ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកណាស់​! ក្រពើ​ញី​១​ក្បាល​រក្សា​ព្រហ្មចារី​យ៍ពីកំណើត​ដល់​បច្ចុប្បន្ន​ តែ​​អាច​បង្ក​កំណើត​ដោយ​ខ្លួនឯង

2 ឆ្នាំ មុន

កូ​ស្តា​រី​កា ៖ អ្នក​វិទ្យាសាស្ត្រ​បាន​កត់ត្រា​ករណី​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដោយ​សត្វ​ក្រពើ​ញី​មួយ​

កូ​ស្តា​រី​កា ៖ អ្នក​វិទ្យាសាស្ត្រ​បាន​កត់ត្រា​ករណី​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដោយ​សត្វ​ក្រពើ​ញី​មួយ​ក្បាល ដែល​រក្សា​ព្រហ្មចារី​តាំងពី​កំណើត​មក ដោយ​រស់នៅ​តែឯង និង​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្រពើ​ឈ្មោល​អស់​ពេល​ប្រហែល​១៦​ឆ្នាំ ប៉ុន្តែ​បែរជា​អាច​បង្ក​កំណើត ឬ​ផើម​ដោយ​ខ្លួនឯង​។

អត្ថបទ​មួយ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា កន្លង​ទៅ ដោយ​ទស្សនាវដ្តី Biology Letters អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា ក្រពើ​ញី​អាយុ​១៨​ឆ្នាំ​មួយ​ក្បាល​នេះ ត្រូវ​បាន​នាំ​មក​ពី​សហរដ្ឋអាមេរិក​យក​មក​ដាក់​ក្នុង​សួនសត្វ Parque Reptilandia ប្រទេស​កូ​ស្តា​រី​កា​ក្នុង​ឆ្នាំ ២០០២ នៅ​ពេល​វា​អាយុ​២​ឆ្នាំ ហើយ​ត្រូវ​បាន​ដាក់​ដាច់​ដោយឡែក​ពី​ក្រពើ​ផ្សេង​ទៀត ចាប់តាំងពី​ពេល​នោះ​រហូត​ដល់​ពេល​បច្ចុប្បន្ន​។

នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៨ អ្នក​ថែ​សួនសត្វ​បាន​ប្រទះ​ឃើញ​ពង​ចំនួន ១៤ ក្នុង​កន្លែង​ក្រពើ​ញី​នោះ​រស់នៅ​។ ស៊ុត​ទាំងអស់​មិន​ញាស់​ទេ ប៉ុន្តែ​មួយ​មានកូន​បង្ក​កំណើត​ពេញលេញ​។ បាតុភូត​ចម្លែក​នេះ ក្នុង​វិទ្យាសាស្ត្រ​ត្រូវ​បាន​ហៅ​ថា «​កំណើត​ព្រហ្មចារី​» ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រភេទ​សត្វ​ស្លាប ត្រី និង​សត្វ​ល្មូ​ន​ដទៃ​ទៀត ប៉ុន្តែ​មិន​ធ្លាប់​មាន​ក្នុង​ប្រភេទ​សត្វ​ក្រពើ​នោះ​ទេ​។

ដោយសារ​តែ​បញ្ហា​នេះ​ហើយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ឧទ្យាន​បាន​ទាក់ទង​ទៅ​លោក​វេជ្ជបណ្ឌិត Warren Booth ដែល​កើត​នៅ​ទីក្រុង Belfast ប្រទេស​អៀរ​ឡង់​ខាងជើង ដែល​ឥឡូវនេះ គាត់​កំពុងធ្វើការ​លើ​ការ​ស្រាវជ្រាវ​ឈ្មោះ​ថា «Virginia Tech» នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​គាត់​ឆ្លងកាត់​ការ​សិក្សា​អំពី «​កំណើត​ព្រហ្មចារី​» ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​វិទ្យាសាស្ត្រ​ថា Parthenogenesis អស់​រយៈពេល ១១​ឆ្នាំ​កន្លង​មក​ហើយ​។

នៅ​ក្នុង​ករណី​ដ៏​ចម្លែក​នេះ លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​វិភាគ​លើ​ការ​បង្ក​កំណើត​កូនរបស់​ក្រពើ​ញី​មួយ​ក្បាល​នោះ ហើយ​រក​ឃើញ​ថា មាន​ហ្សែ​ន​ច្រើន​ជាង ៩៩.៩% ដូច​គ្នា​ទៅ​នឹង​មេ ដែល​បញ្ជាក់​បាន​ថា វា​មិន​មាន​បា​នោះ​ទេ​។

នៅ​ក្នុង​ទ្រឹស្តី​វិទ្យាសាស្ត្រ​មួយ​បាន​បង្ហាញ​ថា ប្រភេទ​សត្វ​ដែល​មាន​សមត្ថភាព​បង្ក​កំណើត​ខ្លួនឯង ឬ Parthenogenesis នៅ​ពេល​ដែល​ចំនួន​ពួក​វា​ថយ​ចុះ ហើយ​ពួក​វា​នឹង​ជិត​ផុត​ពូជ​។ លោក​វេជ្ជបណ្ឌិត Booth បាន​ប្រាប់​សារព័ត៌មាន BBC ថា វា​អាច​កើតឡើង​ចំពោះ​ប្រភេទ​សត្វ​ដាយ​ណូ​ស័​រ​មួយ​ចំនួន នៅ​ពេល​ដែល​ចំនួន​របស់​វា​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​៕ (​ដកស្រង់​ចេញពី BBC, The Guardian និង USA Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ