ខេត្តកណ្តាល ៖ ការធ្វើអត្តឃាតពីរករណីផ្សេងពីគ្នាបានកើតឡើងបណ្តាលឱ្យបុរសម្នាក់ និងស្ត្រីម្នាក់ស្លាប់ ។ ករណីទី១បុរសម្នាក់បានចងកសម្លាប់ខ្លួននៅក្រោមកាំជណ្តើរផ្ទះរបស់ខ្លួន ដោយសារតែតូចចិត្តខ្លួនមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ។ សពត្រូវក្រុមគ្រួសារប្រទះឃើញ កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី២ ឧសភា នៅក្រោមកាំជណ្តើរផ្ទះ ស្ថិតនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ បុរសនោះឈ្មោះយ៉ាន់ មន អាយុ៥០ឆ្នាំ ។ ក្រុមគ្រួសារបានរាយការណ៍ប្រាប់ប៉ូលិស ហើយប៉ូលិសជំនាញបានទៅពិនិត្យដល់កន្លែងកើតហេតុបញ្ជាក់ថា ពិតជាចងកធ្វើអត្តឃាតមែន គឺចងនឹងក្រមាអំបោះភ្ជាប់ជាមួយមេកាំជណ្តើរផ្ទះរបស់ខ្លួន ។ បើតាមការសន្និដ្ឋានបុរសនោះស្លាប់នៅចន្លោះពីម៉ោង៣ ទៅ៤ទៀបភ្លឺថ្ងៃទី២ ឧសភា ។
តាមក្រុមគ្រួសារប្រាប់ប៉ូលិសថា បុរសយ៉ាន់ មន មានជំងឺរ៉ាំរ៉ៃយូរមកហើយគឺជំងឺថ្លើម ហើយបានដឹងខ្លួនថា មិនអាចព្យាបាលជា ។ មុនពេលកើតហេតុប៉ុន្មានថ្ងៃគាត់ចុះខ្សោយស្ទើរងើបពីកន្ទេលមិនរួច ។ នៅយប់កើតហេតុ មានបងប្អូន ក្រុមគ្រួសារនៅសំរាន្តកំដរលើគ្រែខាងក្រោមផ្ទះ។ រហូតដល់ម៉ោង៣រំលងអធ្រាត្រអ្នកកំដរបានសំរាន្តលង់លក់អស់ ព្រោះអត់ងងុយជាច្រើនយប់មកហើយ ។ លុះព្រឹកឡើង ភ្ញាក់ពីដំណេក ស្រាប់តែប្រទះឃើញគាត់ចងកស្លាប់នៅក្រោមកាំជណ្តើរផ្ទះ ។
ក្រុមគ្រួសារក៏ដូចជាសមត្ថកិច្ចសន្និដ្ឋានថា ប្រហែលជាបុរសនោះដឹងថា ខ្លួនមានជំងឺមិនអាចព្យាបាលបាន ក៏ធ្វើអត្តឃាតតែម្តង ។ ករណីធ្វើអត្តឃាតដោយឡែកមួយទៀត កើតឡើងនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ គឺឈ្មោះទៀន ស៊ីមន អាយុ៥៧ឆ្នាំ ផឹកថ្នាំសម្លាប់សត្វល្អិត ហើយត្រូវក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅក្បែរផ្ទះកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២ ឧសភា ។ មូលហេតុដែលស្ត្រីនោះផឹកថ្នាំសម្លាប់ខ្លួនត្រូវគេអះអាងថា បណ្តាលមកពីគាត់ពិបាកចិត្តខ្លាំង ដោយសារតែកូនៗរបស់គាត់ទាស់ពាក្យសំដីគ្នា ហើយតមមាត់តមកមិននិយាយស្តីរកគ្នា ។
ប៉ូលិសក្រុងតាខ្មៅឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ប៉ូលិសជំនាញក្រុងបានទៅពិនិត្យ ហើយឃើញស្ត្រីនោះដេកស្លាប់នៅជាប់ខាងក្រោយផ្ទះដោយបែកពពុះមាត់ និងឃើញដបថ្នាំពុលសម្លាប់សត្វល្អិត (ថ្នាំបាញ់បន្លែ) នៅក្បែរសព។ ប៉ូលិសសន្និដ្ឋានថា គាត់ស្លាប់នៅ ចន្លោះពីម៉ោង៩ ទៅ១០យប់ ថ្ងៃទី១ ឧសភា ។ ក្រុមគ្រួសារបានប្រាប់ប៉ូលិសថា ដោយសារពិបាកចិត្តរឿងកូនៗឈ្លោះប្រកែកគ្នា និងតមពាក្យសម្តីគ្នា ស្ត្រីឈ្មោះទៀន ស៊ីមន តែងតែដើរប្រាប់អ្នកជិតខាងថា គាត់ចង់តែស្លាប់ ។
មុនពេលកើតហេតុមួយថ្ងៃ គាត់ប្រាប់កូនៗរបស់គាត់ថា «ម៉ែសុំមើលមុខកូនៗ ជាលើកចុងក្រោយ ហើយម្តាយសុំលាហើយ»។ ដោយសារតែគាត់តែងតែដើរប្រាប់គេឯងជាញឹកញាប់ទើប គ្មាននរណាចាប់អារម្មណ៍ថា គាត់ធ្វើតាមសំដីរបស់គាត់ឡើយ ។ នៅល្ងាចថ្ងៃទី១ ឧសភា គាត់បានចេញពីផ្ទះបាត់ លុះរហូតដល់ព្រឹកថ្ងៃទី២ ឧសភា ស្រាប់តែប្រទះឃើញសពគាត់នៅជាប់ខាងក្រោយផ្ទះ ៕
ចែករំលែកព័តមាននេះ