ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​អន​ឡាញ​របស់​ថៃ​បង្ហាញ​បំណង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កម្ពុជា​កំពុង​តែ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ហើយ ដោយ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កម្ពុជា​កំពុង​តែ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ហើយ ដោយ​ក្រុមហ៊ុន​តាក់ស៊ី​អន​ឡាញ Grab របស់​ថៃ គ្រោង​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​បម្រើ​សេវាកម្ម​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Grab Taxi លោក យី វី​តាង (Yee Wee Tang) ប្រចាំ​ប្រទេស​ថៃ ដែល​មាន​គម្រោង​បើក​សេវាកម្ម​ផ្នែក​ដឹក​ជញ្ជូន​អ្នកដំណើរ ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​ប្រទេស​កម្ពុជា ។

លោក Yee Wee Tang  បាន​ស្នើ​សុំ​ឲ្យ​មានការ​គាំទ្រ​ពី​សំណាក់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លើ​ដំណើរការ​ចាប់ផ្ដើម​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន Grab Taxi នៅ​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គាំទ្រ​ចំពោះ​គម្រោង​បើក​អាជីវកម្ម​តាក់ស៊ី​អន​ឡាញ​របស់​ក្រុមហ៊ុន Grab ព្រោះ​វា​នឹង​ជួយ​ឲ្យ​ការ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​កម្ពុជា កាន់តែ​ងាយស្រួល​ក្នុង​កម្រិត​ថ្មី​មួយទៀត ។

លោក កែន រ​ដ្ឋា នាយ​រង​ខុទ្ទកាល័យ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ថា កិច្ច​ពិភាក្សា​នេះ គឺជា​ការ​ស្នើ​សុំ​ដើម្បី​ធ្វើ​អាជីវកម្ម ហើយ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់លាស់​ក្នុង​ការ​ដំណើរការ​នៅឡើយ​ទេ ព្រោះ​អាជីវកម្ម​តាក់ស៊ី​អន​ឡាញ​នេះ​ជា​អាជីវកម្ម​បែប​ថ្មី ដែល​ទាមទារ​ឲ្យ​ជម្រាប​ដល់​រាជរដ្ឋាភិបាល និង​ខាង​ក្រុមហ៊ុន​ត្រូវ​តែ​បំពេញ​តាម​នីតិវិធី​របស់​ក្រសួង ទើប​ក្រសួង​អនុញ្ញាត​ឲ្យ​ដំណើរការ​បាន ។

លោក​បន្ថែម​ថា ៖« ការ​គ្រោង​បង្កើត​អាជីវកម្ម​របស់​ក្រុមហ៊ុន Grab Taxi នេះ ជា​រឿង​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ ជា​ពិសេស កាត់​បន្ថយ​ការ​កកស្ទះ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន ដោយ​មិន​ចាំបាច់​រង់ចាំ​ឡាន​តាក់ស៊ី ខាត​ពេលវេលា​ដូច​កាលពីមុន​ទៀត​ទេ » ។

បច្ចុប្បន្ន នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​តាក់ស៊ី​ជា​ច្រើន​រួច​មក​ហើយ ដូច​ជា តាក់ស៊ី​ក្រហម កាត់​ស៊ី​លឿង តាក់ស៊ី​ខៀវ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​អន​ឡាញ​មួយ​ចំនួន​ទៀត​ដូច​ជា Urber និង Go-X ជាដើម ។

លោក សាន ស៊ា​ន អ្នក​រត់​តាក់ស៊ី​ម៉ែត្រ​ដែល​បំពាក់​បច្ចេកវិទ្យា PassApp Taxi បាន​ឲ្យ​ដឹង​ថា ការ​ជិះ​តាក់ស៊ី​ម៉ែត្រ​នេះ វា​ងាយស្រួល ហើយ​តម្លៃ​ឃើញនឹងភ្នែក និង​មិនបាច់​តថ្លៃ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​ទំនុកចិត្ត​ខ្ពស់ ។

ទោះបី​យ៉ាងណា លោក​ថា របរ​បែប​ថ្មី​នេះ ពុំ​ទាន់​ជា​ផុសផុល​នៅឡើយ​ទេ ខណៈ​ដែល​អ្នកដំណើរ​ពុំ​ទាន់​យល់​ច្បាស់​ពី​របៀប​ប្រើប្រាស់ និង​មាន​ទម្លាប់​ចាស់​នៅឡើយ ៕