ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប៉ុប ពី​» បាត់​ពី​ការ​សម្តែង​ទាំងស្រុង បើ​ទោះ​អាជីព​សិល្បៈ​នៅ​មិន​ទាន់​បោះបង់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​បី ប៉ុប ពី បាន​ទទួលស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ស្ទើរតែ​បាត់​ពី​ការ​សម្តែង និង​ចូលរួម​កម្មវិធី​កម្សាន្ត​បែប​សិល្បៈ​នានា​ទាំងស្រុង បើ​ទោះបីជា​បច្ចុប្បន្ន រូប​នាង​នៅ​មិន​ទាន់​បោះបង់​ចោល​អាជីព​មួយ​នេះ​ក៏​ដោយ ។

ប៉ុប ពី បាន​ចាត់​ទុក​ការ​បាត់បង់​ការ​សម្តែង​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​កត្តា​មួយ​ចំនួន ជា​ពិសេស អស់​រយៈពេល​ជា​ច្រើន​មកនេះ នាង​បាន​ដាច់​ខ្សែរយៈ​ស្ទើ​ទាំង​អស់ពី​អ្នកសិល្បៈ និង​ផលិតករ​នានា ។
តារា​សម្តែង​ភេទ​ទី​បី នាង ប៉ុប ពី បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ពិតជា​ស្ងាត់​ពី​អាជីព​សម្តែង​ប្រាកដ​មែន ហើយ​ទំនាក់ទំនង​អ្នក​ក្នុង​វិស័យ​សិល្បៈ​នេះ​ក៏​ដាច់​ខ្សែរយៈ​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ណា​មក​ណា គឺ​នាង​នៅ​តែ​មាន​គេ​ស្គាល់​ដដែល ។ នាង​ថា យើង​មិន​បាន​ផ្តាច់​ការងារ​សិល្បៈ​ទេ ប៉ុន្តែ​គេ​ដូច​ជា​មិនសូវ​នឹកនា​ដល់​យើង បើ​ទោះបីជា​បច្ចុប្បន្ន​យើង​នៅ​តែ​បន្ត​អាជីព​សិល្បៈ​នេះ​ក៏​ដោយ ។

នាង​បន្ថែម​ថា ការ​បាត់បង់​អាជីព​សម្តែង​នេះ មិនមែន​តែ​រូប​នាង​នោះ​ឡើយ ពោល​អ្នកសិល្បៈ​ចាស់​ៗ​មួយទៀត​ក៏​បាត់បង់​ដូច​គ្នា ដោយសារ​បរិបទ​សង្គម​ដែល​មាន​បច្ចេកវិទ្យា​ទំនើប ហេតុនេះ​ការ​ផលិត​កុន និង​ចម្រៀង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​នោះ គឺ​មិនសូវ​មាន​ច្រើន​ដូច​មុន​ឡើយ ។

នាង​បញ្ជាក់​ថា កាលពី​ជំនាន់​មុន នាង​មានការ​ងារ​សិល្បៈ​ច្រើន​ទាំង​ការ​សម្តែង និង​ពិធីករ​តាម​ទូរទស្សន៍ ប៉ុន្តែ បច្ចុប្បន្ន​នេះ អាជីព​សិល្បៈ​របស់​នាង គឺ​ធ្លាក់​ដល់​កម្រិត​សូន្យ​តែ​ម្តង ដោយ​មិន​មាន​ផលិតករ​ណា​ហៅ​រូប​នាង​ឲ្យ​សម្តែង​ទៀត​ឡើយ ។

យ៉ាងណា បើ​តាម ប៉ុប ពី នាង​មិន​ទាន់​បោះបង់​ចោល​អាជីព​សិល្បៈ​នា​ពេល​នេះ​ឡើយ ដោយ​នាង​រង់​ចាំតែ​គេ​ហៅ​ថត នោះ​នាង​នឹង​ទទួល​ភ្លាម ប្រ​សិន​ផលិតករ​គិត​ថា នាង​អាច​សម្តែង​ជា​តួ​អ្វី​បាន​នោះ​នាង​មិន​ប្រកែក​ឡើយ ។ ប៉ុប ពី លើក​ឡើង​បន្ថែម​ថា បច្ចុប្បន្ន នាង​ទទួលស្គាល់​ថា មាន​តារា​សម្តែង​ថ្មី​ៗ ក្មេង​ៗ​ច្រើន ហើយ​នៅ​ក្នុង​នោះ សូ​ម្បី​តែ​អ្នកលេង​បណ្តាញ​សង្គម Tik Tok ក៏​អាច​ក្លាយជា​តារា​ដែរ ហើយ​សម័យ​ជឿនលឿន​គេ​ច្រើន​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ក្នុង​ថត​រឿង​បែប​ខ្លី​ៗវិញ ។

នាង​បញ្ជាក់​ថា ក​ក្តា​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​តួ​ចាស់​ៗ រួម​ទាំង​រូប​នាង​ផង​ដែរ ស្ទើរតែ​បាត់​ការ​សម្តែង​ទាំងស្រុង ខណៈ​ពេល​ដែល​ស្ថានភាព​បែប​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ចាស់​ៗ​មួយ​ចំនួន​ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះ​ពួក​គាត់​ទាំងនោះ រស់​ដោយសារ​តែ​សិល្បៈ​តែ​មួយ​មុខ ។

ចំណែក​រូប​នាង​វិញ បើ​ទោះបីជា​មិន​មាន​ចំណូល​ពី​វិស័យ​សិល្បៈ​ដូច​មុន​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​មានមុខរ​បរជា​ជាង​ផាត់មុខ​ម្នាក់​តាម​សម្អាងការ​នានា ក្នុង​ពេល​ដែល​មុខរបរ​នេះ​ក៏​អាច​ឲ្យ​នាង​មាន​ប្រាក់​ចំណូល​ខ្លះ​ៗ​ដែរ ។ ដោយឡែក ពាក់ព័ន្ធ​ជីវិត​គ្រួសារ​វិញ តារា​សម្តែង ប៉ុប ពី បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន នាង​មិន​ទាន់​គ្រួសារ​នៅឡើយ​ទេ ហើយ​បញ្ហា​នេះ នាង​ក៏​មិន​ចង់​ទទួលយក​អ្នក​ណា​ម្នាក់​នោះ​ឡើយ ដោយសារ​តែ​នាង​មានការ​ភ័យ​ខ្លាច​ដល់​ជីវិត និង​ការងារ​របស់​នាង ៕