ខេត្តឧត្តរមានជ័យ ៖ កម្មវិធីសង្ក្រាន្តនៅខេត្តឧត្តរមានជ័យបានប្រព្រឹត្តនិងបញ្ចប់ទៅ ដោយសប្បាយរីករាយយ៉ាងខ្លាំង ដែលចាប់ផ្តើមកាលពីថ្ងៃទី១៤-១៥-១៦ មេសា ឆ្នាំ២០២៣ ក្នុងនោះ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ មន្ត្រីរាជការ រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានមកចូលរួមលេងសប្បាយរីករាយដែលមកពីតាមបណ្តាស្រុកនានាក្នុងខេត្តឧត្តរមានជ័យ ។ ជាពិសេស ឆ្នាំនេះ ចំនួនភ្ញៀវជាតិនិងអន្តរជាតិបានទៅលេងតាមរមណីយដ្ឋាននានាក្នុងខេត្តគឺមានចំនួនកើនឡើង ។

លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹង កាលពីព្រឹកថ្ងៃទី១៧ មេសា ថា កម្មវិធីសង្ក្រាន្តឧត្តរមានជ័យ បានចាប់ផ្តើមមានរយៈពេល៣ថ្ងៃ ថ្ងៃដំបូងក្នុងថ្ងៃទី១៤ រហូតមកទល់និងថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៣ ។ កម្មវិធីសង្ក្រាន្តឧត្តរមានជ័យក្នុងឆ្នាំនេះ មានលេងល្បែងប្រជាប្រីយទៅតាមទំនៀមទម្លាប់ ដូចជាល្បែងទាញព្រាត់ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងបោះអង្គុញ លាបម្សៅ លេងបាញ់ទឹក និងរាំវង់យ៉ាងសប្បាយរីករាយ ។

លោកស្រីធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានឲ្យដឹង កាលពីរសៀលថ្ងៃដដែលថា ឆ្នាំនេះ សង្ក្រាន្តនៅឧត្តរមានជ័យមានបងប្អូនប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ មន្ត្រីរាជការភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលរួមនៅតាមរមណីយដ្ឋាននានាក្នុងខេត្តចំនួន៤.៤៨៦១នាក់ ដែលចំនួននេះគឺមានការកើនឡើងជាងឆ្នាំទៅ (៨០%) ។ សម្រាប់ភ្ញៀវអន្តរជាតិគឺមានចំនួន៣០១នាក់ ការកើនឡើងកាលពីឆ្នាំទៅ(៥៤%) ក្នុងនោះ មន្ទីរមានវិធានការទៅលើអ្នកលក់ដូរមិនឱ្យលក់ឡើងថ្លៃសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិនោះទេ ។

លោកធូ សុភា នាយផ្នែកការិយាល័យចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃស្នងការនគបាលខេត្តឧត្តរមានបានឲ្យដឹងដែរថា ករណីគ្រោះថ្នាចរាចរណ៍ស្លា.ប់ម្នាក់ (ស្រី) និងរងរបួសធ្ងន់២នាក់ (ស្រី) រថយន្តរងការខូចខាតធ្ងន់១គ្រឿង, ម៉ូតូរងការខូចខាធ្ងន់១គ្រឿង លើសពីនោះគ្រាន់តែប៉ះទង្គិចបន្តិចបន្តួច មិនរងរបួសនិងខូចខាតដល់ទ្រព្យសម្បត្តិ។

សូមរំលឹកថា គេបានសង្កេតឃើញថា កម្មវិធីសង្ក្រាន្ត និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិទៅលើផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ រួមទាំងផ្នែកសន្តិសុខបានល្អប្រសើជូនដល់ប្រជាពលរដ្ឋដែលកំពង់ធ្វើដំណើរទៅកាន់ទីអារាមនានាយកចង្ហាន់ បច្ច័យនិងទេយ្យវត្ថុប្រកេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តនិមួយៗផងដែរ ដោយមិនព្រួយបារម្ភ ហើយក្នុងឆ្នាំនេះ ប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យយ៉ាងច្រើកុះករណាស់ ។










ចែករំលែកព័តមាននេះ