រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ នៅថ្ងៃទី៦ ឧសភា ស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ឧសភា ២០១១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី៤ ឧសភា ។
សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ទៀតថា គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលប្រព្រឹត្តធ្វើរយៈពេល២ថ្ងៃនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនេះ នឹងពិភាក្សាបញ្ហាមួយចំនួនរួមមានការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទីបង្ហាញផ្លូវសម្រាប់បង្កើតសហគមន៍អាស៊ាន ទំនាក់ទំនងអាស៊ានជាមួយអន្តរជាតិ សហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសសភាពការណ៍នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមទៀតថា នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ គឺធ្វើសន្និសីទកាសែត ហើយរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយ ។ សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីនផងដែរ៕
ចែករំលែកព័តមាននេះ