ទីក្រុងលីម៉ា, ប្រទេសប៉េរូ៖ កុមារតូចដែលមានអាយុ២ខួប និងទើបតែចេះដើរតិកតាក់ៗ ត្រូវគេជួយសង្គ្រោះទាន់ពេលវេលាចេញពីភក់ល្បាប់ដែលកើតមានក្រោយហេតុការណ៍បាក់ដីមួយប្រាវនៅប្រទេសប៉េរូកាលពីម្សិលមិញ។ ឥឡូវនេះ កុមារតូចនោះត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យប៉ាម៉ាក់របស់គេនាំទៅសម្រាកនៅផ្ទះរបស់ខ្លួនបានហើយ។ រូបគេមានសុខភាពល្អជាធម្មតា និងមានទឹកមុខស្រស់បស់ជាងមុន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលប៉េរូ។
![Picture]()
កុមារឈ្មោះថាអេមៀ (Emir)ត្រូវទឹកកួចយកទៅបាត់នៅពេលមានហេតុការណ៍បាក់ដីនៅទីក្រុងជីម៉ាកា (Jimarca)។ កាលនោះ, មានភ្លៀងធ្លាក់មួយមេធំដោយសារឥទ្ធិពលនៃខ្យល់ព្យុះយ៉ាគូ(Yaku)។ ក្រោយមក, អ្នកជិតខាងឃើញកុមារនោះក៏នាំគ្នាម្នាក់មួយដៃមួយជើង ទាញយកកុមារនោះចេញពីដីភក់ទន្លេ។ កាលនោះ ប៉ារបស់គេក៏ខំទៅស្រវាចាប់កូនរបស់ខ្លួនផងដែរ។ ប៉ុន្តែគាត់មិនអាចចាប់ទាន់ដោយសារកូនបានរសាត់ទៅឆ្ងាយពីដៃរបស់គាត់។
![Picture]()
លោកចូសេ ល្វីស កាស់ស្ទីឡូ (Jose Luis Castillo) ជាប៉ារបស់កុមារតូចឈ្មោះអេមៀ។ គាត់កំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យនៅឡើយទេ។ គាត់ប្រាប់ថា «មុនដំបូង, គាត់ខំក្រឡេកមើលឆ្វេងស្ដាំ ក្រែងលោឃើញវត្ថុអ្វីមួយដែលអាចចាប់តោងបាន។ ពេលនោះ កូនកំពុងតែយំខ្លាំងនៅក្នុងទឹក។ គាត់ក៏មើលឃើញកូនដែរ ប៉ុន្តែមិនអាចបោះដៃទៅឈោងចាប់កូនបាន»។ អ្នកទាំង២ ប៉ា និងកូន ត្រូវគេដឹកទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ។ កូនហាក់ដូចជាមិនត្រូវរបួសអ្វីទេ, ប៉ុន្តែប៉ារបស់គេត្រូវរបួសនៅត្រង់មុខ។
![Picture]()
អ្នករស់នៅម្ដុំកើតហេតុប្រាប់ថាមុនដំបូង គាត់ស្ដាប់ឮសំឡេងស្រែកយំរបស់កុមារអេមៀ។ ក្រោយមក ស្ត្រីមួយក្រុមក៏ស្រែកឆោឡោខ្លាំងៗថា «មានក្មេងតូចនៅទីនោះ»។ គ្រាន់តែឮដូច្នេះ, គាតមិនអាចនៅបង្អែបង្អង់យូរតទៅទៀតទេ។ គាត់ហក់ទឹកព្រោងដើម្បីទៅជួយកុមារនោះ។ សូមជម្រាបថាខ្យល់ព្យុះកំបុតត្បូងនេះបានឆក់យកជីវិតមនុស្សយ៉ាងតិច៦នាក់នៅប្រទេសប៉េរូ។ ផ្ទះរបស់អ្នកស្រុករាប់រយខ្នងរងការខូចខាតដោយផ្នែក ឬខូចខាតទាំងស្រុង។ ចំណែកការធ្វើដំណើរនៅលើកំណាត់ផ្លូវសំខាន់ៗក៏ត្រូវរាំងស្ទះផងដែរ៕
ប្រភព៖ Reuters
អត្ថបទដទៃទៀតដែលពាក់ព័ន្ធនឹងកុមារ
ខឹងចិត្តពស់វែកចឹ.ក១ចង្កូម! កុមារឥណ្ឌាពន្លះវិញទាល់តែក្ស័.យ!
លោក Armando Ureta ជាអ្នកជិតខាងដែលបានស្រង់កុមារអេមៀ (Emir) ចេញពីក្នុងដីភក់
ចែករំលែកព័តមាននេះ