មាស សុខសោភា ចេញមុខសុំទោស ក្រោយផ្ទុះប្រតិកម្មលើខ្លឹមសារបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីមានប្រតិកម្មសម្តែងការមិនពេញចិត្តទៅលើខ្លឹមសារបទចម្រៀងរបស់នាងមានចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង។

ការចេញមុខសុំទោសរបស់តារាចម្រៀងរូបនេះ បានធ្វើឡើងក្រោយពេលមានប្រតិកម្មពីប្រមុខដឹកនាំសម្តេចតេជោ ក្រសួងវប្បធម៌ និងមហាជនមួយចំនួនទៀត ដោយចាត់ទុកខ្លឹមសារនៃបទចម្រៀងមួយនេះហាក់បំភ្លៃប្រវត្តិសាស្ត្រ ហើយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ។

យ៉ាងណា ក្រោយពីមានការប្រតិកម្ម និងការស្នើសុំឲ្យមានការដកបទចម្រៀងខាងលើនេះពីភាគីពាក់ព័ន្ធ តារាចម្រៀងអ្នកនាង មាស សុខសោភា ក៏សម្រេចដកបទចម្រៀងមួយនេះចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងការសុំទោសជាសាធារណៈចំពោះបញ្ហានេះផងដែរ។

ហើយអ្នកនាង មាស សុខសោភា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបង្ហោះក្នុងហ្វេសប៊ុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្ត្រខ្មែរនោះទេ ប៉ុន្តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរ មុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា»។

អ្នកនាង មាស សុខសោភា បង្ហោះសារបន្តថា «នាងខ្ញុំ និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិមេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពីហ្វេសប៊ុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។ នាងខ្ញុំសន្យាថា ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចម្រើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត»។

ជាការកត់សម្គាល់ សម្តេចតេជោប្រមុខដឹកនាំបានចេញសារជាសំឡេងបន្ទាន់មួយជូនជាពិសេសដល់តារាចម្រៀងនាង មាស សុខសោភា នាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយសម្តេចបានប្រាប់ឱ្យអ្នកចម្រៀងរូបនេះ ដកចេញពីហ្វេសប៊ុករបស់ខ្លួននូវបទចម្រៀងមានចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»។ មូលហេតុ ដោយសារបទចម្រៀងនោះមានលក្ខណៈបំភ្លៃប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងអតីតព្រះមហាក្សត្រខ្មែរ ដែលប្រជាជនកម្ពុជា១៧លាននាក់កំពុងគោរព។

ដោយឡែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានបង្ហោះសារនៅផេកហ្វេសប៊ុកផ្លូវការឆ្លើយតបចំពោះបញ្ហាខាងលើនេះផងដែរថា ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ «Meas Soksophea» ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្ត្រណាមួយដែលមានលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័ន្តច្រឡំចំពោះប្រវត្តិសាស្ត្រកម្ពុជា។

ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ «Meas Soksophea» ហើយក៏ដោយ ក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជន មេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្ត្រជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្ត្រជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
គួររំលឹកថា ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្រាវជ្រាវជាន់ខ្ពស់ ប្រតិកម្មបទចម្រៀងថ្មីរបស់មាស សុខសោភា។ គួររំលឹកទៀតថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ មាស សុខសោភា ឱ្យដកចេញពីហ្វេសប៊ុកនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ៕











ចែករំលែកព័តមាននេះ