គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ទទួលជោគជ័យឬទេ ?
រាជធានីភ្នំពេញ ៖ ដើម្បីជាមគ្គុទេ្ទសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាសម្រាប់រួមចំណែកដល់ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង
រាជធានីភ្នំពេញ ៖ ដើម្បីជាមគ្គុទេ្ទសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាសម្រាប់រួមចំណែកដល់ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង
រាជធានីភ្នំពេញ ៖ ដើម្បីជាមគ្គុទេ្ទសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាសម្រាប់រួមចំណែកដល់ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ។ តើការអនុវត្តគោលនយោបាយនេះ នៅថ្ងៃខាងមុខអាចទទួលបានជោគជ័យឬទេ ហើយគោលនយោបាយនេះកំណត់ និងមើលឃើញហានិភ័យចម្បងៗអ្វីខ្លះ ?
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់នាពេលថ្មីៗនេះថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នឹងទទួលបានជោគជ័យ ព្រោះកម្ពុជាមានមូលដ្ឋានរឹងមាំហើយ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត សម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជា-អន្តរជាតិឆ្នាំ២០១៧ថា ៖« ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ យើងត្រូវទទួលជោគជ័យ ព្រោះយើងមានមូលដ្ឋានរឹងមាំ ។ យើងឃើញកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលបានទៅជួប និងលើកទឹកចិត្តឱ្យកម្មករប្រឹងប្រែងនឹងនរក្នុងការផលិត ។ អីចឹង ទាំងម្ចាស់រោងចក្រ និងកម្មករនឹងនរក្នុងការផលិតនូវផលិតផល ហើយទីផ្សារយើងមានស្រាប់ មានតែឆ្ពោះទៅមុខ » ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖« ពីមុន វិស័យកសិកម្មធំជាងវិស័យឧស្សាហកម្ម តែមកដល់ឥឡូវ វិស័យឧស្សាហកម្មធំជាងវិញ មានន័យថា ប្រទេសយើងឈានចូលជាប្រទេសឧស្សាហកម្ម។ អីចឹង អ្វីដែលសំខាន់ចំពោះយើងឥឡូវមិនត្រឹមតែមានឧស្សាហកម្មទេ គឺរាល់ការផលិតនូវផលិតផលត្រូវមានស្តង់ដាអន្តរជាតិ ដើម្បីឱ្យយើងអាចចេញទៅប្រកួតប្រជែងដណ្តើមទីផ្សារខាងក្រៅ » ។
យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញនូវគោលនយោបាយនេះ ដើម្បីជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ម្យ៉ាងទៀត គោលនយោបាយនេះនឹងក្លាយជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី ដែលផ្តោតសំខាន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ស្របតាមនិន្នាការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក ការវិវត្តឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាការប្រើប្រាស់សក្តានុពលធនធានសរុបជាតិឱ្យអស់ពីលទ្ធភាព ។
របាយការណ៍បញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនឹងត្រូវអនុវត្តក្នុងវិសាលភាពដូចជា ៖
១-ជំរុញការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ព្រមទាំងលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូចនិងមធ្យម ទាំងក្នុងស្រុកនិងបរទេស សំដៅជំរុញផ្នែកផលិតកម្មលើមុខទំនិញបម្រើការនាំចេញ និងជំនួសការនាំចូល ។
២-សមាហរណកម្មទៅនឹងបណ្តាញផលិតកម្ម តំបន់ និងពិភពលោក ដើម្បីទាញផលពីវិមាត្រសេដ្ឋកិច្ច តាមរយៈការទាក់ទាញការវិនិយោគបរទេសធំៗក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ការអភិវឌ្ឍរបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ និងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងតំបន់ជាប់ព្រំដែនប្រទេសជិតខាងជាពិសេស ការតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្ម ទីក្រុងបាងកក និងហូជីមិញ ។
៣-តម្រង់ទិសការអភិវឌ្ឍតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវការប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធភាពសេវាដឹកជញ្ជូនឡូជីស្ទីក ការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ។
៤-លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងសួនឧស្សាហកម្ម រួមទាំងកន្សោមឧស្សាហកម្ម ពិសេស ការតភ្ជាប់ខ្សែចង្វាក់ផលិតកម្មឆ្លងកាត់ក្នុងតំបន់កន្សោមឧស្សាហកម្មបច្ចេកទេស កន្សោមកសិឧស្សាហកម្ម កន្សោមកម្មន្តសាល ឬសិប្បកម្មបម្រើទីផ្សារក្នុងស្រុក និងក្រៅស្រុក ជាឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មវត្ថុអនុស្សាវរីយ៍សម្រាប់ទេសចរណ៍ ។
៥-យកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ជួយដោះស្រាយបញ្ហាសង្គមដូចជា លើកកម្ពស់អាហារូបត្ថម្ភកុមារ ការអភិវឌ្ឍចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការអភិវឌ្ឍមរតកវប្បធម៌ ការជួយក្មេងកំព្រា ជនពិការ ចាស់ជរា និងសម្ភារកីឡា ។
៦-យកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្មដែលប្រើប្រាស់ចំណេះដឹង ឬបច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានពង្រឹងកម្មសិទ្ធិជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុកជារួម ។
នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា រាជរដ្ឋាភិបាលប្រមើលឃើញនូវហានិភ័យចម្បងៗមួយចំនួន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយគឺ ៖ ១-ហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលបរិការណ៍តំបន់ និងពិភពលោក ។ ២-ហានិភ័យពាក់ព័ន្ធនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ។ ៣-ហានិភ័យពាក់ព័ន្ធនឹងអស្ថិរភាពនយោបាយ និង៤-ហានិភ័យពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ច ស្ថាប័ន និងការសម្របសម្រួល ៕
ចែករំលែកព័តមាននេះ