រាជធានីភ្នំពេញ ៖ ចាងហ្វាងផលិតកម្មក្រុងពិជ័យ លោក ចាន់ណា ចំណាន ហៅរ៉ូណាន បានប្រកាសបិទផលិតកម្មរបស់ខ្លួនសាធារណៈ បន្ទាប់ពីការផលិតខ្សែភាពយន្តខ្នាតធំរបស់លោកជាលើកដំបូងខាតឡុងចុង រហូតជិត១០ម៉ឺនដុល្លារអាមេរិក។
![Picture]()
ផលិតករលោក រ៉ូណាន បានបញ្ចេញខ្សែភាពយន្តរឿង «សំណើច652km» ដោយដាក់បញ្ចាំងតាមរោងភាពយន្តនានា បន្ទាប់ពីរឿងនេះបានខកខានមិនបានដាក់បញ្ចាំងតាមការគ្រងទុកកាលពីអំឡុងឆ្នាំ២០១៩ ក្រោយពីកម្ពុជា កំពុងតែឆ្លងរាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណា ក្រោយពីបានដាក់ដំណើរការចាក់បញ្ចាំងខ្សែភាពយន្តខាងលើ នៅឆ្នាំ២០២៣នេះ ភាពយន្តខ្នាតធំទី១ របស់ផលិតកររូបនេះ មិនបានទទួលប្រាក់ចំណូលតាមគ្រងទុកនោះឡើយ ពោលគឺភាពយន្តរបស់លោកមានការខាតបង់ច្រើនលើសពីការស្មាន បើទោះបីជាខ្សែភាពយន្តរបស់លោកទទួលបានការសរសើរពីអ្នកទស្សនាក៏ដោយ។
ផលិតករលោក ចាន់ណា ចំណាន ហៅរ៉ូណាន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអមជាមួយផ្ទាំងរូបភាពនៃខ្សែភាពយន្តរឿង «សំណើច652km» ថា បិទផលិតកម្ម នេះជារឿងទីមួយ ហើយជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ដោយបងប្រុសចាងហ្វាង គាត់សម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀតទេ។
![Picture]()
លោកបញ្ជាក់ថា ខ្សែភាពយន្តមួយនេះ ផលិតអស់១២ម៉ឺនដុល្លារ កាលពីចុងឆ្នាំ២០១៩ ហើយក៏មានបញ្ហាផ្ទុះកូវីដ រហូតមកដល់ឆ្នាំ២០២៣ ទើបបានចាក់បញ្ចាំង។ លោកបន្តថា ការចាក់បញ្ចាំងរឿងក្នុងសម័យក្រោយកូវីដ ចំណូលដែលរកបានមកវិញជាង៨ម៉ឺនដុល្លារ បន្ទាប់ពីកាត់ជូនរដ្ឋ និងចែកពាក់កណ្តាលជាមួយរោងកុន ខាងផលិតកម្មទទួលបានប្រាក់ជាង៤ម៉ឺនដុល្លារ ខាត៨ម៉ឺនដុល្លារ។ យ៉ាងណា បើតាមលោក ចាន់ណា ចំណាន ថា សម្រាប់ខ្ញុំអាចទទួលដឹកនាំរឿង Freelance ឬគួរតែឈប់ផលិត តែក៏សូមអគុណបងប្អូន ដែលគាំទ្រស្នាដៃផលិតភាពយន្តខ្នាតធំរបស់ខ្ញុំកន្លងមក ។
ជាការកត់សម្គាល់ បន្ទាប់ពីបានឃើញសារដែលបានបង្ហោះពីផលិតករលោក ចាន់ណា ចំណាន គេឃើញមហាជន ជាពិសេសបណ្តាទស្សនិកជនដែលគាំទ្រស្នាដៃផលិត និងដឹកនាំរឿងលោកជាច្រើនបានសម្តែងការសោកស្តាយ និងបានស្នើឲ្យលោកកុំមានការបាក់ទឹកចិត្ត ហើយបន្តព្យាយាមតស៊ូ និងចូលរួមផលិតស្នាដៃថ្មីៗបន្ថែមទៀត នៅក្នុងអំឡុងពេលណាមួយ។
![Picture]()
ហើយការប្រកាសពីដំណឹងដ៏គួរឲ្យសោកស្តាយខាងលើនេះ ពីផលិតករលោក ចាន់ណា ចំណាន នាពេលនេះ អាចជាការពិត១០០ភាគរយឬយ៉ាងណា? ក្នុងពេលដែលផលិតករផលិតកម្មក្រុងពិជ័យរូបនេះ ធ្លាប់បានប្រកាសក្នុងការចេញថតភាពយន្តបែបភ័យរន្ធត់ រឿង «កុំងាកក្រោយ» វគ្គ២ ក្នុងពេលដ៏ខ្លីខាងមុខ និងបានបញ្ជាក់ពីសញ្ញានៃការវិលរកការសម្តែង និងបញ្ចេញសាច់រឿងថ្មី ក្រោយពីខកខានប៉ុន្មានឆ្នាំចុងក្រោយ។
យ៉ាងណាជុំវិញបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបញ្ជាក់ឲ្យបានច្បាស់លាស់ពីលោក ចាន់ណា ចំណាន នៅឡើយទេ បើគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ខណៈពេលដែលការសាកសួរមិនទាន់មានការឆ្លើយតប៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ