ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​​ពេល​នាង​​​​ត្រូវ​បា.ញ់​​សម្លា.ប់… តើមានអ្វី​កើត​ឡើង​​ខ្លះ?

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការ​កត់សម្គាល់​ខ្លះ​ៗ​​ពី​ឆាកជីវិត​របស់​ស្រី​ស្អាត សាន ស្រី​ឡៃ

រាជធានីភ្នំពេញ ៖ មានការ​កត់សម្គាល់​ខ្លះ​ៗ​​ពី​ឆាកជីវិត​របស់​ស្រី​ស្អាត សាន ស្រី​ឡៃ បន្ទាប់​ពី​នាង​បាន​បង្ហាញខ្លួន​ជា​បេ​ក្ខ​នារី The Voice Cambodia រដូវ​កាល​ទី​២ ដែល​មាន​ព័ត៌មាន​ថា នាង​មិនមែន​ជា​ស្រី​ក្រមុំ​ទេ តែ​មាន​ស្វាមី​រួច​ទៅ​ហើយ ។ ចំពោះ​ព័ត៌មានដែល​បេ​ក្ខ​នារី​រូប​ស្អាត​នេះ មាន​ស្វាមី​រួច​ហើយ ក៏​ក្លាយជា​ចំណុចរសើប​មួយ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ រឹតតែ​ចង់​ដឹង​ថា តើ​រូប​នាង ហ៊ាន​បង្ហាញ​មុខ​ស្វាមី​ជា​សារ​ធា​ណៈ​ដែរ​ទេ ក្រោយ​ពី​គ្រប់​គ្នា​បានដឹង​ឮ​នូវ​រឿងរ៉ាវ​អស់ទាំង​នេះ​ហើយ​នោះ ។

ពេល​នោះ សាន ស្រី​ឡៃ បាន​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​ក្នុង​មួយ​ជីវិត​របស់​ស្រី តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ដែល​តាម​ស្រឡាញ់​យើង ? ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ស្រី មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់ ដែល​សុំ​អ្នក​ធ្វើ​សង្សារ ហើយ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ដែល​ចូល​ស្តីដណ្តឹង​អ្នក ពី​ម្តាយ​របស់​អ្នក ? សម្រាប់​ខ្ញុំ មនុស្ស​ប្រុស​ដែល​សុំ​ខ្ញុំ​ធ្វើ​សង្សារ​ដាច់ខាត​ខ្ញុំ​មិន​អាច​ស្រឡាញ់​ឡើយ ព្រោះ​សង្សារ​ទោះ​ស្រឡាញ់​គ្នា​យ៉ាង​ង​ណា ក៏​បាន​ត្រឹម​ជា​តែ​សង្សារ ពេល​គេ​អស់ចិត្ត នោះ​យើង​ក៏​អស់​តម្លៃ ។ ទោះ​មនុស្ស​ប្រុស​ម្នាក់​នេះ​មិន​ស្អាត មិន​ក្មេង មិន​មាន តែ​គាត់​ហ៊ាន​ចូល​ដល់​ម្តាយ​របស់ខ្ញុំ ។ ទោះបី​ខ្ញុំ​មិន​ស្រឡាញ់​គាត់ មិន​ដែល​ស្គាល់​គាត់ តែបើ​ម្តាយ​ព្រម​លើក​ខ្ញុំ​ឲ្យ​ទៅ​គាត់ ខ្ញុំ​ក៏​យល់ព្រម ព្រោះ​ខ្ញុំ​ជឿជាក់​ថា​ម្តាយ​របស់ខ្ញុំ​មើល​មនុស្ស​មិន​ខុស ហើយ​ក៏​គ្មាន​ម្តាយ​ណា​ដែល​ចង់​ឲ្យ​កូន​ពិបាក​ទេ ។

ការ​រៀប​ការ​តាម​ការ​ទុកដាក់​របស់​ម្តាយ ជា​ការ​សងគុណ​ដ៏​ធំធេង​បំផុត​របស់​កូនស្រី ។ ពី​មនុស្ស​មិន​ដែល​ស្រលាញ់​គ្នា មិន​ដែល​ស្គាល់គ្នា ទីបំផុត​យើង​ក៏​ស្រឡាញ់​គ្នា យល់ចិត្ត​គ្នា ទោះបី​គាត់​មិនមែន​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ តែ​គ្រប់ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់ ខ្ញុំ​ប្រៀប​បាន​នឹង​ម្ចាស់​ក្ស​ត្រី​យ៍​ម្នាក់​ដ៏​សែន​មាន​ក្តី​សុខ ។ មានគ្រួសារ​មាន​អ្វី​ត្រូវ​ខ្មាស ខ្លាច​គេ គ្រាន់តែ​បង្ហាញ​ពិភពលោក​ឲ្យ​បានដឹង ថា​ពួក​យើង​ស្រឡាញ់​គ្នា បើ​គ្រាន់តែ​ក្លាយជា​អ្នកសិល្បៈ​ម្នាក់ ត្រូវ​បោះបង់​មនុស្ស ដែល​ស្រឡាញ់​យើង​ចោល បោះបង់​មនុស្ស​ប្រុស​ល្អ​ម្នាក់ មិន​ចាំបាច់​ឡើយ​។ មួយ​ជីវិត​របស់​មនុស្ស​ស្រី​អ្វី​ដែល​ចង់បាន គឺ​ប្តី​ល្អ​ម្នាក់ នេះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ចៀស​មិន​ផុត។

ព័ត៌មាន​បន្ត​ឱ្យ​ដឹង​ថា សាន ស្រី​ឡៃ ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស​មក ត្រូវ​បាន​គេ​ដឹង​ថា ផ្លូវ​ជីវិត​គូ​ស្វាមីភរិយា​របស់​នាង​ដែល​ខំ​សាង​រួម​គ្នា​ជា​ច្រើន​ឆ្នាំ ក៏​បាន​ប្រេះឆា​ឈាន​ដល់​ផ្លូវបំបែក ដែល​បាន​ធ្វើ​ឲ្យ​នាង មានការ​ឈឺចាប់​ជា​ខ្លាំង និង​បាន​បង្ហោះ​សារ​ត្អូញត្អែរ បង្ហាញ​ពី​ទុក្ខសោក​របស់​ខ្លួន​ជា​រឿយ​ៗ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។

ដោយឡែក ថ្មី​ៗ​នេះ អ្នក​នាង សាន ស្រី​ឡៃ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង មានការ​ត្រេកអរ​ជា​ខ្លាំង ដោយ​នាង​បាន​ដកខ្លួន​ចេញពី​ភាព​ទុក្ខសោក​ជាមួយនឹង​អតីតកាល និង​ធ្វើខ្លួន​ជា​មនុស្ស​ថ្មី ទទួលស្គាល់​ការ​ពិត និង​រស់នៅ​ជាមួយ​បច្ចុប្បន្នភាព ដោយ​អ្នក​នាង​បាន​លើក​ឡើង​ថា​៖ «​ធ្លាប់​ខូចចិត្ដ​រួច​ហើយ (​អត់​ឃើញ​បាន​ផល​អី​ក្រៅ​ពីមុខ​ដូច​យាយ​អាយុ​៨០​ឆ្នាំ​នោះ​ទេ អ្វី​ដែល​ប្រសើរ​ត្រូវ​ស្រឡាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ក្ដី​សុខ​ច្រើន​ៗ ហើយ​ត្រូវ​ចង​ចាំ​ថា​ក្ដី​ស្រឡាញ់ ដែល​ស្ថិតស្ថេរ​គ្មាន​ថ្ងៃ​កែប្រែ គឺជា​ក្ដី​ស្រឡាញ់​របស់​(​ម្ដាយ​ឪពុក​)​របស់​យើង​ចង​ចាំ​គ្រប់យ៉ាង​ជា​បទ​ពិសោធន៍ » ។

ជា​ការ​ពិត​ណាស់ ធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​លិចលង់​ជាមួយនឹង​ស្រមោល​អតីតកាល គឺ​គ្មាន​បាន​អ្វី​មក​វិញ​នោះ​ទេ ក្រៅពី​ភាព​សោកស្តាយ និង​ការ​ឈឺចាប់​គ្រាំ​ចិត្ត​ដូច​ពាក្យ​គេ​ថា «​រឿង​ល្អ​ៗ​ទុកជា​ការ​ចង​ចាំ រីឯ​រឿង​អាក្រក់​ទុកជា​បទ​ពិសោធន៍​» ដើម្បី​យក​វា​មក​កែ ប្រែជា​ថ្មី ដូច្នោះ​ដែរ ។ នាង សាន ស្រី​ឡៃ ក៏​ធ្លាប់​ត្រូវ​បាន​ស្ត្រី​ម្នាក់​ហែកកេរ្តិ៍​ថា​រូប​នាង​បាន​យក​ស្វាមី​គេ តែ​មិន​ហ៊ាន​ទទួលយក​ការ​ពិត ។

គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ប៊ុ​ន រ៉ា​ឌី បាន​បង្ហោះ​រូបថត​គ្រួសារ​មួយ​សន្លឹក​បាន​អះអាង​ថា ម្នាក់​ប្រុស​ក្នុង​រូប ជា​ស្វាមី​របស់​អ្នក​នាង សាន ស្រី​ឡៃ ហើយ​ក៏​បាន​សរសេរ​រៀបរាប់​ថា «​នេះ​ជា​រូប​ក្រុម​គ្រួសារ ដែល​ស្រឡាញ់​គ្នា ចុះ​អ្នក​វិញ សាន ស្រី​ឡៃ តើ​អ្នក​ស្រឡាញ់​គ្នា តាំងពី​ពេល​ណា​ទៅ ខ្ញុំ​ចង់​ដឹង​ណាស់ ហើយ​មិន​មាន​តែ​ខ្ញុំ​ទេ ដែល​ចង់​ដឹង​នោះ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ហើយ​ចង់​ថា​អ្នក​យកប្តី​គេ តើ​អ្នក​សប្បាយចិត្ត​ទេ ចុះបើ​មាន​គេ​យកប្តី​នាង​វិញ តើ​នាង​គិត​យ៉ាងណា​ដែរ ខ្ញុំ​ចង់​ប្រាប់​នាង​ថា នាង​ពិតជា​ធ្វើ​ឲ្យ​ខូច​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត ហេតុ​អ្វី​ទៅ សាន ស្រី​ឡៃ នាង​ស្អាត​យ៉ាង​ហ្នឹងហើយ នាង​នៅ​ទៅ​យកប្តី​គេ​ទៀត នាង​យកប្តី​គេ តើ​នាង​ខ្មាស់​គេ​អត់ » ?

ចំពោះ​សារ​ដែល​បង្ហោះ​រូបថត​ស្វាមី​របស់​នាង​កំពុង​តែ​ធ្វើ​ឲ្យ​មហាជន​ចង់​ដឹង​ថែម​ទៀត​ថា តើ​ស្ត្រី​ម្នាក់​នោះ ពិតជា​និយាយ​ពិត​ដែរ​ទេ ដែល​ថា អ្នក​នាង សាន ស្រី​ឡៃ បាន​យក​ស្វាមី​គេ ?  រឿងរ៉ាវ​របស់​នាង សាន ស្រី​ឡៃ ពិតជា​ក្លាយជា​រឿង​ត​ភាគ​មិន​ចេះ​អស់​រហូត​ទីបំផុត បាន​ក្លាយជា​ហេតុការណ៍​ដ៏​តក់ស្លុត គឺ​ការ​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​ស្នាដៃ​អតីត​ប្ដី ។

នៅ​វេលា​ម៉ោងជាង​៧​យប់​សព​របស់​នាង​សាន ស្រី​ឡៃ ត្រូវ​បាន​នាំ​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​ដោយសារ​ផ្ទះ​របស់​នាង​ក៏​ស្ថិត​នៅ​ជិត​កាំ​កូ​ស៊ី​ធី ។ សមាគម​អ្នក​សិល្បករ​ខ្មែរ​ដែល​មាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ប្រធាន​បាន​ជួយ​ឧបត្ថម្ភ​ដល់​បុណ្យសព​របស់​នាង ខណៈ​ក្រុមហ៊ុន​ហង្ស​មាស ក៏​បាន​ប្រកាស​ពី​ការ​ចំណាយ​បុណ្យ​សព​​ទាំងស្រុង​ផង​ដែរ ។ នាង​សាន ស្រី​ឡៃ ក៏​ជា​អ្នក​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដែល​កំពុង​ថត​ដោយ​ក្រុមហ៊ុន​ហង្ស​មាស​ផង​ដែរ​។ សូម​វិញ្ញាណក្ខន្ធ​របស់​នាង​បាន​ទៅ​កាន់​សុគតិភព​ផង​ចុះ ៕