រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់់ថា ដល់រដូវ កាលធ្វើការសន្យារបស់គណបក្សនយោបាយហើយ ខណៈមានគណបក្សនយោបាយខ្លះ ដាក់គោលនយោបាយផ្តល់ឲ្យមនុស្សចាស់ ២០ម៉ឺនរៀល និងបក្សខ្លះ ២៥ម៉ឺនរៀល ក្នុងមួយខែ តែគណបក្សប្រជាជនកម្ពុជា មិនសន្យាទេ គឺធ្វើតែម្តង ។
សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅ ឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ តិចទៀតគេដើរឃោសនាបោះឆ្នោតទៅដល់កន្លែងនេះថា បោះឆ្នោតឲ្យគេទៅ គឺនឹងធ្វើអញ្ចេះអញ្ចេះ ឥឡូវចាប់ផ្តើមដេញថ្លៃគ្នាហើយ។ គណបក្សមួយចំនួនគេថាឲ្យមនុស្សចាស់ប៉ុណ្ណេះ និងបក្សខ្លះ គេសន្យាឲ្យប៉ុណ្ណោះ ។
សម្តេចបានបញ្ជាក់ថា ៖ «ឥឡូវនេះ ដូចជាមានគណបក្សនយោបាយមួយបានចេញកម្មវិធីនយោបាយថា មនុស្សចាស់នឹងទទួលបាន២០ម៉ឺនរៀល ក្នុងមួយខែ និងគណបក្សចំនួន ២ទៀត គេចេញគោលនយោបាយថា ឲ្យ២៥ម៉ឺនរៀល ពេលគេជាប់ឆ្នោត ។ ចំពោះប្រាក់ខែ អប្បរមាកម្មរវិញ មានគណបក្សមួយគេថា ឲ្យ២លានរៀល និងគណបក្សនយោបាយ ២លាន៥០ម៉ឺនរៀល ពេលគេជាប់ឆ្នោត ។
សម្តេចបញ្ជាក់ថា ៖ «នៅកន្លែងនេះ នឹងមានគណបក្សនយោបាយខ្លះ ដេញថ្លៃហើយ ព្រោះថា ពេលនេះដល់ដំណាក់កាលដេញថ្លៃហើយ។ ទៅចេញសន្យាទៅ ប៉ុន្តែគណបក្សរាជរដ្ឋាភិបាលមិនសន្យាទេ គឺមានតែធ្វើជាក់ស្តែងតែម្តង។ កន្លែងនេះ ពេលមុនវាល វែងនេះ វៃគ្នាចង់ស្លាប់ចង់រស់ហើយ តែឥឡូវនេះ ទៅជាមានផ្លូវចាក់កៅស៊ូ ដល់ទល់ដែន» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ចំពោះតម្លៃអគ្គិសនី នៅក្នុងប្រទេសកម្ពុជា មិនឡើងថ្ងៃនោះទេ ខណៈនៅបណ្តាប្រទេសនានា គេនាំគ្នាឡើងថ្លៃ។ ប្រទេសជិតខាងរបស់យើង ពីមុនថោកជាងយើង ប៉ុន្តែឥឡូវនេះគេចាប់ផ្តើមឡើងថ្លៃជាងយើង តែកម្ពុជានៅតែរក្សាប៉ុណ្ណឹង ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋក្នុងការធ្វើកសិកម្ម ។ ដូច្នេះ ផលប្រយោជន៍ ដែលប្រជាជនទទួលបាន គឺបណ្ណក្រីក្រផងដែរ ។ ដោយក្នុងមួយខែ រាជរដ្ឋាភិបាល បានចំណាយថវិការក្នុងរង្វង់ពី៤០លានដុល្លារ ទៅ៥០លានដុល្លារ។ កម្មវិធីអនុវត្តជាក់ស្តែង សម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះដែរ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ប្រកាសចង់ឲ្យតំបន់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញនៅពេលខាងមុខ តាមរយៈការរៀបចំផ្លូវ ដោយក្រុមហ៊ុន អាចរៀបចំជារីហ្ស៊តជាដើម ។ នៅវាលវែងត្រូវសំបូរដោយរីហ្ស៊ត ដែលពីដើមឡើយ គឺជាកន្លែងសង្គ្រាម ។
សម្តេចបានបញ្ជាក់ថា ៖ «ឥឡូវយើងធ្វើប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដែលនេះហើយជាផ្លែផ្កា នៃសន្តិភាពដែលមនុស្សមួយចំនួន អត់ដែលហ៊ាននិយាយនោះទេ។ ប៉ុន្តែប្រជាជនទទួល បានពីសន្តិភាពប៉ុណ្ណា ? សូម្បីអ្នកដែលមិនហ៊ាននិយាយពីសន្តិភាព បានមកពីគណបក្សប្រជាជន ក៏អ្នកហ្នឹងទទួលបានផលប្រយោជន៍ពីសន្តិភាពដែរ» ៕


ចែករំលែកព័តមាននេះ