ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើបឡើង​វិញ​ហួសការ​រំពឹង​ទុក ខណៈ​អ្នកជំនាញ​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ

1 ឆ្នាំ មុន

ចិន ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​

ចិន ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង ៤.៥% ពោល​គឺ​នៅ​ក្រោយ​ពេល​ការ​ងើប​ចេញពី​ការ​រឹត​បន្តឹង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​តឹងតែង​បំផុត​របស់​ខ្លួន​។

វិធានការ​សំខាន់​នៃ​សកម្មភាព​សេដ្ឋកិច្ច ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​ការ​ចំណាយ​របស់​ប្រជាជន និង​ការ​កើនឡើង​នៃ​សកម្មភាព​រោងចក្រ ដ្បិត​ទីក្រុង​ប៉េ​កាំ​ង​បាន​សន្យា​ថា​នឹង​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន នៅ​ពេល​ដែល​ខ្លួន​បាន​ដក​វិធានការ​រឹត​បន្តឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខែធ្នូ កាលពី​ឆ្នាំ​មុន​។

កាលពី​ថ្ងៃ​ទី​១៨ មេ​សា កន្លង​ទៅ ទិន្នន័យ​ដាច់​ដោយឡែក​សម្រាប់​ខែមីនា​បាន​បង្ហាញ​ថា ការ​លក់រាយ​ដែល​ជា​សូចនាករ​សំខាន់​នៃ​ការ​ប្រើប្រាស់​សម្រាប់​ប្រជាជន​បាន​កើនឡើង ១០.៦% បើ​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​មុន​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ទិន្នផល​ពី​រោងចក្រ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង ៣.៩%​។

ទន្ទឹម​នឹង​នេះ ក៏​មាន​ភស្តុ​តាង​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹង​មាំ​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​ផង​ដែរ​។ ទិន្នន័យ​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​របស់​ប្រទេស​ចិន បាន​បង្ហាញ​ថា ការ​ធ្វើ​ដំណើរ​តាម​អាកាស​ជាង​៤៥​លាន​នាក់ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែ​មុន ដែល​ជា​ការ​កើនឡើង​ស្ទើរតែ​៣​ដង បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ចិន​បាន​បន្ត​ដំណើរការ​ពាក្យសុំ​ទិដ្ឋាការ​ឡើង​វិញ​ក្នុង​ខែមីនា បន្ទាប់​ពី​បាន​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ដ៏​សំខាន់​របស់​ខ្លួន​។

វិនិយោគិន​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​សម្រាប់​តួលេខ​ផ្លូវការ ដើម្បី​ទទួល​បាន​តម្រុយ​អំពី​ភាពរឹងមាំ​នៃ​ការ​ងើបឡើង​វិញ​របស់​ចិន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដក​វិធានការ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​។ ជាមួយ​គ្នា​នោះ ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​បន្ធូរបន្ថយ​ការ​បង្ក្រាប​រយៈពេល​៣​ឆ្នាំ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកវិភាគ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន BBC ថា ខណៈ​ពេល​ដែល​តួលេខ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​អំពី​ភាពរឹងមាំ និង​ល្បឿន​នៃ​កំណើន​នេះ វា​ទំនងជា​មិន​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ​។

លោកស្រី Dan Wang ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារ Hang Seng របស់​ចិន បាន​និយាយ​ថា «​អ្វី​ដែល​ទំនងជា​នឹង​កើតឡើង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ គឺថា​ប្រជាជន​អាច​នឹង​កើនឡើង​ខ្ពស់​ដំបូង បន្ទាប់​ពី​ការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​»​។ លោកស្រី​បាន​បន្ថែម​ថា «​តម្រូវការ​ផលិតកម្ម​អាច​នឹង​ធ្លាក់​ចុះ ដែល​មិន​អាច​រក្សា​និរន្តរភាព​នៃ​ការ​នាំ​ចេញ ដោយសារ​តែ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់​ចុះ​ជា​ជាង​ការ​បង្កើន​ល្បឿន​»​។

គួរ​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​មុន កំណើន GDP របស់​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្ស ដោយសារ​តែ​វិធានការ​រឹត​បន្តឹង​របស់​ខ្លួន​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ