ប្រិយមិត្តជាទីមេត្រី! មនុស្សយើងបើមើលពីសម្បកក្រៅមិនអាចដឹងអស់នូវធាតុពិតរបស់គេបានឡើយ។ តួយ៉ាងដូចជាបុរសម្នាក់នៅវៀតណាមដែលមានអាយុរហូតដល់ជាង៨០ឆ្នាំទៅហើយ នៅតែប្រព្រឹត្តអំពើអកុសលធម៌ដដែល។ ដំណឹងនេះទុកជាការដាស់តឿនក្រើនរម្លឹកដល់បុថុជ្ជនទាំងឡាយដែលគិតទៅរឿងស្មោគគ្រោក សូមដកខ្លួនថយ និងពិចារណាឡើងវិញ។

សំណុំរឿងនេះពាក់ព័ន្ធនឹងបុរសវ័យ៨៦ឆ្នាំ នៅមិនទាន់អស់កិលេសពីក្នុងខ្លួន។ ឥឡូវនេះ គាត់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងប្ដឹងទៅតុលាការពីបទរំលោភសេពសន្ថវៈ។ ហើយការសេពសន្ថវៈនេះមិនមែនទៅលើមនុស្សពេញវ័យទេ។ ប៉ុន្តែទៅលើអនីតិជនទៅទៀត។ បើតុលាការរកឃើញថាគាត់មានកំហុសដូចការចោទប្រកាន់មែន, គាត់អាចនឹងជាប់ទោសធ្ងន់ធ្ងរបំផុត។

យោងតាមសារព័ត៌មានវៀតណាមអ៊ិចប្រែស (Vietnam Express), ជនសង្ស័យត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទរំលោភសេពសន្ថវៈទៅលើកុមារីអាយុ៦ឆ្នាំ។ ជនជាប់ចោទឈ្មោះឌឿងវ៉ាន់ទាន់ (Duong Van Toan) អាយុ៨៦ឆ្នាំ រស់នៅសង្កាត់ឡុងបៀន (Long Biên) ទីក្រុងហាណូយ។ ដំណើរហេតុនៃសំណុំរឿងនេះមានសេចក្ដីដូចតទៅ។

នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, គាត់យកសំរាមទៅបោះចោល។ ស្រាប់តែក្រឡេកទៅឃើញកុមារីម្នាក់កំពុងលេងនៅមុខផ្ទះ។ គាត់ក៏ដើរទៅដឹកដៃក្មេងនោះចូលទៅក្នុងផ្ទះរបស់គាត់។ គេមិនបានដឹងថាគាត់បានប្រព្រឹត្តអំពើអ្វីខ្លះទៅលើកុមារីរូបនោះ។ ស្រាប់តែនៅព្រឹកថ្ងៃបន្ទាប់, កុមារីនិយាយប្រាប់ម្ដាយរបស់ខ្លួនថាលោកតាដោះសំលៀកបំពាក់របស់នាង និងបៀតបៀនលើរាងកាយរបស់នាង។ ប្រព្រឹត្តទង្វើនេះដប់វិនាទី, គាត់ដឹកដៃកុមារីត្រឡប់ទៅផ្ទះរបស់នាងវិញ។

គ្រាន់តែឮអីចឹង, ម្ដាយរបស់កុមារីក៏ដើរវឹងទៅជួបជនសង្ស័យដើម្បីសួរនាំឱ្យដឹងសខ្មៅ។ ជនសង្ស័យប្រាប់ថាគាត់សូមអភ័យទោស បើសិនបានប្រព្រឹត្តអំពើជ្រុលជ្រួស។ គាត់សន្យាថាតែម្ដងហ្នឹងទេ។ ទៅថ្ងៃមុខ, គាត់លែងធ្វើបែបហ្នឹងទៀតហើយ។

ប៉ុន្តែគ្រួសាររបស់កុមារីមិនព្រមស្ដាប់តាមពាក្យអង្វរករនេះឡើយ។ តបតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ, សមត្ថកិច្ចបានចុះពិនិត្យមើលកន្លែងកើតហេតុ និងរឹបអូសវត្ថុតាង១ចំនួន។ ជាពិសេស, ធ្វើកោសល្យវិច័យទៅលើរាងកាយរបស់កុមារី ដើម្បីចង់ដឹងថាតើជនសង្ស័យបានប្រព្រឹត្តអំពើបៀតបៀនធ្ងន់ធ្ងរដល់ថ្នាក់រួមភេទដែរឬទេ? សំណាងល្អ, គេមិនបានរកឃើញមេជីវិតរបស់ជនសង្ស័យនៅលើរាងកាយរបស់កុមារី។ មានន័យថាមិនទាន់ឈានដល់ថ្នាក់រួមភេទនៅឡើយទេ។

សំណុំរឿងបានកន្លងផុតទៅជិត១ឆ្នាំហើយ ហេតុដូចម្ដេចបានទើបតែចោទប្រកាន់នៅពេលនេះ? មូលហេតុដោយសារសមត្ថកិច្ចត្រូវការពេលវេលាដើម្បីស្រាវជ្រាវ, ស៊ើបអង្កេត និងសន្និដ្ឋានជាច្រើនដំណាក់កាល។ បន្ទាប់មក, កសាងសំណុំរឿងបញ្ជូនទៅតុលាការដោយភ្ជាប់ជាមួយភស្តុតាងដាក់បន្ទុក។

បើទៅថ្ងៃមុខ តុលាការសម្រេចយ៉ាងដូចម្ដេច, វាជាឆន្ទានុសិទ្ធិរបស់តុលាការ។ ប៉ុន្តែរដ្ឋអាជ្ញា ដែលជាតំណាងឱ្យអំណាចនីតិប្រតិបត្តិ បានចោទប្រកាន់ជនសង្ស័យពីបទ «រំលោភសេពសន្ថវៈទៅលើអនីតិជនដែលមានស្ថានទម្ងន់ទោស»។ ជនសង្ស័យបានស្នើសុំបង់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំ។

ឪពុកម្ដាយរបស់កុមារីរងគ្រោះបានសំណូមពរឱ្យតុលាការដាក់ទោសឱ្យបានម៉ឺងម៉ាត់បំផុតទៅលើជនជាប់ចោទ ដោយអនុលោមទៅតាមក្រឹត្យក្រមនៃច្បាប់ជាធរមាន។ សូមជម្រាបថាបើយោងទៅតាមច្បាប់នៅប្រទេសវៀតណាម, ការរំលោភសេពសន្ថវៈទៅលើអនីតិជនត្រូវផ្ដន្ទាទោសប្រហារជីវិត៕
ប្រភព៖ កាសែតវៀតណាមអ៊ិចប្រែស Vietnam Express និងប្រភពដទៃទៀត
https://e.vnexpress.net/news/news/man-86-charged-with-rape-of-6-year-old-girl-4610034.html
https://tuoitrenews.vn/news/society/20230526/86yearold-man-prosecuted-for-raping-6yearold-girl-in-hanoi/73365.html
ចែករំលែកព័តមាននេះ