រាជធានីភ្នំពេញ ៖ សិស្សនារីពីរនាក់បងប្អូនដ៏ស្រស់សោភា បានជួបគ្រោះអកុសលទាំងព្រឹកព្រលឹមដោយសារផ្ទុះចង្រ្កានហ្គាស បណ្ដាលឲ្យរលាកពេញខ្លួន កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ នៅផ្ទះលេខ៣ដេ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយត្រូវសាច់ញាតិបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។
នារីរងគ្រោះជួបហេតុការណ៍អាក្រក់នោះឈ្មោះស៊ិន ម៉ូលី ភេទស្រី អាយុ២៤ឆ្នាំ និងឈ្មោះស៊ិន ឆវី ភេទស្រី អាយុ២២ឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះឈ្មោះស៊ិន ម៉ូលី បានរៀបចំដាំបបរហូបពេលព្រឹកដើម្បីទៅសាលារៀន ខណៈនោះមិនដឹងជាយ៉ាងម៉េច ស្រាប់តែភ្លើងឆាបឆេះជុំវិញចង្រ្កាន ធ្វើឲ្យជនរងគ្រោះមានការភិតភ័យជាខ្លាំង និងរត់ឆ្លេឆ្លាពេញផ្ទះហើយបានស្រែកហៅប្អូនស្រីរបស់ខ្លួនឈ្មោះស៊ិន ឆវី ឲ្យមកជួយពន្លត់ភ្លើងដែលកំពុងតែឆាបឆេះជុំវិញចង្រ្កាននោះ។ ពេលនាងប្អូនមកដល់ក្បែរចង្រ្កានស្រាប់តែចង្រ្កាននោះផ្ទុះឡើងហើយហ៊ុយផ្សែងទ្រលោម រីឯទឹកដាំបបរដែលនៅក្នុងឆ្នាំងបានជះស្រោចមកលើនារីរងគ្រោះទាំងពីរនាក់ បណ្ដាលឲ្យរលាកពេញផ្ទៃមុខដៃ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងទាំងព្រឹកព្រលឹម។ ភ្លាមនោះនារីរងគ្រោះទាំងពីរនាក់បងប្អូនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិត ។
គ្រូពេទ្យបានបង្ហើបឲ្យដឹងថា នារីរងគ្រោះជាបងរងរបួសរលាកពេញផ្ទៃមុខ និងដៃទាំងពីរ រីឯនាងប្អូនក៏រលាកផ្ទៃមុខលើទ្រូង និងដៃទាំងពីរហើយការរងរបួសនេះមិនជាធ្ងន់ប៉ុន្មាននោះទេ។ អ្នកយកព័ត៌មានកោះសន្តិភាពព្យាយាមសុំការបំភ្លឺពីនារីរងគ្រោះពីមូលហេតុនៃការផ្ទុះចង្រ្កានហ្គាសនេះ តែមិនត្រូវបានឆ្លើយតបនោះទេ៕
ចែករំលែកព័តមាននេះ