សង្គ្រាមអ៊ុយក្រែន ៖ ភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងបំផុត ជុំវិញព្រឹត្តិការណ៍ដែលកើតមាន នៅលើវិមានក្រឹមឡាំងដែលរុស្ស៊ីនាថ្ងៃនោះចោទប្រកាន់អ៊ុយក្រែនថា វាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំងក្រុងមូស្គូកាលពីយប់ថ្ងៃទី២ មកទី៣ ឧសភា។ លើសពីនេះទៀត វិមានក្រឹមឡាំងបានបរិហារអំពើមិនសម្រេចនោះថា ជាការប៉ុងប៉ងវាយប្រហារភេរវកម្មធ្វើឃាតលោកវ្ល៉ាឌីមៀរ ពូទីន ។

រឿងនេះ កើតមានខណៈសល់តែប៉ុន្មាន ថ្ងៃទៀត ដល់ពេលប្រារព្ធពិធីយោធាដ៏ធំគឹទិវាជ័យជម្នះ
៩ឧសភា ជានិម្មិត្តរូបនៃជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ឆ្នាំ១៩៤៥។ ក៏ប៉ុន្តែពិធីព្យុហយាត្រាយោធានៅទីលានក្រហម នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ក៏ទោះបីមានការវាយប្រហារនេះក្ដី។
ចំណែកអ៊ុយក្រែនវិញអះអាងថា ខ្លួនមិនទាក់ទិនអ្វីទាំងអស់ជាមួយការវាយប្រហារនេះ ដែលពិតណាស់គួរឲ្យភ្ញាក់ផ្អើល ដោយក្រុងមូស្គូថាជាអំពើរបស់ក្រុងគៀវ ដែលជាការលុកលុយលើកដំបូងចូលដល់បេះដូងក្រុងម៉ូស្គូ ។ ការចោទប្រកាន់ទាំងនេះធ្វើឡើងពេលកំពុងមានការបង្កើនការវាយប្រហារដោយដ្រូន និងអំពើវិច្ឆេទកម្មនានា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះលើដែនដីរុស្ស៊ី និងក្នុងពេលដែលអ៊ុយក្រែននិយាយថាបានបង្ហើយការរៀបចំវាយបកខាងយោធាដ៏ធំដណ្ដើមទឹកដីដែលរុស្សុីកាន់កាប់មកវិញ។
នាយប់ថ្ងៃទី២មកទី៣ឧសភា ដ្រូន២គ្រឿងបានហោះហើរលើវិមានក្រឹមឡាំង ចន្លោះពេលគ្នា១៦នាទី។ ដ្រូនទី១ហោះលើវិមាននោះនាវេលាម៉ោង២និង២៧នាទីរំលងអាធ្រាត្រម៉ោងក្នុងស្រុក ហើយដ្រូនទី២ហោះលើនាវេលាម៉ោង២និង៤៣នាទី។ វិមានក្រឹមឡាំងអះអាងថា យើងចាត់ទុកអំពើនោះថាជាអំពើភេរវកម្ម និងជាការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី។ ដ្រូនទាំង២នោះត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធរ៉ាដាសង្គ្រាមអេឡិចត្រូនិក ពុំមានជនរងគ្រោះណាម្នាក់ឬការខូចខាតដោយសារការធ្លាក់់បំណែកដ្រូនទាំងនេះលើវិមានក្រឹមឡាំងឡើយ។ នេះបើតាមការប្រកាសផ្លូវការរបស់ក្រុងមូស្គូ។
ក្នុងវីដេអូមួយផ្សាយដោយសារព័ត៌មានរុស្សុីមួយចំនួននិងបណ្ដាញសង្គម គេឃើញដ្រូនតូចមួយហោះក្បែរដំបូលវិមានក្រឹមឡាំង មុនពេលផ្ទុះ។ វីដេអូមួយទៀតបង្ហាញដុំផ្សែងហុយពីលើទីនោះនាពេលយប់។ ក្នុងសេចក្ដីប្រកាសមួយវិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីមិនរងរបួសឡើយ។
ទន្ទឹមនឹងនេះអ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រីប៉េស្កូវអះអាងទៅកាន់សារព័ត៌មានរុស្ស៊ីថា លោកពូទីន មិនបានស្ថិតនៅវិមានក្រឹមឡាំងឡើយ ក្នុងពេលមានការវាយប្រហារនេះ។ ពេលនោះលោកកំពុងធ្វើការនៅនិវេសនដ្ឋានផ្លូវការរបស់លោក ដែលមានកិច្ចការពារខ្ពស់បំផុត ស្ថិតនៅចម្ងាយ២៥គីឡូម៉ែតខាងលិចក្រុងមូស្គូ៕
ចែករំលែកព័តមាននេះ