កត្តា​សំខាន់​3​យ៉ាង ដែល​ធ្វើ​ឱ្យ​ការ​លក់​រថយន្ត​ថ្មី​នៅ​កម្ពុជា​កើនឡើង


រាជធានី​ភ្នំពេញ ៖ កត្តា​សំខាន់​ៗ​ចំនួន​៣ បាន​ជំរុញ​ឲ្យ​ទីផ្សារ​រថយន្ត​ថ្មី​សម្រេច​បាន​កំណើន​ខ្ពស់​នៃ​ការ​លក់​នៅ​ឆ្នាំ​នេះ ជា​ពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។

លោក សេង វឹង អគ្គនាយក​ផ្នែក​រថយន្ត​Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ សីហា ថា ការ​លក់​រថយន្ត​ថ្មី​ឆ្នាំ​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា រថយន្ត​របស់​យើង​មាន​ភាព​ទំនើប កំណើនសេដ្ឋកិច្ច និង​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ការ​ផ្តល់​ឥណទាន​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល ។

លោក សេង វឹង បាន​បន្ត​ថា ទីផ្សារ និង​ការ​នាំ​ចូល​រថយន្ត​ថ្មី​ឆ្នាំ​នេះ​មាន​កំណើន​ច្រើន ខណៈ​ការ​នាំ​ចូល​រថយន្ត​ជជុះ​បាន​ថយ​ចុះ ដោយសារ​កាលពី​ឆ្នាំ​មុន មានការ​នាំ​ចូល​រថយន្ត​ជជុះ​ច្រើន​រួច​ទៅ​ហើយ ព្រោះតែ​ការ​ដំឡើង​ពន្ធ​ពី​រាជរដ្ឋាភិបាល ។

លោក​បន្ត​ថា ៖« ចំណែក​ការ​លក់​រថយន្ត​របស់​យើង​ឆ្នាំ​នេះ សម្រេច​បាន​កំណើន​ប្រមាណ​៣០% ហើយ​ខ្ញុំ​រំពឹង​ថា ការ​លក់​រថយន្ត​ឆ្នាំ​នេះ​សម្រេច​បាន​ជាង​១.០០០​គ្រឿង » ។ លោក​បន្ត​ថា ៖« ទីផ្សារ​រថយន្ត​ថ្មី​កើនឡើង​មួយ​ផ្នែក ក៏​ដោយសារ​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរ​ជាង​មុន​ផង​ដែរ​» ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ថ្លែង​ថា ការ​នាំ​ចូល​រថយន្ត​ថ្មី​ៗ​កាន់តែ​ច្រើន និង​ការ​វិនិយោគ​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា គឺជា​ការ​លើកកម្ពស់​មុខមាត់​ប្រទេស​ជាតិ ។ ការ​នាំ​ចូល​រថយន្ត​ថ្មី​កាន់តែ​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ទីផ្សារ​នេះ​កាន់តែ​រីក​ចម្រើន និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ដោយសារ​កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ដាក់​តាំង​បង្ហាញ​រថយន្ត​ប្រណីត​ម៉ាក Range ROVER ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក អុ​ិ​ន ចាន់​នី បាន​ថ្លែង​ថា កម្ចី​ប្រើប្រាស់​សម្រាប់​ទិញ​រថយន្ត ឬ​របស់របរ​ប្រើប្រាស់​ដទៃ​ទៀត មិន​មាន​កំណើន​គួរ​ឲ្យ​បារម្ភ​ទេ​នៅ​កម្ពុជា ប៉ុន្តែ​លោក​ព្រមាន​ថា ឥណទាន​សម្រាប់​ប្រើប្រាស់​បែប​នេះ មិន​ជួយ​លើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច​ទេ ព្រោះ​បើ​យក​លុយ​ទៅ​ទិញ​របស់របរ​ប្រើ​ប្រាស់ វា​មិន​បង្កើន​ចំណូល​ទេ ។ លោក​បន្ត​ថា ៖« ឥណទាន​ដែល​បង្កើន​ចំណូល ទើប​ជា​ឥណទាន​មាន​ផលប្រយោជន៍​ច្រើន ហើយ​វា​បង្កើន​ផលិតភាព​សេដ្ឋកិច្ច » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ