹម​តែ​ម្នាក់​២០​ដុល្លារ​ប៉ុណ្ណោះ​ដែល​ចំនួន​នេះ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ​ ព្រោះ​ប្រាក់​បំណាច់​ឆ្នាំ​ម្នាក់ៗ​ត្រូវ​ទទួល​បាន​ចាប់​ពី​ជាង​១០០​ដុល្លារ​ឡើង​ទៅ​។ ពេល​ពួក​គេ​ធ្វើ​ការ​តវ៉ា​ខ្លាំង​ថៅ​កែ​ប្រាប់​ថា ក្រុម​ហ៊ុន​ក្ស័យ​ធន​ដោយ​សារ​អគ្គី​ភ័យ​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​សម្លឹង​មើល​ឃើញ​ថា ​ក្រុម​ហ៊ុន​នេះ​មិន​ក្ស័យ​ធន​ទេ ព្រោះ​ពេល​នេះ​​កំពុង​ពង្រីក​សាខា​របស់ខ្លួន​ចំនួន​៣​កន្លែង​ធំៗ​ទៀត​ គឺ​នៅ​អូរ​បែក​ក្អម​១​កន្លែង រោង​ចក្រ​ប៊ឺរី​អឹ​ភែ​រឹល​នេះ​១​កន្លែង​ និង​១​កន្លែង​ទៀត​នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង​។

ក្រុម​កម្មករ​បាន​បន្ត​ថា ក្រោយ​ពេល​ជួប​រឿង​រ៉ាវ​ខាង​លើ​ថៅ​កែ​មិន​បាន​បង្ហាញ​ពី​ជំហរ​ពាក់​ព័ន្ធ​ទៅ​នឹង​​ការ​ងារ​របស់​កម្មករ​ថា​ ត្រូ​វ​ធ្វើ​បែប​ណា​ឡើយ​ គឺ​បាន​លែង​ពួក​គេ​ចោល​ឱ្យ​នៅ​តែល​តោល​ដូច​ខ្លែង​ដាច់​ខ្សែ​ ហើយ​អ្វី​ដែល​ពួក​គេ​គិត​មិន​យល់​ថែម​ទៀតនោះ​ គឺ​​ពេល​ពួក​គេ​សុំ​ចូល​ធ្វើ​ការ​នៅ​រោង​ចក្រ​សាខា​ដែល​​ទើប​សាង​សង់​ថ្មី​នោះ​ថៅ​កែ​អត់​ទទួល​យក​ទេ​ឱ្យ​តែ​កម្មករ​ចាស់​ធ្លាប់​ធ្វើ​​ការ​នៅ​រោង​ចក្រ​មិថុនា​នោះ គឺ​គេ​ជ្រើស​រើស​យក​តែ​កម្មករ​ថ្មី ។ ដូច្នេះ​​ទង្វើ​នេះ​មាន​ន័យ​ថា ថៅ​កែ​មិន​បាន​គិត​ពី​អនា​គត​​របស់​ពួក​គេ​នោះឡើយ ទើប​បាន​​ជា​ពេល​នេះ​ធ្វើ​ព្រងើយ​កន្តើយ​​មិន​ដឹង​មិន​ឮ​ជាមួយ​ពួក​គេ​បែប​នេះ​ ហើយ​ចំពោះ​រោង​ចក្រ​វិញ​រហូតមក​ដល់​​ពេល​​នេះ​ពួក​គេ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឆេះ​ច្បាស់​លាស់​​នៅ​ឡើយ​។

ក្រុម​កម្មករ​ទាំង​នេះ​បាន​​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជួយ​ដល់​ពួក​គេ​ផង​ ហើយ​ពួក​គេ​ក៏​ចង់​ដឹង​ពី​ជំហរ​របស់​ថៅ​កែ​​រោង​ចក្រ​ដែរ​ថា​តើ​មូល​ហេតុ​អ្វី​ទើប​សាខា​រោង​ចក្រ​នោះ​មិន​ទទួល​យក​ពួក​គេ​ជា​កម្មករ​ចាស់​បម្រើ​ការ​ងារ​​រាប់​ឆ្នាំ​ហើយ​នោះ​ចូល​ធ្វើ​ការ​ផង ៕