ទីក្រុងអាប៊ូចា, ប្រទេសនីហ្សេរីយ៉ា៖ មានដំណឹងដែលគួរឱ្យភ្ញាក់ផ្អើលមួយប្រព្រឹត្តឡើងដោយអ្នកនយោបាយជាន់ខ្ពស់នៃប្រទេសនីហ្សេរីយ៉ា ដែលសមគំនិតជាមួយភរិយា និងគ្រូពេទ្យ។ ពួកគេដឹកជញ្ជូនមនុស្សពីនីហ្សេរីយ៉ាទៅអង់គ្លេស ដើម្បីវះកាត់យកគ្រឿងក្នុង។ តុលាការរកឃើញថាពីរនាក់ប្ដីប្រពន្ធអ្នកនយោបាយរូបនេះ រួមទាំងគ្រូពេទ្យម្នាក់ពិតជាមានកំហុសដូចការចោទប្រកាន់មែន។
ពីឆ្វេងមកស្ដាំ៖ ១- វេជ្ជបណ្ឌិតខាងវះកាត់, ២- អ្នកស្រីប៊ីតទ្រីស (ភរិយាសមាជិកព្រឹទ្ធសភា) និង៣- សមាជិកព្រឹទ្ធសភា (ខ្លួនឯងជាអ្នកច្បាប់ហើយ បែរជាបំពានច្បាប់ទៀត ជាប់ទោសកាន់តែធ្ងន់)លោកអ៊ីខេ អ៊ីកវើម៉ាឌូ (Ike Ekweremadu) ជាសមាជិកព្រឹទ្ធសភា ដែលមានទ្រព្យសម្បត្តិហូរហៀរ វ័យ៦០ឆ្នាំ រួមជាមួួយភរិយាឈ្មោះប៊ីតទ្រីស (Beatrice) វ័យ៥៦ឆ្នាំ និងគ្រូពេទ្យខាងវះកាត់ឈ្មោះអូប៊ីណា អូបេតា (Obinna Obeta) វ័យ៥០ឆ្នាំ ទាំងបីនាក់នេះមានទោសពីបទរៀបផែនការទុច្ចរិតដើម្បីកេងប្រវ័ញ្ចលើជនរងគ្រោះម្នាក់ដើម្បីឱ្យគាត់លក់តម្រងនោម។
![Picture]()
តុលាការអង់គ្លេសទទួលរបាយការណ៍ថាប្ដីប្រពន្ធពីរនាក់នេះទាក់ទងទៅជនរងគ្រោះដើម្បីវះកាត់យកតម្រងនោមដាក់ឱ្យកូនស្រីរបស់ខ្លួនឈ្មោះសូនីញ៉ា (Sonia) វ័យ២៥ឆ្នាំ។ ប៉ុន្តែកូនស្រីរូបនេះមិនមានទោសពៃរ៍អ្វីទេ។ តុលាការបានលាងសម្អាតរាល់ការចោទប្រកាន់ទាំងអស់ទៅលើរូបនាង ទោះបីកាលពីមុននេះ នាងក៏ជាប់ចោទដូចប៉ាម៉ាក់របស់នាងផងដែរ។
![Picture]()
ជនរងគ្រោះជាអ្នកលក់ដូរកំប៉ិកកំប៉ុកនៅតាមចិញ្ចើមផ្លូវនៃទីក្រុងឡាហ្គោស (Lagos) ប្រទេសនីហ្សេរីយ៉ា។ ដោយសារគ្រួសារសមាជិកព្រឹទ្ធសភាជាអ្នកធូរធារ, ពួកគេចេញថ្លៃសំបុត្រយន្តហោះដើម្បីឱ្យគាត់ធ្វើដំណើរទៅវះតម្រងនោមនៅមន្ទីរពេទ្យឯកជននៃចក្រភពអង់គ្លេសកាលពីឆ្នាំ២០២២ ជាថ្នូរនឹងការសន្យាផ្ដល់លុយ៨ម៉ឺនផោន ឬស្មើនឹងជាង៩ម៉ឺនដុល្លារអាមេរិក។
![Picture]()
សមាជិកព្រឹទ្ធសភានោះឱ្យលុយកក់ប្រហែល៧ពាន់ផោន, ហើយសន្យាជួយជ្រោមជ្រែងជនរងគ្រោះឱ្យមានអនាគតល្អ, អាចមានឱកាសរស់នៅអង់គ្លេសថែមទៀត។ នៅពេលនោះ, ជនរងគ្រោះមិនបានដឹងថាគេនាំគាត់ទៅអង់គ្លេសដើម្បីអ្វីទេ។ រហូតដល់ពេលដែលគ្រូពេទ្យនាំគាត់ចូលបន្ទប់វះកាត់ទើបគាត់ភ្ញាក់ខ្លួនព្រើតថា «ចុម! តាមការពិត គេនាំគាត់មកវះយកតម្រងនោមទេតើ!»
![Picture]()
តាមពិត រឿងនេះបើគ្លីនិកដឹងការពិតថាជាការទិញ-លក់សរីរៈរាងរបស់មនុស្ស ក៏គេមិនអនុញ្ញាតឱ្យធ្វើបែបហ្នឹងដែរ។ ធ្វើបែបនេះប្រាសចាកក្រមសីលធម៌វេជ្ជសាស្ត្រ ហើយជាទង្វើដែលអាក្រក់ជួជាតិ។ ប៉ុន្តែជនជាប់ចោទខិតខំនិយាយបញ្ចុះបញ្ចូលដើម្បីឱ្យគ្រូពេទ្យនៅក្នុងគ្លីនិកយល់ព្រម។ ពីរនាក់ប្ដីប្រពន្ធនេះនិយាយកុហកថាជនរងគ្រោះត្រូវជាបងប្អូនជីដូនមួយរបស់កូនស្រីពួកគេដែលត្រូវការដូរតម្រងនោមជាបន្ទាន់។
![Picture]()
សំណុំរឿងនេះត្រូវបែកធ្លាយ បន្ទាប់ពីជនរងគ្រោះរត់គេចខ្លួនចេញពីទីក្រុងឡុង និងដេកតាមចិញ្ចើមផ្លូវជាច្រើនថ្ងៃ។ ក្រោយមក គាត់សម្រេចចិត្តដើរចូលប៉ុស្តិ៍នគរបាលដើម្បីរ៉ាយរ៉ាប់ពីទុក្ខលំបាក។ គ្រូពេទ្យពិនិត្យឃើញថាគាត់មិនស័ក្ដិសមនឹងវះកាត់តម្រងនោមទេ ព្រោះគាត់មានអាយុតិចពេក។ ស្រាប់តែសមាជិកព្រឹទ្ធសភាគំរាមថាបើជនរងគ្រោះមិនវះកាត់តម្រងនោមដើម្បីដូរឱ្យកូនស្រីរបស់ខ្លួនទេ, ខ្លួនគង់តែដឹកជនរងគ្រោះត្រឡប់ទៅនីហ្សេរីយ៉ាដើម្បីវះកាត់ដដែលទេ។ ដូច្នេះកុំសង្ឃឹមថាបានរួចខ្លួនឱ្យសោះ។
អ្នកស្រីប៊ីតទ្រីស (រូបឆ្វេង) និងកូនស្រី (រូបស្ដាំ) នៅខាងក្រៅតុលាការប្រវត្តិសាវតារនៃការវះកាត់ដូរតម្រងនោមឱ្យកូនស្រី
សូនីយ៉ារៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យញូខាស់សល។ កំពុងរៀនសុខៗ, នាងធ្លាក់ខ្លួនឈឺនៅខែធ្នូ ឆ្នាំ២០១៩។ ជំងឺនេះកាន់តែធ្ងន់ទៅៗ រហូតដល់ដំណាក់កាលដែលត្រូវដេកនៅលើគ្រែ ហើយត្រូវលាងឈាមជារៀងរាល់សប្ដាហ៍។ ឆ្នាំ២០២១, ប៉ារបស់នាងប្រាប់ឱ្យបងប្រុសរបស់គាត់រកមើលអ្នកណាដែលអាចលក់តម្រងនោម។ បងប្រុសក៏ពឹងពាក់វេជ្ជបណ្ឌិតអូបេតាដែលជាមិត្តភក្ដិនឹងគ្នាកំពុងរស់នៅទីក្រុងឡុង និងជាអ្នកបើកគ្លីនិកវះកាត់។
សមាជិកព្រឹទ្ធសភា កូនស្រីរបស់គាត់ និងភរិយា នៅក្នុងថ្ងៃចូលរួមពិធីប្រគល់សញ្ញាបត្រអូបេតារកបានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់។ គាត់ក៏ទាក់ទងទៅក្រុមហ៊ុនទេសចរណ៍ដើម្បីជួយសម្រួលឱ្យជនរងគ្រោះធ្វើដំណើរទៅអង់គ្លេស។ តាមផ្លូវច្បាប់, ការបរិច្ចាគតម្រងនោមដោយសុទ្ធចិត្ត និងតាមគោលការណ៍មនុស្សធម៌ មិនទាស់ខុសអ្វីទេ។ សំខាន់កុំឱ្យតែការបរិច្ចាគនោះពាក់ព័ន្ធនឹងការជួញដូរ ឬការបង្ខិតបង្ខំ។ តាមគម្រោង, តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងផ្ដន្ទាទោសជនជាប់ចោទទាំង៣នាក់នេះនាថ្ងៃទី៥ ខែឧសភា។ ទោសអតិបរមានៃការជួញដូរសរីរៈរាងរបស់មនុស្សអាចជាប់ពន្ធនាគារមួយជីវិត។ នេះបើយោងទៅតាមច្បាប់ថ្មីរបស់អង់គ្លេសស្ដីពីការប្រឆាំងនឹងអំពើទាសភាព និងការជួញដូរសរីរៈរាងរបស់មនុស្ស។ នៅពេលតុលាការប្រកាសសសាលក្រម, ទណ្ឌិតទាំងបីរូបនឹងអនុវត្តទោសនៅក្នុងពន្ធនាគារនៃចក្រភពអង់គ្លេស៕
ប្រភព៖ BBC, The Guardian
រូបខាងឆ្វេងគឺវេជ្ជបណ្ឌិតអូប៊ីណា អូបេតា (Obinna Obeta), រូបខាងស្ដាំ អ្នកស្រីប៊ីតទ្រីស (Beatrice)
ចែករំលែកព័តមាននេះ