ខេត្តលុបបុរី, ប្រទេសថៃ៖ កីឡាករប្រដាល់ល្បីឈ្មោះប្រចាំប្រទេសថៃ លោកសម្បត្តិ បញ្ជាមេឃ (Sombat Banchamek) ដែលគេច្រើនស្គាល់ថាប៊ូខាវ កំពុងបង្ហាត់បង្រៀនពីស្នៀតពិសេសៗនៅក្នុងយុទ្ធគុននៃក្បាច់គុនរបស់ថៃ ឬ «មួយថៃ» ទៅកាន់ទាហានអាមេរិកដែលកំពុងចូលរួម «លំហាត់សមយុទ្ធពស់មាស» នៅខេត្តលុបបុរី។

គុនប្រដាល់ «មួយថៃ» ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងវិញ្ញាសានៃលំហាត់សមយុទ្ធប្រចាំឆ្នាំលើកទី៤២នេះផងដែរ។ នេះជាលំហាត់យោធាដែលធំគួរសម មានអ្នកតំណាង អ្នកសង្កេតការណ៍ និងទាហានមកពីប្រទេសចំនួន៣០ចូលរួម។

ប៊ូខាវប្រាប់ថា «គាត់ជាឯកអគ្គរាជទូតសុឆន្ទៈដែលតំណាងឱ្យកីឡាប្រដាល់មួយថៃ»។ ប៊ូខាវថា «មួយថៃជាក្បាច់គុនតំណាងឱ្យជាតិថៃ។ គាត់សង្ឃឹមថាស្នៀតប្រដាល់នេះអាចមានប្រយោជន៍ច្រើន។ ទាហានអាមេរិកដែលមកចូលរួមលំហាត់សមយុទ្ធពស់មាសនេះ ពួកគេក៏ចង់សិក្សាស្វែងយល់ និងរៀនសូត្របន្ថែមពីទម្រង់ប្រដាល់មួយថៃរបស់យើងផងដែរ»។

នៅពេលបិទបញ្ចប់សមយុទ្ធនាគមាស ប៊ូខាវនឹងធ្វើតេស្តសមត្ថភាពប្រដាល់របស់ទាហានអាមេរិក និងទាហានថៃដែលចូលរួមហ្វឹកហាត់ជាមួយគាត់។ ទាហនអាមេរិកម្នាក់ឈ្មោះអាដាម ខាស់សល (Adam Castle) ប្រាប់ថានេះជាជំនាញដែលត្រូវនឹងអាជីពរបស់គាត់ជាទាហាន។

អាដាមបន្តថា «ជារឿងអស្ចារ្យមែនទែន ដែលយើងអាចរៀនជំនាញថ្មីៗទុកនៅក្នុងខ្លួនដើម្បីប្រើប្រាស់នៅពេលក្រោយទៀត»។ សូមជម្រាបថាលំហាត់សមយុទ្ធពស់មាសដែលចូលរួមដោយទាហានជាង៧ពាន់នាក់នេះនឹងបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា៕
ចែករំលែកព័តមាននេះ