អាជីវកម្ម​តុបតែង​រថយន្ត​ស្ងប់ស្ងាត់ ខណៈ​កំណើនកើនឡើង


រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា ម្ចាស់​រថយន្ដ ពិសេស​អ្នកទិញ​រថយន្ដ​មួយ​ទឹក តែង​យក​រថយន្ដ​ទៅ​តុបតែង​លម្អ ដោយសារ​តែ​ពេល​ទិញ​ពី​ឃ្លាំង​នោះ សម្ភារ​មួយ​ចំនួន​បាត់បង់ ឬ​ក៏​ទិញ​តុបតែង​បន្ថែម ព្រោះ​វា​មិន​ដូច​រថយន្ដ​ថ្មី​បក​ពី​កេស​នោះ​ទេ ។ ដូច្នេះ​ហើយ​អាជីវកម្ម​លក់​សម្ភារ​តុបតែង​លម្អ​នេះ​ក៏​មាន​ហាងឆេង​ដែរ ប៉ុន្ដែ​នៅ​ឆ្នាំ​នេះ​អាជីវកម្ម​មួយ​នេះ ហាក់ដូចជា​ស្ងប់ស្ងាត់​បន្ដិច ខណៈ​ទីផ្សារ​រថយន្ដ​ជជុះ​ធ្លាក់​ចុះ ហើយ​រថយន្ដ​ថ្មី​កើនឡើង ។

នៅ​ម្ដុំ​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា ឬ​តាម​បណ្ដោយ​វិ​ថី​ក្រមួនស ត្រូវ​បាន​គេ​ដឹង​ថា ជា​កន្លែង​ដែល​សម្បូរ​ហាង​បើក​អាជីវកម្ម​តុបតែង និង​លក់​សម្ភារ​លម្អ​រថយន្ត​ជា​ច្រើន ក៏​ប៉ុន្តែ​មួយ​រយៈ​នេះ ពួក​គាត់​បាន​អះអាង​ថា ពុំ​សូវ​មាន​អតិថិជន​មក​តុបតែង​ឡើយ ។

លោក តាំង គង​ហ៊ា​ង អាជីវករ​លក់​សម្ភារ​និង​ជា​ជាង​តុបតែង​រថយន្ត​បានឱ្យ​ដឹង​ថា អាជីវកម្ម​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន មិនសូវ​កាក់កប​ច្រើន​ប៉ុន្មាន​ទេ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ ។
លោក​ថា ៖« ក្រោយ​ពី​មានការ​នាំ​ចូល​រថយន្ត​ថ្មី​ៗ មិនសូវ​មាន​អ្នក​យក​រថយន្ដ​មក​តុបតែង​លម្អ​ទេ ព្រោះ​រថយន្ត​ថ្មី​ៗ​ដែល​នាំ​មក គេ​មាន​បំពាក់​គ្រប់គ្រាន់​អស់ហើយ ។ ដូចនេះ មិន​ត្រូវ​យក​មក​បំពាក់​ទៀត​ទេ ខុស​ពី​មុន ដែល​ភាគច្រើន​ទិញ​រថយន្ដ​មួយ​ទឹក ហើយ​មក​តុបតែង​ច្រើន » ។

លោក​បន្ត​ថា អាជីវកម្ម​បែប​នេះ គឺ​ផ្តោត​ទៅ​លើ​តែ​រថយន្ត​ជជុះ​នាំ​ចូល​ទេ ជាក់ស្ដែង រថយន្ដ​មួយ​ទឹក​ដែល​នាំ​ចូល​ពី​ក្រៅប្រទេស ភាគច្រើន គ្មាន​គ្រឿង​តុបតែង​គ្រប់គ្រាន់ ដូច​ជា ខ្វះ​ម៉ា​ញ៉េ ខ្វះ​ប្រព័ន្ធ​កាមេរ៉ា​មុខក្រោយ និង​ដៃ​ទ្វារ​មិន​ទាន់​ស្អាត​ជាដើម ។ ដូចនេះ ម្ចាស់​រថយន្ដ​ត្រូវការ​យក​មក​បំពាក់​បន្ថែម ដើម្បី​ឱ្យ​មើលទៅ​ស្អាត​ដូច​រថយន្ត​ថ្មី​ដែរ ។

លោក​បន្ថែម​ថា តម្លៃ​នៃ​ការ​តុបតែង​រថយន្ត​នីមួយ​ៗ​ខុស​ៗ​គ្នា បើ​ម្ចាស់​រថយន្ត​ចង់បាន​ស្អាត មាន​ឧបករណ៍​បំពាក់​គ្រប់គ្រាន់​ដូច​រថយន្ត​ថ្មី​នាំ​ចូល​ដែរ​នោះ ពួក​គាត់​ត្រូវ​ចំណាយ​ច្រើន​បន្តិច តែ​យ៉ាងណា វា​អាស្រ័យ​លើ​លទ្ធភាព​របស់​ម្ចាស់​រថយន្ដ ។ ជាក់ស្ដែង ម៉ា​ញ៉េ​មួយ​បំពាក់​នៅ​ក្នុង​រថយន្ត ក៏​មាន​តម្លៃ​ខុស​ៗ​គ្នា​ដែរ ខ្លះ​មាន​តម្លៃ​១០០​ដុល្លារ ឬ​២០០​ដុល្លារ ក្នុង​នោះ​ក៏​មាន​ត្រឹម​តម្លៃ​៥០​ដុល្លារ​ដែរ តែ​វា​ជា​របស់​មួយ​ទឹក ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន រថយន្ត​ដែល​យក​មក​តុបតែង​នៅ​ម្ដុំ​កា​ណា​ឌី​យ៉ា ភាគច្រើន​ជា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ឬ RX 330 រថយន្ត Camry បា​ឡែ​ន ព្រូស និង​តា​កូ​ម៉ា ដែល​ផលិត​ជាង​១០​ឆ្នាំ​មក​ហើយ ។ ដោយឡែក បើ​រថយន្ត​ស៊េរី​ថ្មី ដូច​ជា ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០១៧ ជាដើម​នោះ គេ​មាន​បំពាក់​គ្រប់គ្រាន់​ហើយ មិន​ត្រូវការ​តុបតែង​បន្ថែម​ទៀត​ទេ ។

ដូច​គ្នា​នេះ​ដែរ អាជីវករ​តុបតែង​រថយន្ត​មួយ​រូប​ទៀត​នៅ​តាម​បណ្ដោយ​វិ​ថី​ក្រមួនស ក៏​បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ដែរ​ថា ពេល​នេះ ការ​លក់​គ្រឿង​តុបតែង​រថយន្ត​មិន​មាន​សកម្មភាព​ខ្លាំង​ប៉ុន្មាន​ទេ តែ​ក៏​មិន​ធ្លាក់​ចុះ​ខ្លាំង​ដែរ គ្រាន់តែ​បាត់​ភ្ញៀវ​មួយ​ចំនួន ។

អាជីវករ​រូប​នេះ​និយាយ​ថា ៖« កាល​មុន​មាន​ទាំង​អ្នក​មក​ទិញ​សម្ភារ និង​អ្នក​យក​រថយន្ត​មក​បំពាក់​គ្រឿង​តុបតែង​ច្រើន តែ​ពេល​នេះ វា​ហាក់ដូចជា​ស្ងប់ស្ងាត់ តែ​ក៏​មិន​អត់​សោះ​ដែរ​» ។

បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំ កម្ពុជា​បាន​នាំ​ចូល​រថយន្ត​សរុប​ប្រមាណ​៦​ទៅ​៧​ម៉ឺន​គ្រឿង ក្នុង​នោះ​រថយន្ត​ជជុះមាន​រហូត​ដល់​ប្រមាណ​៩០% ខណៈ​ទីផ្សារ​រថយន្ត​ថ្មី​មាន​ប្រមាណ​តែ​១០%​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​កំណើន​រថយន្ត​ថ្មី​ៗ​បាន​កើនឡើង​បន្តិច​ម្ដង​ៗ ហើយ​វត្តមាន​រថយន្ត​ស៊េរី​ទំនើប​នៅ​លើ​ដងផ្លូវ ក៏​មាន​ច្រើន​ដែរ ៕

រថយន្ត

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ