មានរឿងភ្ញាក់ផ្អើលកើតឡើងនៅក្នុងហាងលក់មីហឹរកូរ៉េម៉ាកយីហោ ហាជូន ខូរៀន (Ha-Jun Korean) ស្ថិតនៅជាន់ទី៤នៃផ្សារទំនើបក្លឺមេនធី ម៉ល (Clementi Mall) ប្រទេសសិង្ហបុរី។ នារីជនជាតិសិង្ហបុរីម្នាក់ឈ្មោះលី ចូលញ៉ាំមីហឹរនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែឧសភា។ កំពុងញ៉ាំសុខៗ, នាងមានអារម្មណ៍ថាសាច់គោដែលនាងកំពុងទំពារហាក់ដូចជាមានរសជាតិខ្ទិះៗខុសពីសព្វ១ដង។ នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី ស៊ីនមីនដេលីញូស៍ (Shin Min Daily News)។
ផ្សារទំនើប Clementi Mall នៅប្រទេសសិង្ហុបុរី ដែលមានហាងលក់មីហឹរ Ha-Jun Korean នៅជាន់ទី៤នាងប្រាប់ថានាងប៊ិះតែនឹងលេបចូលទៅក្នុងពោះបាត់ទៅហើយ។ ប៉ុន្តែនាងខ្ជាក់មកទាន់ ឃើញសត្វកន្លាត១ក្បាល ធ្វើឱ្យនាងមានអារម្មណ៍ខ្ពើមឆ្ពើមមែនទែន។ បន្ទាប់ពីនាងយករឿងនេះប្រាប់បុគ្គលិកនៅក្នុងហាងមីហឹរនេះ, ពួកគេធ្វើព្រងើយៗ។ នាងក៏យករឿងនេះប្រាប់អ្នកគ្រប់គ្រងហាងឈ្មោះអ្នកនាងឈឹន (Chen)។
ហាងមីហឹរកូរ៉េ Ha-Jun Korean នៅផ្សារទំនើប Clementi Mall (ប្រទេសសិង្ហបុរី)អ្នកនាងក៏ជួយដោះស្រាយលើ៣ចំណុចផងដែរ។ ទី១- បង្វិលប្រាក់ដប់ដុល្លារសិង្ហបុរី (ស្មើនឹង៧,៤ដុល្លារអាមេរិក) ត្រឡប់ទៅជូនអ្នកនាងលីវិញ, ទី២- ប្រាប់ឱ្យគេធ្វើមីហឹរចានថ្មីជូនអ្នកលី និងទី៣- ហាងនឹងរ៉ាប់រងលើថ្លៃពិនិត្យសុខភាព និងព្យាបាលជំងឺ។ បើមានបញ្ហាសុខភាព, អ្នកនាងលីអាចទៅជួបពេទ្យសិន។ អស់ប៉ុន្មានអីប៉ុន្មានចាំទូទាត់គ្នាតាមហ្នឹង។

ដោយសារអ្នកនាងលីមិនចង់បានការសន្យាតែមាត់ទទេ, អ្នកនាងបានស្នើសុំឱ្យហាងធ្វើលិខិតសន្យាជាលាយលក្ខអក្សរទើបនាងអស់ចិត្ត។ ប៉ុន្តែពួកគេមិនអាចធ្វើតាមសំណូមពររបស់នាងបានទេ។ ដោយសារពេលនោះ, នាងញ៉ាំមីហឹរមិនទាន់អស់ពីចាន, អ្នកគ្រប់គ្រងហាងប្រាប់ឱ្យគេធ្វើមីហឹរ១ចានថ្មីមកឱ្យនាង។ ប៉ុន្តែនាងមានអារម្មណ៍ថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ នាងមិនហ៊ានប្រថុយទៀតទេ។ ម៉្លោះហើយ, នាងក៏ចាកចេញពីហាងនោះទៅ។

នាងលីប្រាប់ថាហាងនេះមើលពីសម្បកក្រៅដូចជាគ្រាន់បើដែរ។ មីហឹរលក់នៅក្នុងហាងហ្នឹងក៏មិនមែនថោកប៉ុន្មានទេ។ នាងធ្លាប់ចូលប៉ុន្មានដងមកហើយ។ មិននឹកស្មានថាមានរឿងអីចឹងៗកើតឡើងចំពោះរូបនាងទាល់តែសោះ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់, កាសែតស៊ីនមីនដេលីញូស៍បានចាត់បុគ្គលិកចុះទៅដល់ហាងនោះកាលពីថ្ងៃសៅរ៍។ អ្នកគ្រប់គ្រងហាងទទួលស្គាល់ថាមូលហេតុដែលមានសត្វកន្លាតនៅក្នុងមីហឹរកើតចេញពីការធ្វេសប្រហែស។

ចំណុចមួយដែលហាងមិនអាចធ្វើតាមសំណូមពរបានគឺការធ្វើលិខិតធានាជាលាយលក្ខអក្សរលើការរ៉ាប់រងចេញថ្លៃព្យាបាលសុខភាព។ ជាគោលការណ៍របស់ហាង រាល់កិច្ចទំនាក់ទំនងត្រូវធ្វើឡើងតាម WhatsApp។អ្នកគ្រប់គ្រងហាងរូបនេះប្រាប់ថាបុគ្គលិកសុទ្ធតែបានសម្អាតទីតាំងនៅក្នុងហាងជាប់ជាប្រចាំ។ មុនពេលបើកហាងសម្អាតមួយសា។ ក្រោយពេលបិទហាងសម្អាតមួយសាទៀត។ ម៉្យាងទៀត, ហាងក៏ឧស្សាហ៍ឆែកមើលក្រែងលោមានសត្វល្អិតលាក់ខ្លួនពួនអាត្មានៅក្នុងហាង៕
ប្រភព៖ The Strait Times, Asia One និងប្រភពដទៃទៀត
https://tnp.straitstimes.com/news/singapore/woman-bites-cockroach-while-having-army-stew-korean-restaurant-clementi
https://www.asiaone.com/singapore/woman-finds-cockroach-midway-through-army-stew-meal-clementi-mall-says-staff-was
ចែករំលែកព័តមាននេះ