ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​រៀមច្បង សេង បទុម ឆ្លៀត​ថត​ចម្រៀង​៣​បទ​ដែល​កប់​បាត់​ជា​យូរ មុន​ចេញ​ទៅ​អា​មេ​រិ​ក​(​វី​ដេ​អូ​)

10 ខែ មុន
  • ភ្នំពេញ

លោកស្រី សេង បទុម តារាភាពយន្ត និង​តារាចម្រៀង​ទស​វត្ស​៦០ និង​៧០ បាន​ធ្វើ​ដំណើរ​មក​មាតុភូមិ​យ៉ាង​ស្ងប់ស្ងាត់​បំផុត បន្ទាប់​ពី​លោកស្រី​ខាន​បាន​មក​ឃើញ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល

រាជធានី​ភ្នំពេញ ៖ លោកស្រី សេង បទុម តារាភាពយន្ត និង​តារាចម្រៀង​ទស​វត្ស​៦០ និង​៧០ បាន​ធ្វើ​ដំណើរ​មក​មាតុភូមិ​យ៉ាង​ស្ងប់ស្ងាត់​បំផុត បន្ទាប់​ពី​លោកស្រី​ខាន​បាន​មក​ឃើញ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។

ក្នុង​វេលា​ដ៏​ពិសេស​នៃ​ការ​ជួបជុំ​ញាតិ​មិត្ត​នេះ លោកស្រី​ក៏​បាន​ឆ្លៀតពេល​ថត​ចម្រៀង​៣​បទ ដែល​កប់​បាត់​ជា​យូរ​មក​ហើយ ទុកជា​មរតក​អនុស្សាវរីយ៍​ក្នុង​វ័យ​៧០​ឆ្នាំ​នេះ នៅ​មុន​ពេល​លោកស្រី​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​។

ចម្រៀង​ទាំង​៣​បទ​នេះ រួម​មាន ៖ បទ «​សួន​កំសត់​» ស្នាដៃ​និពន្ធ​របស់​កវី យ៉ង់ ឈៀង ហៅ​សំនៀង ឬ​ទ្ធី សំនៀង​ដើម​អ្នក​ម្នាង សៀង ឌី​, បទ «​តុក្កតា​អភ័ព្វ​» ស្នាដៃ​និពន្ធ​របស់​កវី យ៉ង់ ឈៀង ហៅ​សំនៀង ឬ​ទ្ធី សំនៀង​ដើម លោកស្រី កែវ ម​ន្ថា ជា​បទ​ក្នុង​ខ្សែភាពយន្ត និង​បទ «​ទីវាល​សត្វ​យំ​» សំនៀង​ដើម អ្នកចម្រៀង​រៀមច្បង​កែវ សេដ្ឋា​។

លោកស្រី សេង បទុម បាន​រំលឹក​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហោះ​ផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៃ​ក្រុម​ដំណើរ​ខ្មែរ​ថា «​ចម្រៀង​ទាំង​៣​នេះ សុទ្ធតែ​ជា​ចម្រៀង​ដែល​លោកស្រី​ស្រឡាញ់​ពេញ​បេះដូង ហើយ​ចម្រៀង​ដើម​នៃ​បទ​ទាំងនោះ បាន​វិនាស​បាត់បង់​ដោយសារ​សង្គ្រាម​អស់​ទៅ​ហើយ នៅឡើយ​តែ​ក្នុង​ការ​ចង​ចាំ​របស់​មហាជន​ខ្មែរ​ដែល​ទាន់​ជំនាន់​នោះ​តែ​ប៉ុណ្ណោះ​។ កត្តា​នេះ បាន​ជំរុញ​ចិត្ត​លោកស្រី​ត្រូវ​លះបង់​ពេលវេលា​ខ្លះ មក​ថត​បទ​ទាំងនោះ​ឡើង​វិញ ដោយ​ចំណាយ​ថវិកា​ផលិត​ផ្ទាល់​ពី វី​រៈ វ៉ា​រ៉ា​នី ប្រធាន​ក្រុម​ដំណើរ​ខ្មែរ និង​កិច្ច​ចាត់ចែង​ផលិត​ពី​ក្រុម​តន្ត្រី​អនុស្សាវរីយ៍​។ ហើយ​តាម​រយៈ​បទ​ចម្រៀង​​ទាំង​អស់នេះ លោកស្រី​បាន​ជូន​សិទ្ធិ​ទៅ​កាន់​ក្រុម​ដំណើរ​ខ្មែរ ដើម្បី​រៀបចំ​ផលិត​ជា​វី​ដេ​អូ​ផ្សាយ​ជា​ឧត្តម​ប្រយោជន៍​ក្នុង​វ​ង្វ​ង់​សិល្បៈ​ខ្មែរ​»​។

បើ​យោង​តាម​ការ​រៀបរាប់​របស់​លោក វី​រៈ វ៉ា​រ៉ា​នី ប្រធាន​ក្រុម​ដំណើរ​ខ្មែរ បានអោយ​ដឹង​ថា «​លោក​មាន​​សេចក្តី​រំភើប​រីករាយ​ណាស់ ដែល​នេះ​ជា​កិត្តិយស​ដ៏​ធំធេង ដោយ​បាន​លោកស្រី សេង បទុម តារា​រៀមច្បង​ជំនាន់​មុន បកស្រាយ​បទ​ទាំងនោះ​ឡើង​វិញ សម្រាប់​ក្រុម​ដំណើរ​ខ្មែរ និង​ក្រុម​តន្ត្រី​អនុស្សាវរីយ៍ ក៏​ដូច​ជា​មហាជន​ដែល​គាំទ្រ​មរតក​ចម្រៀង​ជំនាន់​មុន​»​។

លោក វី​រៈ វ៉ា​រ៉ា​នី ប្រធាន​ក្រុម​ដំណើរ​ខ្មែរ ជា​អ្នក​ស្រាវជ្រាវ​ឯកសារ​ចម្រៀង និង​ភាពយន្ត​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​អ្នក​អធិប្បាយ​ដ៏​មាន​ទឹកដម​សំឡេង​ពីរោះ​ជាប់ចិត្ត​ម្នាក់​ផង​នោះ បាន​ប្រាប់​អោយ​ដឹង​បន្ថែម​ទៀត​ថា «​ក្រោយ​ពី​លោក​សំរាក​ពី​ក្រុមព្រះ​សុរិយា​កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ លោក​ក៏​បាន​ចាប់ផ្តើម​រៀបចំ​គម្រោង​ការងារ​ជា​ច្រើន​នៅ​លើ​វិស័យ​សិល្បៈ​ភាព​យន្ត ចម្រៀង និង​ប្រវត្តិសាស្ត្រ​ខ្មែរ ទាំង​ការ​ផលិត​វី​ដេ​អូ និង​ការ​សរសេរ​សៀវភៅ ដោយ​បាន​បង្កើត​ក្រុម​ដំណើរ​ខ្មែរ និង​ក្រុម​តន្ត្រី​អនុស្សាវរីយ៍ ដែល​មាន​លោក​ជា​ប្រធាន និង​មាន​សមាជិក​ចំនួន​៣៨​នាក់​។ ការ​ផលិត​ចម្រៀង​ដែល​បាត់បង់​ឡើង​វិញ​នេះ គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​របស់​ក្រុម​លោក ដែល​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​»​។

លោក វី​រៈ វ៉ា​រ៉ា​នី បាន​បញ្ជាក់​បន្ថែម​ថា «​ក្រោយ​ពេល​បទ​ចម្រៀង​ទាំងនោះ​ផលិត​ជា​សំឡេង​រួច​ហើយ ក្រុមការងារ​ដំណើរ​ខ្មែរ និង​រៀបចំ​ផលិត​ជា MV ដោយ​ច្នៃ​ឡើង​តាម​លំនាំ​សាច់​រឿង​ដើម​នៃ​បទ​ទាំងនោះ រួច​បង្ហោះ​ផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​បណ្តេញ​សង្គម​ផ្លូវការ​របស់​ក្រុម​លោក​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​រៀមច្បង សេង បទុម ក្រៅពី​មានឈ្មោះ​ល្បី​ក្នុង​វិ​ថី​សិល្បៈ​ភាពយន្ត​ថា ជា​តា​រា​សិច​ស៊ី​ប្រចាំ​កម្ពុជា​សម័យ​សាធារណរដ្ឋ​ខ្មែរ លោកស្រី​ក៏​ជា​អ្នកចម្រៀង​យ៉េ​យ៉េ​មួយ​ដួង នៃ​វង់​តន្ត្រី​កងពល​ថ្មើរជើង​លេខ​១ ហើយ​ក៏​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​ជាមួយនឹង​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា​។ លោកស្រី​បាន​រៀន​ច្រៀង​ចម្រៀង​តាំងពី​មុន​លោកស្រី​ចូល​សម្តែង​ភាពយន្ត​ម្ល៉េះ លុះ​មក​ដល់​ឆ្នាំ​១៩៦៦ លោក ស៊ី​ន ស៊ី​សា​មុត ជា​គ្រូ​របស់​លោកស្រី​ធ្លាប់​តែង​ចម្រៀង​មួយ​បទ​ប្រគល់​អោយ​លោកស្រី​ច្រៀង​ផ្សាយ​​វិទ្យុជាតិ គឺ​បទ «​អូន​សូម​ផ្ញើខ្លួន​» ដែល​ជា​ចម្រៀង​ដំបូង​បង្អស់​របស់​លោកស្រី​។

គួ​រ​រំលឹកថាចាំ​ទេ​! អតីត​តារា​សម្តែង​លោកស្រី សេង បទុម ស្កាត់​​ជួប សោម ដូ​រិ​ន ដែល​ជួយ​ជីវិត​រួច​ផុត​ពី​ដៃ​ខ្មែរ​ក្រហម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ