ខេត្តព្រះវិហារ ៖ ចំណុចស្វាយជ្រំដែលភាគីសៀមស្នើដាក់ជាទីតាំងអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដោយចាត់ទុកថាជាទឹកដីរបស់ខ្លួន គឺជារឿងដ៏គួរឱ្យអស់សំណើចមួយ ខណៈដែលចំណុចនោះស្ថិតនៅក្នុងទឹកដីកម្ពុជាប្រមាណ៧គីឡូម៉ែត្រ ។ អ្នកវិភាគខ្លះបានចាត់ទុកថា ការស្នើទាំងល្ងីល្ងើនេះគឺភាគីសៀមចង់រារាំងមិនឱ្យមានអ្នកសង្កេតការណ៍មកកាន់តំបន់ព្រំដែនដែលមានជម្លោះតែប៉ុណ្ណោះ ។
កោះសន្តិភាព បានធ្វើការស្រាវជ្រាវមួយពីចំណុចភូមិស្វាយជ្រំនេះដែលបញ្ជាក់ថា ភូមិ ស្វាយជ្រំ គឺជាភូមិបុរាណខ្មែរមួយស្ថិតនៅតំបន់ព្រំដែនកម្ពុជា-សៀម និងស្ថិតនៅក្បែរជើងភ្នំប្រាសាទព្រះវិហារភាគអាគេ្នយ៍មានចម្ងាយប្រហែល៨គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជានៃឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលសម័យដើមឈ្មោះថា ភូមិឫស្សី ។ បើតាមអ្នកមានវ័យចំណាស់ៗក្នុងតំបន់នោះ និងខ្លះទៀតធ្លាប់បានបម្រើទាហានបារាំងក្នុងអំឡុងសម័យឆ្នាំ១៩០០ បានឱ្យដឹងថា ស្វាយជ្រំ គឺជាភូមិមួយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរស្រុកជាំក្សាន្តតាំងពីសម័យអាណានិគមនិយមបារាំងមកម៉្លេះ រហូតមកដល់មានការបែងចែងទឹកដីដោយអាជ្ញាធរបារាំង-សៀមទឹកដីភូមិស្វាយជ្រំ ក៏ដូចជាតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរដែរ គឺជាទឹកដីរបស់ខ្មែរ ហើយតាមប្រវត្តិគឺភូមិស្វាយជ្រំ ត្រូវបានប្រជាពលរដ្ឋខ្មែរលើរស់នៅជាប្រចាំ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ។
នៅក្នុងទសវត្សឆ្នាំ១៩៥០ ភូមិស្វាយជ្រំគឺជាទីបញ្ជាការរបស់ទាហានខ្មែរ តែពេលនោះគេពុំបានហៅថា ភូមិស្វាយជ្រំទេ គឺគេហៅថា ភូមិឫស្សី ឬហៅថា ភូមិប៉ុស្តិ៍ឫស្សី ព្រោះចំណុចខាងលើនេះមានបន្ទាយទាហានខ្មែរមួយកន្លែង ដែលគ្រប់គ្រងដោយអាជ្ញាធរស្រុកជាំក្សាន្ត ហើយកាលណោះស្ថិតនៅក្នុងខេត្តកំពង់ធំ ។
តាមប្រវត្តិបានឱ្យដឹងថា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ នាថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ តំបន់ខាងលើនេះ ក៏ត្រូវបានគ្រប់គ្រងដោយក្រុមទ័ពព្រៃខ្មែរក្រហម លុះដល់ឆ្នាំ១៩៧៩ ក៏ត្រូវបានរំដោះ និងឈរជើងដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការចូលរួមសហការពីកងទ័ពស្ម័គ្រចិត្តវៀតណាម ។ ពេលនោះបន្ទាប់ពីទទួលបរាជ័យ ទ័ពខ្មែរក្រហមបានរត់គេចខ្លួនទៅសុំជ្រកកោនក្នុងទឹកដីសៀមតាមបណ្តោយម្ខាងនៃបន្ទាត់ព្រំដែន។ ក្រោយឆ្នាំ១៩៧៩ តំបន់ប្រាសាទព្រះវិហារ និងភូមិឫស្សី ត្រូវបានគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយភូមិឫស្សីក៏បានហៅតៗគ្នារហូតមកតាមពាក្យកងទ័ពរដ្ឋាភិបាលនិងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពួកគេបោះទីតាំងឈរជើងនៅក្រោមម្លប់ស្វាយធំៗមួយជ្រំ ដែលជាភូមិបុរាណរបស់ខ្មែរ ទើបបានជាពួកគេដាក់ឈ្មោះថា ទីបញ្ជាការស្វាយជ្រំ រហូតមក និងក៏បានហៅឈ្មោះថ្មីថា ជាភូមិស្វាយជ្រំរហូតមកដល់ពេលនេះ។ ឈ្មោះនេះមិនខុសពីភូមិ «គ១» នោះទេ ពាក្យថា «គ១» គឺជាអតីតទីបញ្ជាការកងអនុសេនាធំលេខ១ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលឈរជើងជាមួយទ័ពរដ្ឋាភិបាលក្នុងទសវត្សឆ្នាំ១៩៨០ ដែលពេលនោះគេតែងតែហៅថា ទីបញ្ជាការ C.1 ជាភាសាវៀតណាម ។
មកដល់ឆ្នាំ១៩៨៩ បន្ទាប់ពីកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញពីទឹកដីកម្ពុជា តំបន់ប្រាសាទព្រះវិហារទាំងមូលត្រូវបានប្រគល់ឱ្យកងទ័ពរដ្ឋាភិបាលគ្រប់គ្រងម្តង តែជាអកុសលពេលនោះទីតាំងឈរជើងទាំងអស់ក្នុងតំបន់ប្រាសាទព្រះវិហាររបស់កងទ័ពរដ្ឋាភិបាលក៏ត្រូវក្រុមខ្មែរក្រហមដឹកនាំដោយតាម៉ុកធ្វើការវាយដណ្តើមកាន់កាប់តំបន់វិញម្តងរហូតដល់មានការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ។ ប៉ុន្តែក្រុមខ្មែរក្រហមមិនចូលរួមហើយក៏មិនបានបោះបង់តំបន់ទាំងអស់ខាងលើចោលដែរ ទើបតែនៅឆ្នាំ១៩៩៨ បន្ទាប់ពីមានគោលនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោហ៊ុន សែន ទើបក្រុមឧទ្ទាមខ្មែរក្រហម ធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ នៅពេលនោះដែរ តំបន់ប្រាសាទព្រះវិហារក៏មានអ្នកមករស់នៅដែលជាគ្រួសារកងទ័ពនៅចំណុច គ១ ឬ C.1 ទើបបានហៅថា ភូមិគ១។ ដោយសារតែមានមនុស្សទៅរស់នៅអ៊ូអរគណៈមេបញ្ជាការទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារក៏បានសម្រេចចិត្តកសាងវត្តមួយនៅលើភ្នំដងរែកជាទឹកដីរបស់ខ្មែរក្នុងបរិវេណប្រាសាទព្រះវិហារ ហើយបានដាក់ឈ្មោះថា វត្តប្រាសាទព្រះវិហារ និងក្រោយមកដាក់ឈ្មោះវត្តនេះថា វត្តកែវសិក្ខាគិរីស្វារៈហៅវត្តប្រាសាទព្រះវិហារវិញម្តង ។ ចាប់តាំងពីពេលនោះមក ភូមិស្វាយជ្រំ ដែលជាទឹកដីរបស់ខ្មែរដ៏ពិសិដ្ឋក្បែរជើងភ្នំដងរែក ត្រូវបានគ្រួសារកងទ័ពខ្មែររស់នៅជាមួយនឹងប្រជាជនដែលមានរហូតដល់ទៅជាង២៥០គ្រួសារ ។
មកដល់ឆ្នាំ២០០៩ ក្រោយពេលដែលប្រាសាទព្រះវិហារខ្មែរចុះបញ្ជីបេតិកភណ្ឌពិភពលោកបាន១ឆ្នាំ ក្នុងដំណើរការស្តារ និងអភិវឌ្ឍន៍តំបន់រណប នៃប្រាសាទព្រះវិហារ អាជ្ញាធរប្រាសាទព្រះវិហារដោយមានការចូលរួមពីអង្គការយូណេស្កូផងក៏បានតម្រូវយកភូមិស្វាយជ្រំ ទុកជាតំបន់រណបនៃប្រាសាទព្រះវិហារ ហើយតម្រូវឱ្យប្រជាពលរដ្ឋខ្មែរ២៥៣គ្រួសារ ដែលមានមនុស្សចំនួន៩០៥នាក់ (ស្រី៤៤៣នាក់) រស់នៅក្នុងភូមិស្វាយជ្រំ ចាកចេញនៅក្នុងឆ្នាំ២០១១នេះ ទៅរស់នៅក្នុងភូមិធម្មជាតិ ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំងអស់ខាងលើ ក៏ពុំទាន់ចាកចេញមួយរយភាគរយនៅឡើយទេ គឺទើបតែបានប្រមាណ៦០%ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ