ខេត្តបាត់ដំបង៖ បើយោងលើរបាយការណ៍នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបស់កម្លាំងសមត្ថកិច្ចចម្រុះ ដែលរឹបអូសបានវត្ថុតាង «ល្មើសច្បាប់» ដ៏ច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ នាពេលកន្លងមកនេះ បានបង្ហាញថា គ្មានទេសញ្ញាថមថយ នៃបទល្មើសនេសាទ។
![Picture]()
ផ្ទុយទៅវិញ ក្រុមជនល្មើសមានតែបង្កើនសកម្មភាពល្មើសច្បាប់ទ្វេដងពាសពេញតំបន់ទន្លេសាប ពីព្រោះការបង្ក្រាបរឹបអូសយកបានតែវត្ថុតាង រីឯជនល្មើសសូម្បីតែម្នាក់ក៏សមត្ថកិច្ចមិនធ្លាប់ចាប់បានបញ្ជូនទៅតុលាការដែរ ។
![Picture]()
ជាក់ស្ដែង នៅថ្ងៃទី១៩ មីនា កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនស្ថាប័នដែលពាក់ព័ន្ធបានឆ្មក់ចុះទៅបង្ក្រាបបទល្មើសបេសាទនៅតំបន់ទន្លេសាប ក្នងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយរឹបអូសយកបាននូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដែលក្រុមជនល្មើសបានប្រើប្រាស់ដាក់ពង្រាយពាសពេញតំបន់ទន្លេសាប តែគេមិនឃើញមានឈ្មោះម្ចាស់បទល្មើសទេ ។
![Picture]()
នៅក្នុងរបាយការណ៍នៃកិច្ចប្រតិបត្តិការរបស់កម្លាំងចម្រុះ ដែលចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើនេះ សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសចំនួន០៤គោលដៅ នៅក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនដូចជា សាច់មង ឬអួនក្រឡាញឹកសរុបប្រវែងជាង២១៥០ម៉ែត្រ ដកបង្គោលបានចំនួនជាង៨៥០ដើម ឡុកចាប់ត្រីចំនួន០៨ឡុក និង លែងកូនត្រីវិញចំនួនជាង៥០គីឡូក្រាម ។
![Picture]()
ប្រភពពីមន្ត្រីចុះបង្ក្រាបបទល្មើសនេសាទនេះបានឲ្យដឹងថា បទល្មើសនេសាទទាំងនេះ ត្រូវបានជនល្មើសដាក់ពង្រាយពាសពេញបឹងទន្លេសាប ដោយគ្មានខ្លាចក្រែងភ្នែកអាជ្ញធរ ឬ មន្ត្រីជំនាញឡើយ។ កន្លែងខ្លះ ពួកជនល្មើសបានដាក់ពង្រាយសាច់មង ឬ អួនរាប់រយម៉ែត្រ ពន្លិចទៅក្នុងទឹក តែកន្លែង ខ្លះពួកគេបានបោះបង្គោលពាក់សាច់មង ឬអួនព្រោងព្រាតនៅលើទឹករាប់រយម៉ែត្រដូចគ្នាយ៉ាងព្រហើន ដោយមិនខ្វល់ពីភ្នែកសមត្ថកិច្ចឡើយ ។
បើតាមការពិនិត្យជាក់ស្ដែង និងតាមការបំភ្លឺនានាពីប្រជាពលរដ្ឋ ពួកជនល្មើសដែលមានលទ្ធភាព ប្រើប្រាសឧបករណ៍នេសាទល្មើសច្បាប់ទ្រង់ទ្រាយធំដុំ ពួកគេសុទ្ធមានខ្សែបណ្ដាញមន្ត្រីជំនាញ
(មន្ត្រីខិលខូច) ។ ប្រភពបាននិយាយថា ក្រុមឈ្មួញបំពានច្បាប់ធំដុំទាំងនេះ សុទ្ធបានដឹងជាមុន នៅពេលកម្លាំងចម្រុះរៀបផែនការចុះបង្ក្រាបម្ដងៗ ។ ដូច្នេះ ពួកគេអាចរុះរើបង្គោល ឬពន្លិចឧប
ករណ៍នេសាទរបស់ពួកគេចូលទៅក្នុងទឹកបាត់អស់តែម្ដង ។
![Picture]()
ប៉ុន្តែបទល្មើសទាំងនោះនឹងងើបព្រោងព្រាតពេញផ្ទៃទន្លេសាបឡើងវិញ ក្រោយកិច្ចប្រតិបត្តិការបង្ក្រាបរបស់កម្លាំងចម្រុះដកថយ។ មន្ត្រីបង្ក្រាបបទល្មើសបានទម្លាយថា អាជ្ញាធរដែនដី មន្ត្រីជលផល ឬមន្ត្រីក្នុងអង្គភាពដទៃៗទៀត ដែលបោះស្នាក់ការឈរជើងលើផ្ទៃទឹកនៅតំបន់បឹងទន្លេសាប សុទ្ធបានស្គាល់ច្បាស់នូវអត្តសញ្ញាណជនដែលកំពុងប្រព្រឹត្តបទល្មើសនេសាទធំៗ នៅតំបន់ទន្លេសាប មិនថា នៅស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកសង្កែ ឬ ស្រុកមោងប្ញស្សី នោះទេ តែពួកគេធ្វើគរ ធ្វើថ្លង់នពេលមានកម្លាំងចម្រុះ លើកគ្នាចុះបង្ក្រាបម្ដងៗ ។
ដូច្នេះហើយទើបរាល់កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទម្ដងៗ គ្មានឈ្មោះជនល្មើសនៅក្នុងរបាយការណ៍ដែលធ្វើឲ្យពួកជនល្មើសរឹតតែបានដៃបង្កើនសកម្មភាពល្មើសច្បាប់ទ្វេដងពាសពេញតំបន់ទន្លេសាប។ ប្រភពដដែលនេះបានវាយតំលៃថា បើពឹងលើកម្លាំងតាមអង្គភាពនានា មានស្នាក់ការលើផ្ទៃទឹក ឈរជើងនៅតំបន់ទន្លេសាប ដែលពួកគេអួតថា «ជាកម្លាំងជំនាញទប់ស្កាត់ ឬ បង្ក្រាបបទល្មើសនេសាទស្អីគេនោះ គ្មានបានការទេ» ។
ផ្ទុយទៅវិញ កម្លាំងទាំងនោះ ទៅសំងំប្រព្រឹត្តតែអំពើពុករលួយជាមួយពួកជនល្មើស ប្រមូលតែប្រាក់សំណូកសំណែនពីបទល្មើសនេសាទតែប៉ុណ្ណោះ ។ លើកលេងតែមានកម្លាំងចម្រុះចុះទៅបង្ក្រាបផ្ទាល់ដល់ទន្លេសាបទេ ទើបទទួលបានលទ្ធផលខ្លះ ។
ចែករំលែកព័តមាននេះ