ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​មែន​! បុរស​ម្នាក់​យក​សន្ទះ​សម្បកខ្យង​មក​ធ្វើ​ជា​អាវ​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

10 ខែ មុន
  • ភ្នំពេញ

ពិតជា​ថ្មី​ប្លែក​សម្រាប់​មហាជន​ទៀត​ហើយ ដោយ​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​បុរស​ម្នាក់​បាន​ច្នៃ​សម្លៀក​បំពាក់​មួយ​ឈុត​ធ្វើ​អំពី​សន្ទះ​សម្បកខ្យង ហើយ​កំពុង​តែ​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឃើញ​សម្លៀក​បំពាក់​មួយ​ឈុត​នេះ

ខេត្តសៀមរាប ៖ ពិតជា​ថ្មី​ប្លែក​សម្រាប់​មហាជន​ទៀត​ហើយ ដោយ​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​បុរស​ម្នាក់​បាន​ច្នៃ​សម្លៀក​បំពាក់​មួយ​ឈុត​ធ្វើ​អំពី​សន្ទះ​សម្បកខ្យង ហើយ​កំពុង​តែ​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឃើញ​សម្លៀក​បំពាក់​មួយ​ឈុត​នេះ ហើយនឹង​ស្នាដៃ​របស់​លោក​ជា​ច្រើន​ទៀត ដែល​ដាក់​តាំង​ជា​បន្តបន្ទាប់​។

ជា​ការ​កត់សម្គាល់ អាវ​ដែល​ធ្វើ​ពី​សន្ទះ​របស់​សត្វ​ខ្យង​នោះ​ឃើញ​ថា អាវ​មួយ​សម្រាប់​នេះ ដូច​ជា​ឈុត​នៅ​ក្នុង​រឿង​ភាគ​ចិន ដែល​អ្នកក្លាហាន​ពាក់​នៅ​ពេល​ប្រយុទ្ធ ដោយ​ពន្លឺ​នៃ​សម្បកខ្យង​បាន​ចែង​ចាំង​ចេញ​មក​ពិតជា​ស្អាត​ប្លែក​មែន រាល់​គំនិត​ច្នៃប្រឌិត​របស់​បុរស​ម្នាក់​នេះ​។

ប្រាកដ​ណាស់ បុរស​រូប​នេះ មិន​ត្រឹមតែ​ច្នៃ​កាក់​សំណល់​ពី​សម្បក​សន្ទះ​ខ្យង​នោះ​ទេ ដោយ​លោក​បាន​កែ​ច្នៃ​កាក់​សំណល់​ជា​ច្រើន​ទៀត ដែល​គេ​យក​មក​បោះចោល មក​ធ្វើ​ជា​របស់​ដែល​មាន​តម្លៃ​សម្រាប់​សាធារណជន​ទូទៅ​បាន​ទស្សនា​។

បន្ថែម​ពី​នេះ រាល់​ស្នាដៃ​របស់​លោក​ជា​ច្រើន ក៏​ត្រូវ​បាន​មហាជន​អោយ​តម្លៃ និង​ទទួលស្គាល់​ជា​បន្តបន្ទាប់​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ​។ ហើយ​ការ​កែ​ច្នៃ​ពី​កាក់​សំណល់​ផ្សេង​ៗ​នៅ​សង្គម​ខ្មែរ​នា​ពេល​បច្ចុ​ប្បន្ន ក៏​កំពុង​តែ​មានការ​កើនឡើង ដោយ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាច​ជួយ​អោយ​បងប្អូន​ដែល​ជា​កែ​ច្នៃ​នោះ មានការ​ងារ​ធ្វើ ទទួល​បាន​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព ជួយ​ដល់​សង្គម ជា​ពិសេស​បញ្ចេញស្នាដៃ​ដែល​ខ្លួន​មាន​អោយ​គេឯង​បានឃើញ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក រៀម មុនី​ស៊ី​ឡុ​ង ដែល​ជា​អ្នក​ច្នៃ​ម៉ូត​ម្នាក់ បាន​ជម្រាប​ជូន​ថា «​លោក​បាន​ចាប់ផ្តើម​កែ​ច្នៃ​របស់របរ​ផ្សេង​ៗ​ដែល​ជា​កាក់​សំណល់​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​១៤​ឆ្នាំ​ដែល​លោក​បាន​ប្រកប​របរ​មួយ​នេះ​»​។

លោក មុនី​ស៊ី​ឡុ​ង ដែល​ជា​អ្នក​ច្នៃ​អាវ​ពី​សន្ទះ​ខ្យង​កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​រូប​នេះ បាន​បន្ថែម​​បន្ត​ថា «​ការ​ច្នៃ​ពិតជា​លំបាក​ខ្លាំង ដោយ​ត្រូវ​ផ្ចិតផ្ចង់​ដេរ​ដោយ​សន្សឹម​ៗ មិន​អាច​បង្ខំ​បាន​ឡើយ ដោយ​សម្បក​នៃ​សន្ទះ​ខ្យង​វា​រឹង ដូច្នេះ​ការ​ធ្វើ​ត្រឹមតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​ធ្វើ​អោយ​សម្បកខ្យង​ដែល​ដេរ​ទៅ​មាន​លក្ខណៈ​ជា​ជួរ ត្រូវ​រៀប​ដាក់​អោយ​បាន​ស្មើ មាន​លំដាប់លំដោយ ទើប​មើលទៅ​ស្អាត​ល្អ​»​។

លោក​បន្ត​ទៀត​ថា «​ចំពោះ​មូលហេតុ​ដែល​លោក​ច្នៃ​សម្បកខ្យង​ធ្វើ​ជា​អាវ​នេះ ដោយ​លោក​ឃើញ​ថា កន្លែង​ដែល​លោក​រស់នៅ ភូមិកំណើត​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេតសៀម​រាប​នេះ សម្បូរ​សត្វ​ខ្យង ដូច្នេះ​លោក​ក៏​ប្រ​ម៉ែ​ប្រមូល​មក​ធ្វើ​ជា​អាវ​ដែល​លក្ខណៈ​ប្លែក​នេះ​។ អាវ​ដែល​លោក​​ធ្វើ​ពី​សន្ទះ​ខ្យង​នេះ មានឈ្មោះ​ថា «​កូន​នាគ​អាស៊ី​» ដោយ​អាវ​មួយ​នេះ ធ្វើ​រួច​ជា​ស្រេច​ដែល​មាន​ទម្ងន់​៩​គីឡូក្រាម ហើយ​ការ​ច្នៃ​ធ្វើ​ឡើង​ពី​ការ​ដេរ​ដោយ​ដៃ និង​ការ​ផ្ចិតផ្ចង់​ជាទី​បំផុត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក រៀម មុនី​ស៊ី​ឡុ​ង ដែល​ជា​អ្នក​ច្នៃ​ម៉ូត​រូប​នេះ ក្រៅពី​ទទួល​បានការ​កោតសរសើរ​ពី​មហាជន លោក​ក៏​ទទួល​បាន​ពានរង្វាន់​មួយ​ចំនួន​ផង​ដែរ ដូច​ជា ៖ ពានរង្វាន់ អា​សាន​បរិស្ថាន និង​ពានរង្វាន់​មេត្រីភាព​បរិស្ថាន​។

ជា​ចុង​ក្រោយ លោក​ពិតជា​អគុណ​ខ្លាំង​ណាស់ រាល់​ការ​គាំទ្រ​អោយ​តម្លៃ​ស្នាដៃ​របស់​លោក ដោយ​លោក​សូម​អោយ​បងប្អូន ក៏​ដូច​ជា​សារ​ធារ​ណ​ជន​ជួយ​ថវិកា​ខ្លះ​ៗ​សម្រាប់​យក​មក​ទិញ​សូ​ឡា​ដាក់​តាម​ដងផ្លូវ ស្ថិត​ក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​មាន​ចំនួន​១០​ភូមិ មាន​ប្រវែង​ចំនួន ១១៣៧១​ម៉ែត្រ ក្នុង​នោះ​ត្រូវ​ដាក់​សូ​ឡា ២០​ម៉ែត្រ​មួយ​ដើម​សងខាង​ផ្លូវ ដោយ​ត្រូវ​ចំណាយ​សូ​ឡា​អស់ ៥៦៨​ដើម​សម្រាប់​ក្នុង​ឃុំ​ទាំងមូល​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ