ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បររទេះ​​ក្របី​ទៅ​ទិញ​ឈើ​ធ្វើ​ផ្ទះ​ត្រឡប់​មក​វិញ​ធ្លាក់​ពី​រទេះ​កិន​ទទឹង​ខ្លួន

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប​ការ​ហើយ​បាន​បររទេះ​ក្របី​ទៅ​រក​ទិញ​ឈើ​យក​មក​ធ្វើ​ផ្ទះ​ លុះ​ពេលត្រឡប់​មក​វិញ​​​ឈោង​ដៃ​វាយ​ក្របី​ក៏​រអិល​ជើង​ធ្លាក់​ពី​លើ​រទេះ​ ហើយ​ត្រូវ​កង់​រទេះ​កិន​ពីលើ​។ បុរស​រង​របួស​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ ហើយ​​គ្រូ​ពេទ្យ​ប្រាប់​ថា បែក​អណ្តើកខាង​ឆ្វេង​ក្រោម​ឆ្អឹង​ជំនីរ។ហេតុការណ៍​​

រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប​ការ​ហើយ​បាន​បររទេះ​ក្របី​ទៅ​រក​ទិញ​ឈើ​យក​មក​ធ្វើ​ផ្ទះ​ លុះ​ពេលត្រឡប់​មក​វិញ​​​ឈោង​ដៃ​វាយ​ក្របី​ក៏​រអិល​ជើង​ធ្លាក់​ពី​លើ​រទេះ​ ហើយ​ត្រូវ​កង់​រទេះ​កិន​ពីលើ​។ បុរស​រង​របួស​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ ហើយ​​គ្រូ​ពេទ្យ​ប្រាប់​ថា បែក​អណ្តើកខាង​ឆ្វេង​ក្រោម​ឆ្អឹង​ជំនីរ។ហេតុការណ៍​​នេះ​កើត​នៅ​វេលា​ម៉ោង​៧ និង​៤០​យប់ ថ្ងៃ​ទី​៤ ឧសភា ក្នុង​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​។

លោក​ស៊ុន ស្មាច់​ អាយុ​៤៣​ឆ្នាំ​ ​ជា​ឪពុក​ក្មេក​ មាន​ទី​លំនៅ​ក្នុង​ភូមិ​រមាស ឃុំ​តាំង​ក្រសាំង​ ស្រុក​ទឹក​ផុស​ ​រៀប​រាប់​ឱ្យ​ដឹង​ថា កូន​ប្រសារបស់​គាត់​​ឈ្មោះ​ផៃ ពុធ​ អាយុ​២៣​ឆ្នាំ​ ​ទើប​តែ​រៀប​ការ​រួច​។ កាល​ពី​ថ្ងៃ​ទី​២៨ មេសា គេ​​បាន​ទៅ​រក​ទិញ​ឈើ​ជាមួយ​អ្នក​ភូមិ​៥​នាក់​ទៀត​ ដោយ​បររទេះ​ក្របី​មួយ​ម្នាក់​។ ការ​ទៅ​ទិញ​ឈើ​នេះ​ស្ថិត​នៅ​ភ្នំ​រលាប​គុយ ​មាន​ចំងាយ​ពី​ផ្ទះ​ប្រមាណ​៣៥​គីឡូ​ម៉ែត្រ​ ។ បន្ទាប់​ពី​​ទិញ​​ឈើ​ចំនួន​១​ម៉ែត្រ​គូប​១​ផ្លាន​បាន​​ហើយ​ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ លុះ​សល់​ប្រមាណ​ជា​ង​៣​គីឡូ​ម៉ែត្រ​​ពី​ផ្ទះ​ជួប​គ្រោះ​ថ្នាក់​តែ​ម្តង​។​ ដោយ​យប់​ងងឹត​ក្របី​ដើរ​យឺតកូន​ប្រសា​គាត់​​ក៏​ឈោង​ដៃ​វាយ​ក្របី​ស្រាប់​តែ​រអិល​ជើង​ធ្លាក់ត្រង់​មុខ​កង់​រទេះ​បណ្តាល​ឱ្យ​រទេះ​កិន​​ទទឹង​ខ្លួន​របួស​ធ្ងន់​ធ្ងរ។

បុរស​ជា​ឪពុក​បន្ត​ថា ក្នុង​ចំណោម​រទេះ​ទាំង​៥ កូន​ប្រសា​គាត់​បរ​នៅ​កណ្តាល​គេ ។ បន្ទាប់​ពី​ធ្លាក់នោះ​កូន​ប្រសា​គាត់​​​ស្រែក​ឱ្យ​អ្នក​ទៅ​ជាមួយ​ជួយ ហើយ​គេ​លើក​ដាក់​​លើ​រទេះ​ ព្រម​ទាំង​​ទូរ​ស័ព្ទ​ហៅ​គាត់​ឱ្យ​ទៅ​យក​។ បុរស​ជា​ឪពុក​ក្មេក​​​ឱ្យ​ដឹង​ទៀត​ថា ពេល​​​ទៅ​ដល់​កន្លែង​កើត​ហេតុ​គាត់​ដឹក​កូន​ប្រសា​យក​ទៅ​ព្យាបាល​នៅ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​​ទឹក​ផុស​ តែ​​ដោយ​ស្ថាន​ភាព​របួស​ធ្ងន់​ធ្ងរ ​គ្រូ​ពេទ្យ​​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​។ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​​ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា របួស​ធ្ងន់​ធ្ងរ​គ្មាន​សម្ភារ​ព្យា​បាល​គ្រប់​គ្រាន់​ទេ ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា​។ គ្រូ​ពេទ្យ​មាន​ប្រសាសន៍​ថា បុរស​នេះ​បែក​អណ្តើក​ខាង​ឆ្វេង​ក្រោមឆ្អឹង​​ជំនីរ​ ដូច្នេះ​​ត្រូវ​​វះ​កាត់​បន្ទាន់​។ អណ្តើក​នេះ​មាន​តួ​នាទី​បង្កើត​គ្រាប់​ឈាម​ក្រហម​ ៕