រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសកូនកាត់ចិន លោក ជា លាងឈែ ហាក់កាន់តែទទួលបានការចាប់អារម្មណ៍ច្រើន និងការគាំទ្រខ្លាំង ក្រោយថតរឿងសេ្នហាអ្នកស្រឡាញ់ភេទដូចគ្នាបែបរោលរាល ដែលរូបលោកផ្ទាល់ពោលថា គឺជារឿងដំបូងដែលធ្វើឱ្យលោកហាក់មានអារម្មណ៍ប្លែក។
សម្រាប់តួអង្គសម្តែងនៅក្នុងរឿងមួយដែលមានចំណងជើង «ឱកាសស្នេហ៍គេម្តងទៀត» ឬហៅកាត់ថា «BL» ដែលមានន័យសំដៅដល់បុរសស្រលាញ់បុរស។ ប្រាកដណាស់ តារាសម្តែង លោក លាងឈែ ត្រូវបានមហាជនពោលសរសើរជាមួយនឹងការសម្តែងរបស់លោកនាពេលបច្ចុប្បន្ន។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាសម្តែង លោក ជា លាងឈែ បានទម្លាយអារម្មណ៍ថា «នេះជាលើកទី១ហើយសម្រាប់លោក ដែលរឿងស្នេហាមនុស្សប្រុសរោលរាលដូច្នេះ ពោលគឺកាលពីកន្លងមក លោកធ្លាប់តែថតរឿងស្នេហាជាមួយមនុស្សប្រុស តែបែបជាសាមញ្ញធម្មតា។ ម្តងនេះ លោកថា ស្នេហាបែបក្តៅសាច់ ដូចជាឈុតអោយថើប គឺពិតៗតែម្តង ដោយមាត់ទល់នឹងមាត់ និងការដាក់បញ្ចូលអារម្មណ៍ជាមួយមនុស្សប្រុស ដោយរសជាតិមួយនេះ លោកចង់បញ្ជាក់ថា វាពិតជាថ្មី ហើយប្លែកសម្រាប់លោក»។
ទាក់ទងនឹងឈុតដែលរោលរាលនោះ តារាសម្តែងប្រុសស្រស់សង្ហា លាងឈែ បានធ្វើរៀបអោយដឹងថា «មុនពេលចាប់ផ្តើមថតឈុតរោលរាល លោក និងដៃគូសម្តែងរបស់លោកបានចំណាយពេលនៅជាមួយគ្នាជាច្រើនម៉ោង ពោលគឺត្រូវធ្វើយ៉ាងណាអោយដូចជាពិតៗ ព្រោះលោកចង់អោយភាពយន្តនៅកម្ពុជា កាន់តែមានភាពលេចធ្លោបន្ថែមទៀត»។ សម្រាប់ការសម្តែងរឿងក្តៅសាច់ លោកបាននិយាយថា «វាជាឈុតចុងក្រោយដែលលោកបានថត ដោយឈុតមួយនេះ ពួកលោកថតតែម្តងគត់ គឺត្រូវតែម្តង ហើយឈុតមួយនេះ គឺថតម៉ោង១រំលងអធ្រាត្រ»។
![Picture]()
បើទាក់ទងជាមួយដៃគូអនាគតជីវិតរបស់លោកវិញ ដោយលោកបាននិយាយថា «កញ្ញា នួន ណត្ថិយា មិនបានហាមឃាត់លោកនោះឡើយ ហើយក៏គ្មានការប្រចែប្រចណ្ឌអ្វីនោះដែរ ពោលគឺគ្រាន់តែជាការសម្តែង ហើយអ្នកទាំងពីរហាក់ដូចជាមើលចិត្ត មើលថ្លើមគ្នាឆ្អិនទៅហើយ ទើបបានធម្មតាដូច្នេះ»។
គួរម្លឹកផងដែរថា តារាសម្តែងលោក ជា លាងឈែ ក៏ធ្លាប់ត្រូវបានមហាជនចោទសួរផងដែរថាតើលោកស្រឡាញ់មនុស្សប្រុស ឬស្រី?។ ដោយសំណួរទាំងនេះ លោកសុំធ្វើការបកស្រាយថា លោកស្រឡាញ់ស្រី ហើយសព្វថ្ងៃនេះ លោកក៏កំពុងតែមើលចិត្តមើលថ្លើមគ្នាផងដែរ។
ក្រោយថតរឿងមួយនេះរួច តារាសម្តែងលោក ជា លាងឈែ បាននិយាយថា សូមអោយបងប្អូនខ្មែរជួបគាំទ្រភាពយន្តខ្មែរអោយបានច្រើន ព្រោះទម្រាំថតបានមួយរឿង គឺពុំងាយទេ ដោយត្រូវចំណាយពេលវេលាច្រើន ដូច្នេះលោកសង្ឃឹមថា នឹងមានបងប្អូនមហាជនគាំទ្រទៅលើភាពយន្តមួយនេះ។
ជាចុងក្រោយ តារាសម្តែងរូបស្រស់ ជា លាងឈែ ពិតជាអគុណខ្លាំងណាស់ សម្រាប់ការគាំទ្រលោកប្រមាណជា១០ឆ្នាំមកនេះ ហើយលោកពិតជាអគុណខ្លាំងណាស់ ព្រោះរាល់ការគាំទ្ររបស់បងប្អូនមហាជន នេះហើយទើបបានជាធ្វើអោយលោកមានកេរ្តិ៍ឈ្មោះបោះសម្លេងកាន់តែខ្លាំងនាពេលបច្ចុប្បន្ននេះ៕ ដោយ ៖ លីហួ គីមឆាយ
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ