ខេត្តព្រៃវែង ៖ សង្ឃក្លែងក្លាយចំនួន១២នាក់ ត្រូវបានគណៈកម្មការអាចារ្យវត្តស្វាយសុខោ និង
មន្ត្រីធម្មការក្រុងចាប់ដោះស្បង់ចោល រួចប្រគល់ទៅឱ្យសមត្ថកិច្ចក្រុងព្រៃវែងចាត់ការបន្ត ដោយសារតែពួកគេបានបន្លំខ្លួនធ្វើជាសង្ឃ ហើយបន្លំចូលមកបិណ្ឌបាតនៅក្នុងវត្តទួលពេជ្រ ហៅវត្តស្វាយសុខោ ។

ការចាប់ដោះស្បង់សង្ឃក្លែងក្លាយទាំង១២នាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ មេសា នៅក្នុងទីអារាមវត្តស្វាយសុខោ ដែលស្ថិតក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងពេលដែលវត្តមួយនេះកំពុងប្រារព្ធធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត។

លោកវរសេនីយឯក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែងបានអោយដឹងថា ជនខិលខូចទាំង១២នាក់នេះ នៅក្នុងខ្លួនគ្មានលិខិតស្នាមអ្វីទាំងអស់ សូម្បីអត្តសញ្ញាណបណ្ណ័ក៏គ្មាន គ្មានមុខរបរ និងទីលំនៅច្បាស់លាស់នោះទេ ហើយសំខាន់នៅចំពោះមុខសមត្ថកិច្ចពួកគាត់ម្នាក់ៗហាក់ព្យាយាមលាក់បាំងការពិត ដូច្នេះហើយទើបរូបលោកសន្និដ្ឋានថា ជនទាំងនេះមិនមែនមកជួយគ្នាដោយចៃដន្យនោះទេ ពួកគេគឺមានអង្គការចាត់តាំងច្បាស់លាស់ ធ្វើសកម្មភាពជាក្រុម ហើយបន្លំក្លែងធ្វើជាសង្ឃបែបនេះច្រើនលើកច្រើនសារមកហើយ ។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី៣ មេសា នោះ វត្តស្វាយសុខោមានធ្វើពិធីបុណ្យឆ្លងសមិទ្ធិផលនានានៅក្នុងវត្ត ហើយក្នុងកម្មវិធីបុណ្យគណៈកម្មការរៀបចំបានកំណត់ព្រះសង្ឃនិមន្តចូលរួមចំនួន៧៩អង្គ ប៉ុន្តែនៅពេលធ្វើពិធីរាប់បាតព្រះសង្ឃ គណៈកម្មការរៀបចំកម្មវិធីបានរាប់ឃើញមានព្រះសង្ឃ៧៩អង្គហើយ ស្រាប់តែឃើញមានសង្ឃមួយក្រុមទៀត អត់មកចូលជួររាប់បាត់ បែរជានាំគ្នាទៅប្រមូលផ្តុំនៅក្បែចេតីយ មិនដឹងជាសង្ឃមកពីណា ទើបហៅមកសារសួរ ប៉ុន្តែម្នាក់ៗឆ្លើយផ្តេសផ្តាស់ទៅមុខទៅក្រោយយកជាការមិនបាន ។
លុះសួររកឯកសារលិខិតស្នាមបែរជាអត់មានអ្វីទាំងអស់ ទើបដឹងថា ជាសង្ឃក្លែងក្លាយ ហើយក៏នាំគ្នាចាប់ដោះស្បង់ចេញ ហើយនាំប្រគល់ទៅអោយកំលាំងនគរបាលក្រុងព្រៃវែង ចាត់ការបន្តទៅតាមច្បាប់តែម្តង។

គួរបញ្ជាក់ផងដែរថា ករណីមានសង្ឃក្លែងក្លាយបន្លំខ្លួនចូលបិណ្ឌបាតនៅក្នុងវត្ត ក្នុងពេលមានកម្មវិធីបុណ្យទានបែបនេះ គឺមិនមែនទើបតែកើតមានជាលើកទី១នោះទេ សំរាប់ខេត្តព្រៃវែង ដោយកាលពីពេលថ្មីកន្លងទៅ នៅឯស្រុកស៊ីធរកណ្តាល ក៏ធ្លាប់មានសង្ឃក្លែងក្លាយចំនួន៣នាក់ លួចបន្លំចូលបិណ្ឌបាតនៅក្នុងកម្មវិធីបុណ្យក្នុងវត្ត ហើយត្រូវបានគណៈកម្មការវត្តចាប់បានដូចគ្នានេះដែរ ប៉ុន្តែក្រោយពីចាប់បានហើយ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំ រួចក៏ដោះលែងទៅវិញ ប៉ុន្តែករណីលើកនេះគឺមិនមានការអប់រំដូចមុនទៀតទេ ៕
ចែករំលែកព័តមាននេះ