ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​កំណើន​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩០

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​ពិភពលោក​

សហរដ្ឋអាមេរិក ៖ ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​កំណត់​ថា​នឹង​កើនឡើង​ប្រហែល ៣% ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ដែល​នេះ​គឺជា​ល្បឿន​យឺត​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩០​។

លោកស្រី Kristalina Georgieva ប្រធាន IMF ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ខាង​មុខ​គឺ​រដិបរដុប និង​អ័ព្ទ​ខ្លាំង ហើយ​លោកស្រី​ថែម​ទាំង​បាន​ព្រមាន​ថា កិច្ច​សហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ នឹង​កាន់តែ​ពិបាក​ខ្លាំង​។

ការ​លើក​ឡើង​របស់​លោកស្រី កើតឡើង​នៅ​មុន​ពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ IMF ដោយនៅ​ក្នុង​សុន្ទរកថា​នោះ អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​មាន​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ទាប​។ លោកស្រី​បាន​និយាយ​ថា សម្រាប់​សមាជិក​ខ្សោយ​បំផុត​នៃ​គ្រួសារ​ពិភពលោក​របស់​យើង ការ​គាំទ្រ​បន្ថែម​ពី​ប្រទេស​អ្នកមាន​គឺ​ចាំបាច់​ណាស់ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ជំរុញ​មូលនិធិ​សម្រាប់ IMF ដែល​ផ្តល់​ប្រាក់​កម្ចី​ក្នុង​តម្លៃ​ទាប​ដល់​ប្រទេស​ដែល​ត្រូវការ​ជំនួយ​។

IMF កំពុង​ប្រឈម​មុខ​នឹង​រលក​នៃ​ការ​ស្នើ​សុំ​ជំនួយ ឬ​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការ​កើនឡើង​តម្លៃ​នៃ​ការ​រស់នៅ ដែល​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។ កាលពី​ឆ្នាំ​មុន កំណើនសេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់​ចុះ​ស្ទើរតែ​ពាក់កណ្តាល​មក​ត្រឹម ៣.៤% បន្ទាប់​ពី​ការ​កើនឡើង​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ឆ្នាំ​២០២១ ដែល​នោះ​គឺ​ទាប​ជាង​កំណើន​ជា​មធ្យម ៣.៨% នៃ​រយៈពេល​ពីរ​ទស​វត្ស​ចុង​ក្រោយ​នេះ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​បាន​បន្ត​នៅ​ឆ្នាំ​នេះ បើ​ទោះជា​មាន​ទីផ្សារ​ការងារ​ខ្លាំង​ក្នុង​ប្រទេស​ដូច​ជា​សហរដ្ឋអាមេរិក​យ៉ាងណា​ក៏​ដោយ​។

IMF រំពឹង​ថា​កំណើន​នឹង​ធ្លាក់​ចុះ​ក្រោម ៣% នៅ​ឆ្នាំ​២០២៣ ដោយ​ប្រទេស​ឥណ្ឌា និង​ចិន​មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​កំណើន​នេះ ចំណែកឯ​ប្រហែល ៩០% នៃ​សេដ្ឋកិច្ច​ជឿនលឿន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​កំណើន ដែល​ឆ្លុះ​បញ្ចាំង​ពី​ទម្ងន់​នៃ​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ខ្ពស់ បន្ទាប់​ពី​ធនាគារកណ្តាល​បាន​ដំឡើង​អត្រា​ការ​ប្រាក់​យ៉ាង​ខ្លាំង ដើម្បី​រក្សា​ស្ថិរភាព​នៃ​តម្លៃ​កើនឡើង ហើយ​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​កាន់តែ​ខ្ពស់​កើតឡើង​នៅ​ពេល​ដែល​តម្រូវការ​ធ្លាក់​ចុះ សម្រាប់​ការ​នាំ​ចេញ​របស់​ពួក​គេ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ