ភ្លៀងផង ខ្យល់កន្ត្រាក់ផង ធ្វើឱ្យផ្ទះប្រជាពលរដ្ឋជិត២០០ខ្នងរងគ្រោះ(វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ២ស្រុក បណ្តាលឱ្យផ្ទះពលរដ្ឋជិត២០០ខ្នងរងការខូចខាត ក្នុងនោះស្រុកថ្មពួក ប៉ះពាល់ផ្ទះចំនួន១៩០ខ្នង និងនៅស្រុកស្វាយចេក មានផ្ទះរងការប៉ះពាល់ចំនួន៩ខ្នង ហើយត្រូវបានកងកម្លាំងចុះជួយអន្តរាគមន៍ផងដែរ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

បើតាមលោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ថា ស្រុកថ្មពួក មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣ឃុំ ស្មើនឹង១៩០ខ្នងផ្ទះ និងសាលារៀនចំនួន៥ខ្នង (មានឃុំថ្មពួក ឃុំគំរូ ឃុំភូមិថ្មី) បណ្តាលផ្ទះសម្បែងរលំ និងប៉ើងដំបូល ព្រមទាំងដើមឈើបាក់សង្កត់ផ្ទះទៀតផង តែសំណាងគ្មានអ្នករងគ្រោះនោះទេ។

ចំណែកលោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក ក៏បានបញ្ជាក់ដែរថា នៅស្រុកស្វាយចេក ក៏មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៩ខ្នងផងដែរ នៅក្នុងឃុំទ្រាស ដែលមាន២ភូមិ រួមមាន ៖ ភូមិពន្លៃចាស់ ប៉ះពាល់ផ្ទះចំនួន២ខ្នង និងភូមិពន្លៃថ្មី ប៉ះពាល់ផ្ទះចំនួន៧ខ្នង ដែលរលំ និងប៉ើងដំបូលភាគច្រើន។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងដែរថា ក្រោយពីទទួលព័ត៌មាន ដែលមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ធ្វើឱ្យស្រុកចំនួន២ រួមមានស្រុកថ្មពួក និងស្រុកស្វាយចេក បានរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមានរលំ និងប៉ើងដំបូលភាគច្រើន ប្រមាណជិត២០០ខ្នងផ្ទះ។

លោកបានបញ្ជាក់ថា ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការទិសទី១ បន្ទាយមានជ័យ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត-ស្រុក-ក្រុង សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ បានចុះមកជួយអន្តរាគមន៍ជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ មាន២ស្រុក នៅផ្នែកខាងជើងខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យផងដែរ៕
















ចែករំលែកព័តមាននេះ