រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្ដីបំភ្លឺ អំពីការចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅម្ដុំវត្តនិរោធ បណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ។
![Picture]()
បើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ មានន័យថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកឈ្មោះ Sreyka Min និងសារព័ត៌មានមួយចំនួនបានផ្សាយថា «មានជនស៊ីវិលមួយក្រុម ជិះរថយន្តចុះចាប់មនុស្សនៅក្បែរកោះនរា» ។
![Picture]()
គណនីយហ្វេសប៊ុក ឈ្មោះ Sreyka Min និងសារព័ត៌មានមួយចំនួន បានបង្ហោះផ្សាយអំពីសកម្មភាពជនស៊ីវិលមួយក្រុមចាប់មនុស្សដាក់ឡាន នៅចំណុចក្បែរកំពង់ដរកោះនរា ហើយដោះលែងវិញ ក្រោយពីមានប្រជាពលរដ្ឋ បានឃើញសកម្មភាពនេះ។ ជាមួយនឹងការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានខាងលើនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញមកបញ្ជាក់ថា មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាបករណី ជួញដូរសារធាតុញៀនខុសច្បាប់តាមវិធានជំនាញ និងតាមនីតិវិធីត្រឹមត្រូវ ដោយប្រើកម្លាំងស៊ីវិល និងឯកសណ្ឋាន មានការដឹកនាំពីលោកព្រះរាជអាជ្ញារង និងបានផ្ដល់ព័ត៌មានជូនសមត្ថកិច្ចមូលដ្ឋានថែមទៀតផង ។
![Picture]()
ពេលនោះ សមត្ថកិច្ចជំនាញ បានឃ្លាំមើលមុខសញ្ញា ដែលកំពុងធ្វើសកម្ម ភាពចែកចាយជួញដូរគ្រឿងញៀន នៅម្ដុំវត្តនិរោធ បណ្តោយផ្លូវជាតិលេខ១ ប៉ុន្តែជនសង្ស័យ បានបើកម៉ូតូគេចចូលផ្លូវលំបេតុង មុខវត្តនិរោធ នៅក្បែរកំពង់ដរកោះនរា ។ ក្រោយឃើញមុខសញ្ញាភ្លាម សមត្ថកិច្ចបានដេញតាមដល់ផ្លូវលំបេតុង ក៏ឃើញម៉ូតូមុខសញ្ញាចតលើផ្លូវលំបេតុងនោះហើយ ឃើញមនុស្សម្នាក់ភិនភាគដូចមុខសញ្ញា ក៏បានឃាត់ខ្លួនសួរនាំពេលដឹងច្បាស់ថា មិនមែនជាជនសង្ស័យ សមត្ថកិច្ចក៏បានដោះលែងភ្លាមៗនៅនឹងកន្លែង និងបានសុំទោស ដោយពុំមានប្រើអំពើហិង្សាឡើយ ពេលនោះដែរប្រជាពលរដ្ឋជិតខាងក៏ផ្អើលឈូឆរមកមើល ។
![Picture]()
សូមបញ្ជាក់ថា ចំពោះសកម្មភាពធ្វេសប្រហែសខុសឆ្គងនឹងខ្វះវិជ្ជាជីវៈ ក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមមន្ត្រីខាងលើនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចអនុវត្តន៍វិន័យយ៉ាងម៉ឺងម៉ាត់ ដោយផ្អាកការងារត្រួតពិនិត្យ និងស្នើគោលការណ៍បន្ត ដើម្បីអនុវត្តវិន័យរដ្ឋបាល និងច្បាប់តាមការជាក់
ស្ដែង ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរ គុណចំពោះសាធារណៈជនដែលបានសហការផ្ដល់ព័ត៌មានទាន់ ពេល ដើម្បីចូលរួមប្រឆាំងបទល្មើស និងជួយកែលំអរដល់កងកម្លាំងថែមទៀតផង។ នេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍» ៕
ចែករំលែកព័តមាននេះ