រាជធានីភ្នំពេញ ៖ យោងតាមលិខិតអញ្ជើញមេធាវីឱ្យចូលរួមសវនាការនៅថ្ងៃទី៦ ឧសភា ២០១១ ដោយលោកស៊ឺម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ចុះថ្ងៃទី១១ មេសា ២០១១ និងលោកចៅក្រមតាន់ សេណារ៉ុង របស់សាលាឧទ្ធរណ៍ចុះថ្ងៃទី១១ មេសា ២០១១ ឱ្យដឹងថា សូមជម្រាបមកលោកសុក សំអឿន មេធាវីនៅអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា អំពីការបើកសវនាការរបស់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះរឿងផ្សាយព័ត៌មានមិនពិតនៅថ្ងៃទី៦ ឧសភា ២០១១ វេលាម៉ោង៨ព្រឹក។
គួររំឭកថា លោកមឿង សុន អាយុ៦២ឆ្នាំ ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគារចំនួន២ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន និងពិន័យជាប្រាក់ចំនួន៧លានរៀល ពីបទផ្សាយព័ត៌មានមិនពិត ជាមួយគ្នានេះ បង្គាប់ឱ្យលោក មឿង សុន សងជំងឺចិត្តទៅរាជរដ្ឋាភិបាលកម្ពុជាជាដើមបណ្តឹងចំនួន៨លានរៀល ដែលមានលោកប៉ាល់ ចន្ទតារា ជាមេធាវីតំណាង ៕
ចែករំលែកព័តមាននេះ