ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ពណ៌​អ្វី​ដែល​កំពុង​មាន​ហាងឆេង​ជាងគេ​នៅ​លើ​ទីផ្សារ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ទិញ​រថយន្ដ​មក​ប្រើប្រាស់ អ្នកខ្លះ​ទិញ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​មិន​បាន​គិត​ពី​ទីផ្សារ​នោះ​ទេ ប៉ុន្ដែ​

រាជធានី​ភ្នំពេញ ៖ ការ​ទិញ​រថយន្ដ​មក​ប្រើប្រាស់ អ្នកខ្លះ​ទិញ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​មិន​បាន​គិត​ពី​ទីផ្សារ​នោះ​ទេ ប៉ុន្ដែ​ក៏​មាន​អ្នកមួយ​ចំនួន មុន​នឹង​សម្រេចចិត្ត​ទិញ​ក៏​បាន​គិត​ដែរ​ថា គួរ​ទិញ​រថយន្ដ​ម៉ាក​អ្វី ឬ​ពណ៌​អ្វី​ដែល​កំពុង​មាន​ទីផ្សារ និង​ពេញ​និយម ព្រមទាំង​ងាយស្រួល​លក់​ចេញ​ជាដើម ។ តើ​នៅ​កម្ពុជា​សព្វថ្ងៃ រថយន្ដ​ពណ៌​អ្វី​ដែល​កំពុង​មាន​ទីផ្សារ​ជាងគេ ? និង​មក​ពី​មូលហេតុ​អ្វី​ដែរ ?

បើ​តាម​ម្ចាស់​ឃ្លាំង​លក់​រថយន្ដ ក៏​ដូច​ជា​ជាង​ជួសជុល​រថយន្ដ​នានា​បាន​លើក​ឡើង​ដូច​គ្នា​ថា រថយន្ដ​ពណ៌​ស កំពុង​មាន​ទីផ្សារ​ជាង​ពណ៌​ផ្សេង​ៗ​ទៀត ដោយសារ​តែ​អ្នក​ប្រើប្រាស់​យល់​ថា ពណ៌​ស​នាំ​មក​នូវ​លាភ​សំណាង និង​ងាយស្រួល​លក់​ចេញ​ជាដើម ។

លោក អាំង វ៉ា​ន់​សាក់ ជំនួយការ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន TAN CHONG MOTOR បាន​សង្កេត​ឃើញ​ថា តាំងពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ រថយន្ត​ដែល​ពេញ​និយម និង​មាន​អ្នក​ប្រើ​ច្រើន​ជាងគេ គឺ​ពណ៌​ស ។

លោក​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ម្សិលមិញ​ថា ៖« សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​យើង​ពេញ​និយម​ប្រើប្រាស់​រថយន្ត​ពណ៌​ស​ច្រើន បើ​ធៀប​នឹង​រថយន្ត​ពណ៌​ទឹកប្រាក់ ឬ​ពណ៌​ខ្លាញ់​ក្តាម​។ ជាក់ស្តែង ក្នុង​១​ខែ ក្រុមហ៊ុន​ខ្ញុំ​អាច​លក់​រថយន្ត​ពណ៌​សបាន​២០​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ មានការ​កើនឡើង » ។

លោក​បន្ដ​ថា ៖« តាម​ការ​សង្កេត​កន្លង​មក ក្នុង​ចំណោម​អតិថិជន​១០​នាក់ មាន​៨​នាក់ ពេញ​និយម​រថយន្ត​ពណ៌​ស​ទៅ​ហើយ ដោយសារ​តែ​មើលឃើញ​បែប​នេះ ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ម្តង​ៗ មាន​ពណ៌​ស ពី​៧០​ទៅ​៨០% » ។

លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គេ​ពេញ​និយម​ប្រើប្រាស់​រថយន្ដ​ពណ៌​ស​នេះ​ថា ដោយសារ​អតិថិជន​យល់​ថា ពណ៌​ស​នាំ​មក​នូវ​ហុងស៊ុយ​ជិះ​ទៅ​ចុះ​ចំណោម​គេឯង ចត​ហាលថ្ងៃ​មិនសូវ​ក្ដៅ ហើយ​ងាយស្រួល​ពេល​លក់​ចេញ​វិញ​ជាដើម ។

បើ​តាម​លោក ចក់ សា​រិ​ន ម្ចាស់​ឃ្លាំង​លក់​រថយន្ដ​មួយ​ទឹក បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​១​ខែ លោក​លក់​ពី​១០​គ្រឿង​ឡើង​ទៅ ហើយ​រថយន្ដ​ដែល​អតិថិជន​ទិញ​ច្រើន​ជាងគេ គឺ​ពណ៌​ស ដោយសារ​តែ​ពណ៌​នេះ​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់ ។ លោក​ថា ៖« តាម​ពិត​ទៅ ខ្ញុំ​ឃើញ​ថា ពួក​គាត់ [​អតិថិជន​] តាម​គ្នា ឬ​អាច​ថា​មក​ពី​ពណ៌​ហ្នឹង​គេ​និយម​ជិះ​ច្រើន ក៏​ថា​បាន ។ ម្យ៉ាងទៀត មើលទៅ​វា​ទាន់សម័យ ហ៊ឺហា ជា​ពិសេស​គឺ​ងាយស្រួល​លក់​ចេញ » ។

យ៉ាងណា​ក៏​ដោយ លោក​យល់​ថា មិន​ថា​ពណ៌​ស​ទេ​ដែល​ងាយស្រួល​លក់ ពណ៌​ផ្សេង​ទៀត​ក៏​ស្រួល​ដូច​គ្នា ប៉ុន្តែ​សម្រាប់​ពណ៌​ស លក់ដាច់​ជាងគេ ដោយ​តម្លៃ​ខុស​គ្នា​ពី​១​ពាន់​ដុល្លារ ទៅ​១.៥០០​ដុល្លារ​ក្នុង​១​គ្រឿង រីឯ​គ្រឿង​បំពាក់ ឬ​ម៉ាស៊ីន​ផ្សេង​ៗ​គឺ​ដូច​គ្នា​ទាំងអស់ ខុស​ត្រង់​តែ​ពណ៌​ប៉ុណ្ណោះ ។

ចំណែក​លោក ស្រេង វិបុល ជាង​ជុស​ជុល​ប្រចាំ​ឃ្លាំង​លក់​រថយន្ត ជា ផេង បានឱ្យ​ដឹង​ថា មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ រថយន្ត​ដែល​លក់ដាច់​ភាគច្រើន គឺ​ពណ៌​ស និង​ពណ៌​ស្ករ ។ ចំណែក​ពណ៌​ផ្សេង យូរ​ៗ​លក់​បាន​១​គ្រឿង ហើយ​តម្លៃ​ធូរ​ថ្លៃ និង​ស្អាត ទើប​អតិថិជន​ទិញ ។

លោក​បន្ត​ថា ៖« នៅ​ឃ្លាំង​យើង ដោយសារ​រថយន្ត​មាន​តម្លៃ​រាង​ថ្លៃ​បន្តិច ក្នុង​១​ខែ​អាច​លក់​បាន​២-៣​គ្រឿង តែបើ​ឃ្លាំង​ផ្សេង​ដែល​គេ​លក់​រថយន្ត​ស៊េរី​ទាប​ៗ​ថ្លៃ​ក្រោម​២​ម៉ឺន​ដុល្លារ អាច​លក់​បាន​ច្រើន » ។

រីឯ​លោក ស្រេង គឹ​ម​ស្រ៊​ន ជាង​ជុស​ជុល រថយន្ត​ប្រចាំ​ឃ្លាំង​លក់​រថយន្ត ហេង ហេង បានឱ្យ​ដឹង​ដែរ​ថា តាម​ការ​កត់សម្គាល់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ រថយន្ត​ពណ៌​ស លក់ដាច់​ច្រើន​ជាង​ពណ៌​ទឹកប្រាក់ និង​ពណ៌​ស្ករ​។ លោក​បន្ដ​ថា ការ​ប្រើ​ពណ៌​ស​ច្រើន​នេះ អាច​ជា​ការ​និយម​តាម​គ្នា ហើយ​នៅ​ពេល​លក់​វិញ វា​ងាយស្រួល ។

ទោះបីជា​ទីផ្សារ​រថយន្ត​ពណ៌​ស​នៅ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន និង​ឃ្លាំង​លក់​រថយន្ត​អះអាង​ថា មាន​អ្នក​ប្រើប្រាស់​ច្រើន​ក្តី ប៉ុន្ដែ​នៅ​ថ្ងៃ​ខាង​មុខ ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ផ្លាស់​ប្តូរ​មក​ប្រើប្រាស់ និង​ពេញ​និយម​ពណ៌​ផ្សេង​វិញ ។ នេះ​បើ​តាម​លោក អាំង វ៉ា​ន់​សាក់ ជំនួយការ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន TAN CHONG MOTOR ៕