ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រេង​យក្ស​អង់គ្លេស ប្រកាស​ប្រាក់​ចំណេញ​ខ្ពស់​លើស​ពី​ការ​រំពឹង

11 ខែ មុន

អង់គ្លេស ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​យក្ស Shell របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​ប្រាក់​

អង់គ្លេស ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​យក្ស Shell របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​ប្រាក់​ចំណេញ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ចំនួន ៩.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​តួលេខ​នេះ​ខ្ពស់​ជាង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បើ​ទោះបីជា​តម្លៃ​ថាមពល​ធ្លាក់​ចុះ​យ៉ាងណា​ក៏​ដោយ​។

ក្រុមហ៊ុន Shell បាន​នឹង​កំពុង​ប្រមូលប្រាក់​ចំណេញ​ជា​កំណត់​ត្រា ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ចាប់តាំងពី​ពេល​នោះ​មក ប្រាក់​ចំណេញ​របស់​ពួក​គេ​បាន​ធ្លាក់​ពី​ចំណុចកំពូល ក្រោយ​ការ​ឈ្លានពាន​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Shell លោក Wael Sawan បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ផ្តល់​នូវ​លទ្ធផល​ដ៏​រឹង​មាំ និង​ដំណើរការ​ប្រតិបត្តិការ​ដ៏​រឹង​មាំ ប្រឆាំង​នឹង​បញ្ហា​នៃ​ភាព​ប្រែប្រួល​ដែល​កំពុង​បន្ត​។ ទោះបីជា​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន Shell បាន​លើក​ឡើង​ថា ប្រាក់​ចំណេញ​ខ្លួន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ជួញដូរ​ដ៏​រឹង​មាំ​នៅ​ក្នុង​អាជីវកម្ម​គីមី និង​ផលិតផល​ចម្រាញ់​របស់​ខ្លួន​។

កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន BP របស់​ចក្រភព​អង់គ្លេស​ក៏​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​ដ៏​រឹង​មាំ​សម្រាប់​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ផង​ដែរ បើ​ទោះបីជា​ចំនួន​ទាប​ជាង​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​២០២២ យ៉ាងណា​ក៏​ដោយ​។

កាលពី​ខែកុម្ភៈ​កន្លង​ទៅ ក្រុមហ៊ុន Shell បាន​រាយការណ៍​ប្រាក់​ចំណេញ​ចំនួន ៣៩.៩​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដែល​កើនឡើង​ទ្វេ​ដង​នៃ​ចំនួន​សរុប​កាលពី​ឆ្នាំ​មុន និង​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​១១៥​ឆ្នាំ ខណៈ​ដែល​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​បន្ទាប់​ពី​ការ​ចាប់ផ្តើម​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​នាំ​ឱ្យ​មាន​ប្រាក់​ចំណេញ​ដ៏​ធំ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ថាមពល ហើយ​វា​ក៏​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នូវ​វិក្កយបត្រ​ថាមពល​សម្រាប់​ការ​ចំណាយ​ក្នុង​គ្រួសារ និង​អាជីវកម្ម​ផង​ដែរ​។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រហែល ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ពី​កម្រិត​ខ្ពស់​ជិត ១២៨​ដុល្លារ​មួយ​បារ៉ែល ពោល​គឺ​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ