ថ្មីៗនេះ សមត្ថកិច្ចនៅប្រទេសប៉េរូទើបតែចាប់បានគ្រឿងញៀនប្រភេទកូកាអ៊ីន១ចំនួនដែលពួកឈ្មួញលាក់ទុកនៅក្នុងឡានកុងតេណឺ បម្រុងដឹកទៅទ្វីបអឺរ៉ុប។ ប៉ុន្តែអ្វីដែលមានលក្ខណៈចម្លែក ដែលសមត្ថកិច្ចពុំដែលជួបប្រទះពីមុនមកគឺពួកឈ្មួញបានប្រើប្រាស់សញ្ញាអ៊ីទ្លែ និងឈ្មោះអ៊ីទ្លែសម្រាប់បោះត្រានៅលើកញ្ចប់ផលិតផលរបស់ខ្លួន។

ដំណើររឿងនោះមានដូចតទៅ។ សមត្ថកិច្ចប៉េរូរកឃើញគ្រឿងញៀនកូកាអ៊ីនប្រមាណហាសិបកញ្ចប់ ដែល១កញ្ចប់ៗមានគ្រឿងញៀនទម្ងន់១គីឡូក្រាម។ ដូច្នេះសរុបទៅ, គ្រឿងញៀនទាំងនេះមានទម្ងន់សរុប៥០គីឡូក្រាម។ កូកាអ៊ីនត្រូវពួកឈ្មួញដាក់នៅក្នុងប្រអប់រាងបួនជ្រុងដូចដុំឥដ្ឋ។ តាមគម្រោង, បើគ្មានការស្ទាក់ចាប់បានទេ, គ្រឿងញៀនទាំងនេះត្រូវគេដឹកតាមកុងតេណឺចុះកប៉ាល់សំដៅទៅប្រទេសបែលហ្សិក។

បន្ទាប់មក, ពួកគេនឹងបន្តបញ្ជូនទៅតាមសាខាចែកចាយរបស់ពួកគេនៅទ្វីបអឺរ៉ុបដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់។ សមត្ថកិច្ចបញ្ជាក់ថានៅលើប្រអប់នីមួយៗមានវ៉ៃត្រាសញ្ញាស្វ័រស្ទីកា (swastika) ដែលជាសញ្ញារបស់អ៊ីទ្លែ។ នៅពេលសមត្ថកិច្ចបើកកញ្ចប់នោះ ឃើញឈ្មោះរបស់អ៊ីទ្លែ ដែលត្រូវពួកឈ្មួញព្រីនដាក់នៅលើកញ្ចប់។ សមត្ថកិច្ចអះអាងថាពីការចាប់បានគ្រឿងញៀនទាំងនេះ។ ប៉ុន្តែពួកគេមិនបាននិយាយពីការចាប់ខ្លួនជនសង្ស័យនៅក្នុងរឿងនេះទេ។

សមត្ថកិច្ចប៉េរូប្រាប់ថាកាលពីពេលកន្លងមក, ពួកគេធ្លាប់ចាប់បានគ្រឿងញៀនរាប់មិនអស់ ដែលដាក់សញ្ញាប្លែកៗសម្រាប់សម្គាល់ផលិតផលរបស់ក្រុមអ្នកជួញដូរ និងចែកចាយគ្រឿងញៀន។ ប៉ុន្តែករណីដាក់សញ្ញាអ៊ីទ្លែនៅលើកញ្ចប់គ្រឿងញៀនបែបនេះគឺមិនដែលជួបប្រទះពីមុនមកទេ។ នេះជាលើកដំបូងបង្អស់។

ក្រុមអ្នកជំនាញខាងបញ្ហានេះយល់ថានេះជាផ្នែក១នៃយុទ្ធសាស្ត្រ ឬតាកទិចរបស់ក្រុមជួញដូរគ្រឿងញៀនដើម្បីជាសញ្ញាសម្ងាត់ ឬម៉ូសម្គាល់ថានេះជាគ្រឿងញៀនរបស់ក្រុមណា១ និងត្រូវដឹកទៅកាន់ទីតាំងណាមួយ។ វាអាចជាក្បួនម៉ាឃីតធីង (marketing) របស់ពួកគេដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អតិថិជន និងអ្នកចង់សហការរកស៊ីនៅក្នុងវិស័យគ្រឿងញៀន។ បើយោងតាមប្រភពសម្ងាត់របស់សមត្ថកិច្ច, គ្រឿងញៀនទាំងនេះបម្រុងដឹកទៅបែលហ្សិកដើម្បីចែកចាយនៅទីនោះសិន។ រួចហើយចែកចាយបន្តទៅប្រទេសហូឡង់, បារាំង និងអេស្ប៉ាញ។

សូមជម្រាបថាក្រោយសង្គ្រាមលោកលើកទី២, ពួកមន្ត្រីធំៗរបស់ក្រុមអ៊ីទ្លែបានរត់ទៅសម្ងំលាក់ខ្លួននៅតំបន់អាមេរិកខាងត្បូង។ ចំណែកនៅទ្វីបអឺរ៉ុប ក្រុមអ៊ីទ្លែត្រូវអាជ្ញាធរប្រទេសនានាតាមចាប់ខ្លួន និងយកទៅកាត់ទោស។ ក្រុមអ៊ីទ្លែនិយមជំនាន់ថ្មីនៅតែមិនទាន់សាបសូន្យនៅឡើយទេ។ ដូចនេះ គេគិតថាគ្រឿងញៀនដែលដឹកពីប្រទេសប៉េរូនោះអាចនឹងដឹកទៅផ្គត់ផ្គង់តម្រូវការរបស់ក្រុមនេះក៏អាចថាបាន៕

ប្រភព៖ Business Insider, Reuters
https://www.insider.com/peruvian-police-discover-cocaine-bricks-labeled-nazi-flag-hitler-name-2023-5
https://www.reuters.com/world/americas/peru-police-seize-cocaine-marked-with-nazi-swastikas-headed-belgium-2023-05-26/
ចែករំលែកព័តមាននេះ