ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី៣ ឧសភា ផ្សាយថា ក្រុមហ៊ុន «Victoria milan-es» របស់អេស្ប៉ាញ បានណែនាំដល់ស្ត្រីជាប្រពន្ធត្រូវមានសម្ព័ន្ធភាពក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយប្តី ឬមានសហាយស្មន់ជាមួយបុរសផ្សេង ដើម្បីភ្លក្សរសជាតិ បទពិសោធន៍ថ្មីក្នុងជីវិត ។
ក្រុមហ៊ុននោះបានធ្វើការឃោសនាដោយបិទរូបថតនៅលើស្លាកបដាឃោសនាតាមដងផ្លូវក្នុងទីក្រុងម៉ាឌ្រីដ និងមានសរសេរអក្សរមួយឃ្លាមានអត្ថន័យថា «រំដោះតណ្ហា ចូរមានសហាយស្មន់នឹងគ្នា » ស្របពេលជាមួយគ្នានេះ ក៏មានរូបភាពស្ត្រីម្នាក់កំពុងញញឹម ខណៈពេលបណ្តើរគ្នាជាមួយសហាយស្មន់របស់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបម្រើសេវាកម្មខាងលើត្រូវបានមជ្ឈដ្ឋានបុរសអេស្ប៉ាញចោមរោមវាយប្រហារ ដោយបុរសជាច្រើននាក់បានបង្ហាញទិន្នន័យក្នុង Facebook របស់ក្រុមហ៊ុនក្នុងអត្ថន័យរិះគន់ថា ក្រុមហ៊ុនគួរមានលក្ខណៈខ្មាសអៀនចំពោះការទ្រទ្រង់ឱ្យមនុស្សមានសហាយស្មន់។ ចំណែកបុរសម្នាក់ទៀតដែលអះអាងថា ខ្លួនជាប្រធានផ្នែកទីផ្សារបានគូសបញ្ជាក់ថា គេសង្ឃឹមថា សេវាកម្មប្រភេទនេះ នឹងមិនដំណើរការទៅមុខហើយនឹងត្រូវខាតបង់ ព្រោះជនជាតិអេស្ប៉ាញមានទំនុកចិត្តលើក្រុមគ្រួសារជឿជាក់លើគូស្នេហ៍ក្នុងក្តីស្រឡាញ់ ។បុរសជនជាតិអេស្ប៉ាញខាងលើបានបញ្ជាក់ដូច្នេះថា «តើមានសីលធម៌បែបណា ដែលអ្នកត្រូវគាំទ្រ ?»។
ស្របពេលជាមួយគ្នានេះ ខាងក្រុមហ៊ុនបានធ្វើការតបតក្នុងអាកប្បកិរិយាក្រអឺតក្រទមថា យើងព្យាយាមបង្កើតបទពិសោធន៍ដល់មនុស្សឱ្យបានជួបគ្នាជាមិត្តនិងគួរឱ្យមានក្តីរំភើប រួមទាំងបង្កើតភាពរីករាយដល់ជីវិត ។ លើសពីនេះទៀតក៏បញ្ជាក់ថា ក្រុមហ៊ុនបានភ្ជាប់ប្រព័ន្ធគេហទំព័រលើកដំបូងនៅតំបន់អឺរ៉ុប ដោយសំដៅទៅលើអ្នកដែលរៀបការរួច ឬមានសម្ព័ន្ធភាពគ្នាហើយក្រុមហ៊ុនក៏បានស្នើនូវបរិយាកាសដែលមនុស្សអាចមានសេចក្តីសុខ ខណៈបានស្គាល់អ្នកណាម្នាក់ និងមានសម្ព័ន្ធភាពទាំងក្នុងប្រទេសឬក្រៅប្រទេស ដោយរឿងរ៉ាវទាំងនេះនឹងបានដឹង លុះត្រាតែសាកល្បង ។
ក្រៅពីនេះ ក្រុមហ៊ុនថែមទាំងបានយកសម្តីរបស់អតិថិជនដែលមានសហាយស្មន់ ដោយបញ្ជាក់ថា ពួកយើងបានជួបបុរសជាច្រើននាក់ចូលមកទាក់ទង និងមានសេចក្តីសុខរួមគ្នា ។ ចំណែកអតិថិជនម្នាក់ទៀត ជាស្ត្រីរៀបការរួច អាយុ៤៣ឆ្នាំ បញ្ជាក់ប្រាប់ថា នាងបានជួបនឹងសហាយស្មន់ដ៏គួរឱ្យស្រឡាញ់ និងធ្វើឱ្យឈ្លក់វង្វេង ៕
ចែករំលែកព័តមាននេះ