រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួចជិះរត់តាំងពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តែបែរជាមកជាប់អន្ទាក់សមត្ថកិច្ចខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារថ្នល់បត់ ផ្លូវបេតុងព្រៃស កែងផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ ហួង លី ភេទប្រុស អាយុ៦០ឆ្នាំជាង មុខរបរកសិករ ស្នាក់នៅភូមិតាឡឹប ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ដោយឡែកជនសង្ស័យវិញ មានឈ្មោះ រួត ប៉ុនរឿត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយត្រូវសមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CY 0527 (ជារបស់ជនរងគ្រោះ) រួមទាំងឧបករណ៍សម្រាប់កាច់.កម៉ូតូមួយឈុតផងដែរ (ជារបស់ជនសង្ស័យ)។

លោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន គឺដំបូងឡើយ បុរសជាជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅលាយក្រហម ទុកនៅមុខផ្ទះរបស់ខ្លួន ដោយមិនបានដកកូនសោចេញពីម៉ូតូនោះទេ។

លោកអធិការរងបន្តថា គាប់ជួនពេលនោះ មានបុរសជាជនសង្ស័យម្នាក់ឃើញទំនង ក៏ឆ្លៀតឱកាសធ្វើជាដើរចូលបន្លំទៅទិញសាប៊ូ ព្រោះថាផ្ទះរបស់ជនរងគ្រោះគឺមានលក់គ្រឿងចាប់ហួយបន្តិចបន្តួចផងដែរ។ នៅពេលចូលទៅដល់ ហើយណាមួយម្ចាស់ភ្លេចខ្លួនផងនោះ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពបញ្ឆេះម៉ូតូជិះរត់គេចខ្លួនតែម្តង ប៉ុន្តែពេលនោះបុរសជាជនរងគ្រោះក្រឡេកឃើញទាន់ ក៏ស្រែកឆោឡោអោយកូនប្រុសទាញម៉ូតូមួយគ្រឿងទៀតជិះដេញតាមជនសង្ស័យ រួចស្រែកថា «ចោរ»។

លោកអធិការរងបន្តថា លុះដេញតាមរហូតចូលដល់ទឹកដីខណ្ឌដង្កោ ក៏ជួបនឹងកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋាន ហើយក៏ជាជំនាញព្រហ្មទណ្ឌខណ្ឌដង្កោដែរ បានចេញអន្តរាគមន៍ជួយដេញតាមប្រផាប់ចាប់ប្រភីង រហូតដល់ស្តុបផ្សារថ្នល់បត់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ ព្រមទាំងធ្វើការឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់.កម៉ូតូមួយឈុតនៅក្នុងខ្លួនរបស់ជនសង្ស័យទៀតផង បន្ទាប់មកក៏នាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន»។ ក្រោយពេលសួរនាំរួចរាល់ថា ករណីនេះគឺកើតហេតុនៅក្នុងមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានទាក់ទងខាងសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង អោយមកធ្វើលិខិតប្រគល់ខ្លួនជនសង្ស័យ និងជនរងគ្រោះទៅបន្តនីតិវិធីជាបន្តទៀត៕

ចែករំលែកព័តមាននេះ