ខេត្តក្រចេះ ៖ គោយន្តកន្ត្រៃរាប់សិបគ្រឿងបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មដូចដឹកឈើកេររបស់ខ្លួនក្នុងការដង្ហែជាខ្សែដើម្បីដឹកឈើចេញពីតំបន់ព្រៃឡង់ចូលទៅក្រុមហ៊ុនមួយមានគោលដៅស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ គឺក្រុមហ៊ុនស៊ីង បាយអូថិច ខូ.,អិលធីឌី(Think Biotech Co.,Ltd)។
ការប្រទះឃើញសកម្មភាពក្រុមគោយន្តកន្ត្រៃដែលមានផ្ទុកទៅដោយប្រភេទឈើឈ្លិក ឡាំងបួនជ្រុង និងប្រវែងច្រើនម៉ែត្រ បានដង្ហែជាជួរបន្តកន្ទុយគ្នាយ៉ាងគគ្រឹកគគ្រេងដូចហែអង្គកឋិនទានលើកំណាត់ផ្លូវក្រួសក្រហមចេញពីដែនតំបន់ព្រៃឡង់តម្រង់ចូលទៅក្រុមហ៊ុនខាងលើ តែមិនដឹងថា ឈើទាំងអស់នេះមានច្បាប់ទម្លាប់បែបណានោះទេ ។
ប៉ុន្តែបើតាមការប្រាប់ពីក្រុមបើកបរគោយន្តនិយាយផ្ទាល់មាត់ប្រាប់ទៅអ្នកយកការណ៍ថា ក្រុមពួកគេជាអ្នកស៊ីឈ្នួលកាប់អាឈើទៅអោយក្រុមហ៊ុនស៊ីង បាយអូថិច ខូ.,អិលធីឌី(Think Biotech Co.,Ltd) តាមការបញ្ជាប្រមូលទិញពីមេកញ្ច្រែងធំៗចំនួន៣នាក់មាន ទី១-ឈ្មោះលោក ឌី ទី២-ឈ្មោះ លោក ពីរ ទី៣- ឈ្មោះ លោក មល ។
ប្រភពព័ត៌មានមួយទៀតអោយដឹងថា មុនពេលដំណើរការចូលកាប់ព្រៃអាឈើលក់ទៅអោយក្រុមហ៊ុនខាងលើ គឺមានស្ត្រីម្នាក់ឈ្មោះ ហ៊ួ ជាប្រពន្ធរបស់ឈ្មោះ មល ជាអ្នកទៅគៀងគរប្រជាពលរដ្ឋនៅភូមិវឌ្ឍនៈ ភូមិដងទង់ និង ភូមិតាងួន ក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ ដើម្បីចូលទៅកាប់ឈើរាយប៉ាយនៅតំបន់ព្រៃឡង់ ដែលជាដែនក្រៅរង្វង់ក្រុមហ៊ុនទៅលក់អោយក្រុមហ៊ុនមួយម៉ែត្រគូបតម្លៃ៤៥ម៉ឺនរៀលនេះ ជាតម្លៃមេកញ្ច្រែងទាំង៣នាក់ខាងលើទទួលទិញពីក្រុមគោយន្ត
ប្រភពព័ត៌មានបន្ថែមថា ដោយសារការកាប់និងដឹកជញ្ជូនបានទាំងយប់ទាំងកណ្តាលថ្ងៃត្រង់បានដោយសារបានរត់ការគ្រប់មន្ត្រីជំនាញ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមរួចរាល់អស់ហើយ ទើបធ្វើបានម៉ាសេរី ។
ទាក់ទិនករណីខាងលើនេះដែរ ក៏មានអ្នករត់ការម្នាក់ទៀត ដែលអួតប្រាប់គេថា ជាអ្នកសារព័ត៌មានឈ្មោះ ចាន់ ធី មានតួនាទីផ្នែកខាងសម្របសម្រួលជាកញ្ចប់ប្រចាំខែជូនអ្នកសារព័ត៌មានទាំងឡាយណាដែលចូលមកដល់ទីតាំងក្រុមហ៊ុនខាងលើដើម្បីបិទព័ត៌មានកុំឲ្យធ្វើការផ្សព្វផ្សាយនិងបញ្ចប់រឿង ។
ស្ថិតក្រោមសកម្មភាពជាក់ស្ដែងបែបនេះ ទើបនៅយប់ឈានចូលថ្ងៃ២៥ មេសា មានគោយន្តកន្ត្រៃប្រមាណជា៨០ទៅ១០០គ្រឿងបានដឹកឈើឃ្លុំ ប្រភេទឈ្លិកចេញពីតំបន់ព្រៃឡង់ចូលទៅក្រុមហ៊ុនស៊ីងបាយអូរថិចបានដោយរលូន ត្រូវបានអ្នកសារព័ត៌មានមួយក្រុមថតរូបភាពបាន និងរាយការណ៍ពាក់ព័ន្ធនឹងបទល្មើសខាងលើជូនទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ