ទីក្រុងហាណូយ, ប្រទេសវៀតណាម ៖ ធម្មតាការចាក់ភ្លេង ឬចាក់ធុងបាស់អាចជួយបង្កបរិយាកាសរីករាយសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ប៉ុន្តែការចាក់ធុងបាស់ឮខ្លាំងៗពេក ជួនកាលទៅជាលែងមានអារម្មណ៍ថាពីរោះ និងមានអារម្មណ៍ថាបង្កការរំខានទៅវិញ។ ពេលខ្លះ សំឡេងឮខ្លាំងពេកអាចធ្វើឱ្យអ្នកដទៃ ឬអ្នកជិតខាងមានអារម្មណ៍មួរម៉ៅ។ បើយូរៗម្ដងមិនសូវអីប៉ុន្មានទេ ចេះតែយោគយល់គ្នាបាន និងអនុគ្រោះឱ្យគ្នាបាន។
![Picture]()
ប៉ុន្តែសម្រាប់ហាង ឬភោជនីយដ្ឋានដែលចាក់ភ្លេងទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក, វាអាចបង្កជាបញ្ហា ហើយអាចនឹងក្លាយជាការធ្វើបាបខ្លួនឯងទៅវិញទេ។ ជាក់ស្ដែង, ថ្មីៗនេះហាងបីកន្លែងនៅទីក្រុងដាណាង (Da Nang) ប្រទេសវៀតណាម ត្រូវអាជ្ញាធរចុះបិទទ្វារ និងពិន័យជាប្រាក់ច្រើនគួរសមផងដែរ ដោយសារតែពួកគេចាក់ភ្លេងឮខ្លាំងៗពេកគ្មានលស់ថ្ងៃណាមិនថាព្រឹកល្ងាចយប់ថ្ងៃ។
នៅក្នុងចំណោមហាងទាំងបីកន្លែងនៅដាណាងនោះ, ហាងខ្លះត្រូវជាប់ពិន័យ៧០លានដុង (ជាង២,៩ពាន់ដុល្លារ), ខណៈដែលហាងខ្លះពិន័យតិចជាងនេះ។ ហាងមួយត្រឹមតែពិន័យ និងទទួលការណែនាំខ្លះៗដើម្បីទៅថ្ងៃមុខ ថ្ងៃក្រោយ ត្រូវកែសម្រួលរបៀបរកស៊ីរបស់ខ្លួន។ ប៉ុន្តែហាង២ទៀតត្រូវតែផ្អាកដំណើរការ។ ពួកគេមិនមែនចាក់ភ្លេងល្មមៗទេ។ ប៉ុន្តែបើកវ៉ូលីមសំឡេង (volume) មួយអស់ដៃ ដែលបង្កជាសំឡេងកងរំពង រកអ្នកជិតខាងដេកពួនមិនបាន។
![Picture]()
សមត្ថកិច្ចឱ្យដឹងថាហាងឈ្មោះវីកថូរី(Victory), ម៉ាកស៍ បៀហ្កាដឹន(Max Beer Garden) និងអាយដល ហ៊្វូតអេនបៀ (Idol Food&Beer) បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រោះហាងនេះចាក់ភ្លេងឮខ្លាំងៗពេក។ អាយដល ហ៊្វូតអេនបៀ ត្រឹមតែបង់ពិន័យជាប្រាក់៧០លានដុង។ ប៉ុន្តែហាងនេះអាចបើករកស៊ីជាបន្តទៀតបាន។
![Picture]()
ចំណែកហាងឈ្មោះម៉ាកស៍ បៀហ្កាដឹន ពិន័យ៧០លានដុង ហើយបិទទ្វារហាងរយៈពេល៤ខែ។ វីកថូរីពិន័យ៥០លានដុង និងបិទទ្វារហាងជាបណ្ដោះអាសន្នដូចគ្នា។ វីកថូរីប្រហែលជាមានបញ្ហាធ្ងន់ជាងហាង២ទៀត ព្រោះធ្លាប់ទទួលការដាស់តឿន និងពិន័យជាប្រាក់មួយដងរួចមកហើយ។ ប៉ុន្តែម្ចាស់ហាងនេះនៅតែមិនព្រមរាងចាល។ ម្ចាស់ហាងអាយុ៣៨ឆ្នាំ ត្រូវបង់លុយថ្លៃពិន័យ១២,៥លានដុង ព្រោះគាត់បណ្ដោយឱ្យហាងរបស់ខ្លួនចាក់ភ្លេងឮខ្លាំងៗហួសកម្រិតកំណត់។
![Picture]()
សូមជម្រាបថានៅតាមដងវិថីហុងធីលាន់ (Hoàng Thị Loan) សម្បូរហាង, ភោជនីយដ្ឋាន, បៀហ្កាដឹន និងក្លឹបកម្សាន្ត។ ម៉្យាងទៀត ដាណាងជាទីក្រុងមាត់សមុទ្រ និងជាទីក្រុងទេសចរណ៍ដ៏ពេញនិយម។ ហេតុនេះ, សកម្មភាពចាក់ភ្លេង និងធុងបាស់តែងតែកើតមានជារឿងធម្មតាទៅហើយ។ ប៉ុន្តែនៅក្នុងចំណោមនោះ, មានហាងខ្លះចង់បង្កការទាក់ទាញអារម្មណ៍របស់ភ្ញៀវឱ្យកាន់តែខ្លាំង។ ពួកគេខ្លាចចាញ់ចិត្តហាងដទៃទៀត។ ម៉្លោះហើយ, ពួកគេបើកបំពងសំឡេងមួយទំហឹងតែម្ដង។
![Picture]()
សមត្ថកិច្ចនៅទីក្រុងដាណាងបង្ហើបឱ្យដឹងថាចាប់តាំងពីឆ្នាំ២០១៩រហូតមកដល់ពេលនេះ, មានការបំពានច្បាប់ស្ដីពីការហាមចាក់ភ្លេង ឬចាក់ធុងបាស់ឮខ្លាំងពេកចំនួន១៨ករណី និងពិន័យជាប្រាក់២៣២លានដុង ឬស្មើនឹងជាង៩ពាន់ដុល្លារ៕
ប្រភព៖ Vietnam Express
ចែករំលែកព័តមាននេះ